ភាសាដែលជារនាំង និងជាឧបសគ្គមួយរបស់ថ្នាក់ដឹកនាំកម្ពុជាសម័យមុន លែងជាក្តីកង្វល់ទៀតហើយ សម្រាប់អ្នកដឹកនាំវ័យក្មេងដែលកំពុងតែបន្តវេនដោយនៅក្នុងចំណោមក្បាលម៉ាស៊ីនដឹកនាំក្រសួង និងស្ថាប័នរដ្ឋ សឹងតែទាំងអស់សុទ្ធតែស្ថិតនៅក្រោមការកាច់ចង្កូតរបស់អ្នកដឹកនាំដែលទទួលការអប់រំជាន់ខ្ពស់ ហើយភាគច្រើនសុទ្ធតែសិក្សាទាំងក្នុង និងក្រៅប្រទេស ។
មកដល់សម័យនេះ មនុស្សសរុបដែលរស់នៅលើពិភពលោកនេះមានប្រមាណជាង៧ពាន់លាននាក់ ហើយប្រើប្រាស់ភាសាជាង៧ពាន់ភាសាដែរ ប៉ុន្តែភាសាដែលត្រូវបានគេទទួលស្គាល់ ជាអន្តរជាតិជាពិសេស គឺប្រើប្រាស់នៅអង្គការសហប្រជាជាតិមាន តែ៦ប៉ុណ្ណោះ ដោយរួម មានអារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ ហើយនៅក្នុងចំណោមភាសាទាំងនេះ ភាសាដែលប្រើប្រាស់ទូលំទូលាយ គឺ មានអង់គ្លេស និងបារាំង ដោយឡែកនៅក្នុងចំណោមថ្នាក់ដឹកនាំទាំង៣០ ក្រសួងស្ថាប័នដូចជា រកថ្នាក់ដឹកនាំរូបណា ដែលមិនចេះភាសាបរទេស ជាពិសេស គឺអង់គ្លេសឡើយ ។
នៅក្នុងចំណោមថ្នាក់ដឹកនាំទាំងនោះ ខ្លះមិនត្រឹមតែមានចំណេះ និងសមត្ថភាពខាភាសាបរទេសតែមួយនោះទេ ខ្លះមានពីរ ខ្លះបី ក៏មានដែរ ។ ក្រៅពីភាសា ខ្លះក៏មានជំនាញ និងសញ្ញាបត្រមិនមែនមួយនោះទេ ដូច្នេះលើការប្រើប្រាស់ភាសាលែងជារបាំង ដូចថ្នាក់ដឹកនាំជំនាន់មុន ។
នៅក្នុងពេលត្រូវធ្វើកិច្ចការ និងបំពេញបេសកកម្មជូនជាតិកន្លងមក ថ្នាក់ដឹកនាំជំនាន់មុន ភាគច្រើនមានបញ្ហាខាងភាសា ដូច្នេះគ្រប់សកម្មភាពគ្រប់កិច្ចប្រជុំ ទាមទារអ្នកបកប្រែ ដែលការប្រើប្រាស់ការបកប្រែនេះ អាចពេលខ្លះមានការភ្លាំ.ងភ្លា.ត់ ហើយក៏អាចខាតពេលវេលា នៅក្នុងការសន្ទនា រីឯការឆ្លើយតបក៏អាចមិនទាន់សភាពការណ៍ដែលអាចរំខានដល់កិច្ចការ និងវឌ្ឈនៈភាពសង្គម ប៉ុន្តែថ្នាក់ដឹកនាំដែលទើបតែចូលកាន់តំណែងខុសគ្នា ។
ដូចដែលដឹងរួចមកហើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានគេដឹងថា ជាអ្នកដែលបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធា នៅទីក្រុង West Point នៅសហរដ្ឋអាមេរិក ហើយក៏ទទួលសញ្ញបត្រអនុបណ្ឌិត សេដ្ឋកិច្ចពីសាកលវិទ្យាល័យ New York ក្រោយមកក៏ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bristol ពីអង់គ្លេសបន្ថែមទៀត ។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាដើមបានសិក្សាអង់គ្លេស ចិន និងម៉ាឡេ ដោយបានសិក្សានៅសាកលវិទ្យាល័យនៅអាមេរិក និងអូស្ត្រាលី ។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវបានគេដឹងថា បានទទួលសញ្ញបត្របណ្ឌិតច្បាប់មកពីបារាំង ។
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺមានសញ្ញាបត្រមកពីរុស្ស៊ី អង់គ្លេស ម៉ាឡេស៊ី ថៃ បារាំង ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺបានសញ្ញាបត្របណ្ឌិតពីរុស្ស៊ី ប៉ុន្តែលោកអាចមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបន្ថែមទៀតយ៉ាងស្ទាត់ជំនាញ ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ត្រូវបានគេដឹងថា គឺបានសញ្ញប័ត្រពីសហរដ្ឋអាមេរិក ។
ដោយឡែក លោក រង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីបានសញ្ញាបត្រពីរុស្ស៊ី ប៉ុន្តែអាចប្រើប្រាស់ភាសាបី គឺអង់គ្លេស បារាំង និងរុស្ស៊ី ។
លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានគេដឹងថា បានបញ្ចប់សញ្ញាបត្រមកពីសាលាយោធាបារាំង ។
ដោយឡែកលោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានគេដឹងថា បានសិក្សានៅបារាំង និងប្រទេសមួយចំនួន លើផ្នែកអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រអប់រំ គ្រប់គ្រង ច្បាប់ស៊ីវិល គ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិ នគរបាល និងជំនាញយោធា ហើយ ចំពោះភាសាបរទេសវិញលោកអាចប្រើប្រាស់ជាផ្លូវការបានចំនួន២ភាសា គឺភាសាបារាំង និងអង់គ្លេស ។ ដោយ ឡែកសម្រាប់ថ្នាក់រដ្ឋមន្ត្រីផ្សេងៗទៀតវិញ គឺសុទ្ធតែបានបញ្ចប់ការសិក្សា និងមានជំនាញច្បាស់លាស់ពីបរទេសទាំងអស់ ដូច្នេះហើយ ភាសាលែងក្លាយជារនាំងនៃការងារទំនាក់ទំនងនយោបាយ និងការទូតរបស់កម្ពុជាទៀតហើយ ។
សរុបមកវិញ នៅលើវិថីការទូត បុគ្គលដែលអាចនឹងជោគជ័យនៅលើបេសកកម្មនេះ គឺមានធាតុផ្សំមួយចំនួនដោយរួមមាន ភាពអំណត់ ឆ្លាតវៃ បត់បែនរហ័ស ចេះដឹកនាំភាពរហ័សរហួន សុចរិតភាព និង ទំនាក់ទំនងល្អ ហើយដោយឡែកភាសា គឺជាស្ពានចម្លងដ៏សំខាន់នៅ ក្នុងកិច្ចការនេះ ដូច្នេះពីនេះតទៅយើងសង្ឃឹមថា កម្ពុជានឹងកាន់តែបោះជំហានវិជ្ជមានទៅមុខទៀតយ៉ាងលឿន ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ