អេស្ប៉ាញបណ្តាញគ្រូបង្វឹកបាល់ទាត់នារី ដែលទើបឈ្នះពាន World Cup នារី ចេញពីតំណែង
អេស្ប៉ាញ ៖ លោក Jorge Vilda គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ ដែលទើបតែឈ្នះ
អេស្ប៉ាញ ៖ លោក Jorge Vilda គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ ដែលទើបតែឈ្នះ
អេស្ប៉ាញ ៖ លោក Jorge Vilda គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ ដែលទើបតែឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២៣ (FIFA Women’s World Cup 2023) កាលពីខែសីហា កន្លងទៅថ្មីៗនេះ ត្រូវបានបណ្តេញចេញពីតំណែងហើយ ស្របពេលតវ៉ាប្រឆាំងពាក់ព័ន្ធនឹងរឿងអាស្រូវរបស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ ផ្ទុះកាន់តែខ្លាំងឡើង។
លោកស្រី Montse Tome នឹងត្រូវឡើងមកជំនួសតំណែងរបស់លោក Jorge Vilda ដោយលោកស្រីក្លាយជាស្ត្រីដំបូងគេ ដែលចូលកាន់តំណែងមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធអេស្ប៉ាញ RFEF មិនបានផ្តល់ហេតុផលជាក់លាក់សម្រាប់ការបណ្តេញលោក Vilda នោះទេ ដោយគ្រាន់តែលើកឡើងថា «គ្រូបង្វឹករូបនេះ គឺជាអ្នកផ្សព្វផ្សាយតម្លៃនៃការគោរព និងកីឡានៅក្នុងកីឡាបាល់ទាត់»។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ RFEF ត្រូវបានគេដឹងថា បានស្វែងរកការបណ្តេញគ្រូបង្វឹកវ័យ៤២ឆ្នាំរូបនេះ ដែលមិត្តដ៏ជិតស្និទ្ធរបស់លោក Rubiales តាំងពីសប្តាហ៍មុនមកម្ល៉េះ។
លោក Vilda ត្រូវបានប្រទះឃើញអបអរសាទរលោក Rubiales នៅឯមហាសន្និបាតវិសាមញ្ញរបស់ RFEF កាលពីដើមខែសីហា នៅពេលដែល Rubiales បានទទូចម្តងហើយម្តងទៀតថា គាត់នឹងមិនលាលែងពីតំណែងនោះទេ ហើយបាននិយាយថា គាត់នឹងផ្តល់ឱ្យ Vilda នូវកុងត្រាថ្មីមួយ បើទោះបីជាគ្រូបង្វឹករូបនេះ បានរងការរិះគន់អំពីអាកប្បកិរិយាមិនល្អរបស់គាត់យ៉ាងណាក៏ដោយ។
លោក Jorge Vilda ដែលធ្លាប់ជាគ្រូបង្វឹកក្រុមនារីអេស្ប៉ាញឈុត U-17 និង U-19 ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមឈុតធំ នៅក្នុងឆ្នាំ ២០១៥ ហើយស្នាដៃដ៏ធំរបស់គាត់គឺការឈ្នះ World Cup 2023 ក្នុងចំណោមការឈ្នះពានរង្វាន់២ផ្សេងទៀតគឺ Algarve Cup និង Cyprus Cup ។
ជ័យជម្នះរបស់ក្រុមនារីអេស្ប៉ាញ ត្រូវបានគ្របដណ្ដប់ដោយរឿងអាស្រូវរបស់លោក Luis Rubiales នៅពេលដែលបរុសវ័យ៤៦ឆ្នាំរូបនេះ បានទៅថើបមាត់កីឡាការិនី Jenni Hermoso អំឡុងពិធីបំពាក់មេដាយដល់ម្ចាស់ជើងឯក ខណៈដែលក្រោយមកខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ បាននិយាយថា ការថើបនោះមិនមែនជាការយល់ព្រមពីនាងនោះទេ។ ភ្លាមៗ ក្រោយរឿងអាស្រូវនេះកើតឡើង បុគ្គលិកគ្រូបង្វឹករបស់លោក Vilda ភាគច្រើនបានលាលែងពីតំណែង ហើយកីឡាករ-កីឡាការិនី៨១នាក់ បានបដិសេធមិនលេងសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ នៅការប្រកួតបន្ទាប់។
ទោះផ្ទុះមានការតវ៉ាប្រឆាំងពីសំណាក់មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលអេស្ប៉ាញ រួមនឹងមហាជនកក្រើកប្រទេសយ៉ាងណាក៏ដោយ ក៏លោក Rubiales បានបដិសេធមិនព្រមលាលែងពីតំណែង ប៉ុន្តែត្រូវបានព្យួរការងារជាបណ្តោះអាសន្នដោយសហព័ន្ធបាល់ទាត់ពិភព FIFA។ លោក Pedro Rocha ត្រូវតែងតាំង ដើម្បីកាន់ការងារបណ្តោះអាសន្ន អំឡុងពេលលោក Rubiales ត្រូវបានព្យួរការងារដោយ FIFA ៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ