ហ្សាការតា ៖ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសមជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។
នៅក្នុងជំនួបនោះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានសម្តែងនូវការអបអរសាទរ ចំពោះសម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ហើយភាគីម៉ាឡេស៊ី មានជំនឿថា ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមដឹកនាំរបស់សម្ដេចមហាបវរធិបតី ។
ទន្ទឹមនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានសម្តែងនូវការគោរពកោតសរសើរចំពោះសម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមិត្តភក្តិដ៏ល្អ របស់ម៉ាឡេស៊ី ហើយរូបឯកឧត្តម ផ្ទាល់ ក៏ដូចជាប្រទេសម៉ាឡេស៊ី តែងចាត់ទុកសម្ដេចតេជោ ជាមេដឹកនាំដ៏កំពូល នៃប្រទេសកម្ពុជា ។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និងបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរ បានអនុវត្ដកន្លងមក ជាពិសេសចំពោះកិច្ចសម្របសម្រួល ដែលប្រទេសម៉ាឡេស៊ីបានផ្ដល់ជូនដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុង ប្រទេសម៉ាឡេស៊ី ។
បន្ទាប់ពីការអបអរសាទរ និងកិច្ចស្វាគមន៍ទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាបន្ថែមអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងទិដ្ឋភាពនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ សន្តិសុខថាមពល ការងារ និងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ឆ្លងដែន ។
ចំពោះវិស័យសន្តិសុខថាមពល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើសុំកិច្ចគាំទ្រ ពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោង នៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី ។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្ត ក្នុងការពង្រឹង នូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime) បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និងលើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា ។
ជាចុងបញ្ចប់ សម្តេចមហាបវរធិបតី ក៏បានសម្តែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា សម្រាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និងសមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ៕



ចែករំលែកព័តមាននេះ