ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថ្លែង​ថា​អាមេរិក​ព្យាយាម​ប៉ែ.ង.​ជើ.ង​ខ្លួ.ន​ឱ្យ​ចាក​ឆ្ងាយ​ពី​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក

1 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ចោទ​ប្រកាន់​ថា​អាមេរិក​មាន​បំណង​​ប៉ែង​ជើង​​រុស្ស៊ី​ឱ្យ​ថយ​ឆ្ងាយ​ពី​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ និង​​​បន្ទច់​បង្អាក់​ប្រទេស​ចិន​មិន​ឱ្យ​​កម្រើក​ខ្លួន​រួច​​​។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​​​​ដែល​រៀ​ប​ចំ​ធ្វើ​ឡើង​នៅ​ទី​ក្រុ​ងដាកា ប្រទេស​បង់ក្លាដែស។ ​លោក​សឺហ្កេ ឡាវរ៉ោហ្វ​ (Sergei Slavrov) ​ជា​ប្រមុខ​ការ​ទូត​រុស្ស៊ី​​​ទី១​​ដែល​​បំពេញ​ទស្ស​នកិច្ច​នៅ​បង់​ក្លាដែស​​​ចាប់​តាំង​ពី​បង់ក្លាដែស​ទទួល​បាន​ឯក​រាជ្យ​កាល​ពី​ឆ្នាំ​១៩៧១​។ លោក​ទៅ​ដល់​ទី​ក្រុង​ដាកា​…

រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ចោទ​ប្រកាន់​ថា​អាមេរិក​មាន​បំណង​​ប៉ែង​ជើង​​រុស្ស៊ី​ឱ្យ​ថយ​ឆ្ងាយ​ពី​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ និង​​​បន្ទច់​បង្អាក់​ប្រទេស​ចិន​មិន​ឱ្យ​​កម្រើក​ខ្លួន​រួច​​​។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​​​​ដែល​រៀ​ប​ចំ​ធ្វើ​ឡើង​នៅ​ទី​ក្រុ​ងដាកា ប្រទេស​បង់ក្លាដែស។ ​លោក​សឺហ្កេ ឡាវរ៉ោហ្វ​ (Sergei Slavrov) ​ជា​ប្រមុខ​ការ​ទូត​រុស្ស៊ី​​​ទី១​​ដែល​​បំពេញ​ទស្ស​នកិច្ច​នៅ​បង់​ក្លាដែស​​​ចាប់​តាំង​ពី​បង់ក្លាដែស​ទទួល​បាន​ឯក​រាជ្យ​កាល​ពី​ឆ្នាំ​១៩៧១​។ លោក​ទៅ​ដល់​ទី​ក្រុង​ដាកា​ (Dhaka) រាង​ល្ងាច​បន្តិចទៅ​ហើយ​ ព្រោះ​អាល័យ​តែ​ចូល​រួម​​កិច្ច​​ប្រជុំ​​​កំពូល​អាស៊ី​បូព៌ា​នៅ​ទី​ក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី​​។

លោក​ឡាវរ៉ោហ្វ​ថ្លែង​ថាពួក​គេ​មិន​អាច​បញ្ឈប់​សកម្ម​ភាព​​​ត្រឹម​នេះ​ទេ​។ ផ្ទុយ​ទៅ​វិញ លោក​យល់​ថា​សកម្ម​ភាព​របស់​ពួក​គេ​កាន់​តែ​ខ្លាំង​ឡើង​ជា​លំដាប់​។ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​​ទប់​ទល់​នឹង​បញ្ហា​នេះ​។ យើង​នឹង​សហ​ការ​គ្នា​ជា​មួយ​ប្រទេស​ជា​ដៃ​​គូ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ដើម្បី​ទប់​ស្កាត់​នយោបាយ​ដើរ​ត្រួត​ត្រា​បង្គាប់​បញ្ជា​ប្រទេស​ដទៃ​។ នេះ​ជា​នយោ​បាយ​ដែល​ខ្វាយ​ខ្វល់​តែ​អំពី​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ឯង​ ហើយ​គិត​តែ​ដើរ​ប្រាប់​ប្រទេស​ដទៃ​ឱ្យ​ធ្វើ​បែប​នេះ ឬ​បែប​នោះ​ទៅ​តាម​ចិត្ត​របស់​ខ្លួន​។​

ឥឡូវ​នេះ ទាំង​ប្រទេស​រុស្ស៊ី និង​ក្រុម​បស្ចិម​ប្រទេស​កំពុង​​ជួយ​ប្រទេស​បង់ក្លា​ដែស​ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ បង់​ក្លា​ដែស​​ប្រកាន់​គោល​ជំហរ​កណ្ដាល​នៅ​ក្នុង​បញ្ហា​អ៊ុយក្រែន​ មិន​និយាយ​អ្វី​ប៉ះ​ពាល់​រុស្ស៊ី​ ហើយ​ក៏​មិន​កាន់​ជើង​ក្រុម​បស្ចិម​ប្រទេស​។ ប៉ុន្តែ​ប្រទេស​នេះ​ទទួល​រង​ឥទ្ធិ​ពល​អាក្រក់​ពី​សង្គ្រាម​អ៊ុយក្រែន​​ដែល​ធ្វើ​ឱ្យ​​ស្បៀង​អាហារ និង​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​។

លោក​ឡាវរ៉ោហ្វ​សន្យា​ថា​ទោះ​បី​រុស្ស៊ី​​ជួប​​បញ្ហា​​លំបាក​​ដោយ​សារ​ការ​ដាក់​ទណ្ឌកម្ម​​​ពី​ក្រុម​បស្ចិម​ប្រទេស​ ប៉ុន្តែ​រុស្ស៊ីនឹង​​​ជួយ​ឱ្យ​បង់​ក្លា​ដែស​​ស្ថាបនា​រោង​ចក្រ​​​​អគ្គិសនី​ដែល​​ប្រើ​ថាម​ពល​នុយក្លេអ៊ែរ​​ ឬ​ហៅ​​ដោយ​ខ្លី​ថា​រោង​ចក្រ​នុយក្លេអ៊ែរ​។ គម្រោង​របស់​បង់​ក្លា​​ដែស​ត្រូវ​សាង​សង់​រោង​ចក្រ​នេះ​ឱ្យ​២​។ ឥឡូវ​នេះ​សាង​សង់​ជិត​បាន​១​ហើយ​​ ​ក្រោម​កិច្ច​សហ​ការ​ជា​មួយ​​ក្រុម​ហ៊ុន​រុស្ស៊ី​​។ គម្រោង​នេះ​ចាយ​ថវិកា​ជាង​១២​ពាន់​លាន​ដុល្លារ​។​ ​៩០%​​ជា​​ប្រាក់​កម្ចី​របស់​រុស្ស៊ី​ដែល​ត្រូវ​​​សង​រំលស់​រយៈ​ពេល​២៨​ឆ្នាំ​​​។​

តាម​ពិត​ រោង​ចក្រ​នេះ​គួរ​ណាស់​សាង​សង់​​រួច​រាល់​តាំង​ពី​យូរ​មក​ហើយ​​​។ ប៉ុន្តែ​ដោយ​សារ​បញ្ហា​កូវីដ​១៩​ទើប​ធ្វើ​ឱ្យ​មាន​ភាព​រអាក់​រអួល និង​ពន្យារ​ពេល​។​ ម៉្យាង​ទៀត​ បញ្ហា​ទណ្ឌកម្ម​ដែល​ដាក់​ទៅ​លើ​រុស្ស៊ី​ក៏​មាន​ចំណែក​នៅ​ក្នុង​ការ​​យឺត​យ៉ាវ​នេះ​ផង​ដែរ​។​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២២, ដោយ​សារ​រុស្ស៊ី​ទទួល​រង​ទណ្ឌ​កម្ម​ពី​អាមេរិក​ ​បង់ក្លា​ដែស​មិន​ហ៊ាន​អនុញ្ញាត​ឱ្យ​កប៉ាល់​របស់​រុស្ស៊ី​១​គ្រឿង​​ចូល​ចត​នៅ​កំពង់​ផែ​បង់ក្លាដែស​​ទេ​។ កប៉ាល់​នោះ​​ដឹក​ជញ្ជូន​គ្រឿង​បរិក្ខារ​សម្រាប់​ដំឡើង​រោង​ចក្រ​នុយក្លេអ៊ែរ​។

រោង​ចក្រ​ទី​១​អាច​ផលិត​អគ្គិសនី​២ពាន់​ ៤​រយ​មេហ្កាវ៉ាត់​ និង​ត្រៀម​ដាក់​ឱ្យ​ដំណើរ​ការ​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០២៤​​​ត​ទៅ​។ ប៉ុន្តែ​គម្រោង​នេះ​មាន​បញ្ហា​​​ខ្លះ​ៗ​ដោយ​សារ​លក្ខ​ខណ្ឌ​នៃ​ការ​​បង់​រំលស់​នោះ​និយាយ​​​មិន​ទាន់​ត្រូវ​​រ៉ូវ​គ្នា​នៅ​ឡើយ​ទេ​​។​ មាន​តែ​រោង​ចក្រ​នុយក្លេអ៊ែរ​ទេ​​ដែល​ជា​ក្ដី​សង្ឃឹម​សម្រាប់​បង់​ក្លាដែស​ព្រោះ​ប្រទេស​នេះ​​មិន​អាច​ស៊ូ​ទ្រាំ​ចំណាយ​លុយ​ទិញ​ប្រេង​យក​ទៅ​ចាក់​ម៉ាស៊ីន​ភ្លើង​សម្រាប់​ផលិត​អគ្គិសនី​បាន​ទេ​។​ ម៉្យាង​ទៀត​​ ប្រទេស​នេះ​ជួប​នឹង​វិបត្តិ​អគ្គិសនី​​​ធ្ងន់​ធ្ងរ​កាល​ពី​ឆ្នាំ​២០១៣​ដោយ​សារ​បញ្ហា​អាកាស​ធាតុ​, បញ្ហា​​ថវិកា​សម្រាប់​ទិញ​ប្រេង​ពី​ក្រៅ​ប្រទេស,​ ​​​​ប្រាក់​បម្រុង​ថយ​ចុះ និង​តម្លៃ​សាច់​ប្រាក់​ចុះ​ថោក​។​

ក្រៅ​ពី​ប្រទេស​រុស្ស៊ី, ​ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង​ ក៏​ត្រៀម​បំពេញ​ទស្សន​កិច្ច​នៅ​​​បង់​ក្លាដែស​ផង​ដែរ​បន្ទាប់ពី​លោក​ចាក​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​ជី​ម្ភៃ (G20) នៅ​ទី​ក្រុង​ញូដេលី ប្រទេស​ឥណ្ឌា​​ ដែល​រៀប​ចំ​​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៩ដល់​ថ្ងៃ​ទី​១០ ខែ​កញ្ញា​។ ទស្ស​ន​កិច្ច​របស់​លោក​ម៉ាក្រុង​មាន​គោល​ដៅ​ពង្រីក​ទំនាក់​ទំនង​​ជា​មួយ​ប្រទេស​​ដែល​រីក​ចម្រើន​​សេដ្ឋ​កិច្ច​​ឆាប់​រហ័ស​៕​

ប្រភព៖ Reuters
https://www.reutersconnect.com/detail?id=tag%3Areuters.com%2C2023%3Anewsml_RW015707092023RP1%3A6
https://www.reuters.com/world/bangladesh-tackle-nuclear-power-plant-issue-lavrov-visit-officials-2023-09-07/

រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី (រូប​ឆ្វេង) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​បង់ក្លាដែស (រូប​ស្ដាំ)
រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី (រូប​ឆ្វេង) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​បង់ក្លាដែស (រូប​ស្ដាំ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ