រាជធានីភ្នំពេញ ៖ ប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសលក់ឡៃឡុង សម្ភារៈ ក្នុងកញ្ចប់បញ្ញើមួយចំនួន ដែលគ្មានអាសយដ្ឋានអ្នកទទួលត្រឹមត្រូវ ដើម្បីយកថវិកាដែលលក់បាន ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ។
បើតាមសេចក្តីជូនដំណឹងរបស់ប្រៃសណីយ៍កម្ពុជា បានជម្រាបជូនដំណឹងដល់សាធារណៈជន ឬ ក្រុមហ៊ុន ឲ្យបានជ្រាបថា ដោយមានការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ បណ្តាលឲ្យប្រៃសណីយ៍កម្ពុជា មានការកកស្ទះបញ្ញើមួយចំនួន ដែលគ្មានអាសយដ្ឋានអ្នកផ្ញើ ពុំអាចរកអាសយដ្ឋានអ្នកផ្ញើ ឬអ្នកទទួលឃើញ មិនអាចបញ្ជូនត្រលប់ទៅប្រទេសដើមវិញបាន និងគ្មានសំណូមពរឲ្យបញ្ជូនត្រលប់ ហើយបញ្ញើទាំងនោះ ក៏ត្រូវបានរក្សាទុកចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១ ផងដែរ ។
ប្រៃសណីយ៍កម្ពុជា ក៏បានពិនិត្យលើកញ្ចប់បញ្ញើទាំងនោះ មានសម្ភារៈមួយចំនួន មិនអាចទុកបន្តទៀតបាន ដូច្នេះប្រៃសណីយ៍កម្ពុជា នឹងធ្វើការលក់ឡៃឡុង ហើយថវិកាដែលលក់បាន នឹងយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ទាំងអស់ ។
យ៉ាងណា ប្រៃសណីយ៍កម្ពុជា មិនបានបញ្ជាក់ច្បាស់ថា ក្នុងកញ្ចប់បញ្ញើដែលត្រូវលក់ឡៃឡុងទាំងនោះ តើមានសម្ភារៈអ្វីខ្លះនោះទេ។ ប្រសិនបើសាធារណៈជន ឬក្រុមហ៊ុនមានបំណងចង់ចូលរួមដេញថ្លៃ សម្ភារៈទាំងនោះ នៅប្រៃសណីយ៍កម្ពុជា សូមអញ្ជើញមកទាក់ទងនៅទីស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា ដែលមានអាសយដ្ឋានកាច់ជ្រុងវិថីលេខ១៣ និង១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ នៅរៀងរាល់ថ្ងៃម៉ោងធ្វើការ ឬតាមរយៈតេលេក្រាមលេខ ០៩២ ៦៧០ ១១៨ ឬ០១០ ៩៤១ ១១៨ ៕






ចែករំលែកព័តមាននេះ