នាយករដ្ឋមន្ត្រីកំពុងជំរុញយ៉ាងខ្លាំងក្លាក្នុងការដឹកនាំប្រទេសអោយស្ថិតលើផ្លូវដ៏ត្រឹមត្រូវដើម្បីរក្សាសន្តិភាព ជំរុញការអភិវឌ្ឍ និងធ្វើអោយប្រជាជនមានជីវិភាពកាន់តែធូរធារជាដើម ។ ក្នុងន័យនេះ លោកបានព្រមានថា មន្ត្រីទាំងអស់មិនអាច«ដេកអេះពោះ»បានទេ ។ ពួកគេត្រូវតែបម្រើប្រជាជនអោយបានល្អ តាមការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ទៅលើលទ្ធផលការងារជាជាងការនិយាយ តាមទ្រឹស្តី ។ នេះ គឺជាការចាប់ផ្តើមមួយសមនឹងទទួលការលើកទឹកចិត្ត និងផ្តល់ការគាំទ្រ ។ ក្រោយពីបានផ្តល់សេចក្តីទុកចិត្តលើគណបក្សប្រជាជនកម្ពុជារួចហើយ ពិតណាស់ ប្រជាពលរដ្ឋបានកំពុងរងចាំពីលទ្ធផលការងារដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចលទ្ធផលក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ។
បន្ទាប់ពីការប្រកាសគោលនយោបាយដឹកនាំប្រទេសរបស់គណៈរដ្ឋមន្ត្រី កាលពីចុងខែសីហា ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជារួចមក គេឃើញមានរដ្ឋមន្ត្រីដែលចំណុះឱ្យគណៈរដ្ឋមន្ត្រីមួយចំនួនបានប្រកាសពីផែនការ ឬយុទ្ធសាស្ត្ររបស់ខ្លួន នៅក្នុងការបម្រើប្រទេសជាតិ ។ ប៉ុន្តែក្រសួងមួយចំនួនទៀតហាក់នៅមិនទាន់បានប្រកាសពីយុទ្ធសាស្ត្រ ឬកំណែទម្រង់របស់ខ្លួននៅក្នុងប្រទេសបម្រើជាតិ នៅក្នុងនីតិកាលទី៧នៃ រដ្ឋសភានេះទេ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសពីការដកមន្ត្រីណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀ.ន ។ លោកថា ប្រសិនរកឃើញកងកម្លាំងនគរបាលជាប់ព័ន្ធពាក់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀ.នត្រូវតែដកចេញមិនអាចទុកបានទេ ។ ការបង្ក្រាបគ្រឿងញៀ.ន ការងារទិភាពមួយរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងពិធីសំណេះសំណាលជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្តាស្នងការដ្ឋាននគរបាលជាតិ រាជធានី-ខេត្ត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកពីផែនការការងារ អនុវត្តបន្តក្នុងឆ្នាំ២០២៣-២០២៤ ដោយជំរុញកម្លាំងប៉ូលិសទាំងអស់ ដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ ដែលនៅសេសសល់ដែលផ្តោតសំខាន់លើ៦ ចំណុច រួមមាន ៖ ១.បញ្ហាគ្រឿងញៀ.ន, ២.បញ្ហាចរាចរណ៍, ៣.អំពើឆ.ក់ប្ល.ន់, ៤.ការជួញដូរមនុស្ស, ៥.ក្មេងទំនើ.ង និង ៦.បញ្ហាព្រំដែន សម្រាប់ស្នងការដ្ឋានដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង ។ សម្រាប់ក្រសួងបរិស្ថានវិញ គេសង្កេតឃើញមានយុទ្ធនាការចំនួនពីរដែលរដ្ឋមន្ត្រីថ្មី ក្រសួង នេះ បានដាក់ចេញនៅក្នុងនោះ គឺយុទ្ធនាការដាំដើមឈើ និងការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយសិស្សានុសិស្ស នៅតាមសាលារៀន ។ យុទ្ធនាការនេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញាតទៅ ដែលផ្តើមដំបូងនៅតាមសាលារៀន ទាំង៤៤ កន្លែង នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ លោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសំណូមពរដល់ប្អូនសិស្សានុសិស្សទាំងអស់គ្នា ចូលរួមៗក្នុងយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកទាំងអស់គ្នា «ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង » ។

ជាមួយគ្នានេះគេក៏បានឃើញរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តាព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើន ប្រាក់ចំណូលនៅក្នុងសហគមន៍ ។ លោក អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរ ទស្សនកិច្ចចុះសួរសុខទុក្ខប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកបានគូសបញ្ជាក់ដូច្នេះថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើនពីព្រោះដើមឈើ គឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់កាបូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែមលើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ ។
ដោយឡែកចំពោះក្រសួងទេសចរណ៍ ដែលជាក្រសួងមួយជាសសរស្តម្ភទ្រទ្រង់សេដ្ឋកិច្ចជាតិ និងដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជំងឺកូវីដ១៩នោះ បានជំរុញ អ្នកពាក់ព័ន្ធឈរលើអភិក្រមភាពជាដៃគូចតុភាគី «រដ្ឋ-ឯកជន- ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍» ធ្វើយ៉ាងណាបង្កើនសកម្មភាពវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ។
ក្នុងឱកាសចូលកាន់តំណែង និងបានជួបជាមួយមន្ត្រីក្រសួងលោក សុខ សូកេន រដ្ឋមន្ត្រីថ្មី ក្រសួងទេសចរណ៍បានលើកឡើងថា គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ របស់រដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ ក្រោមចក្ខុវិស័យ អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្នឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកល ឈាន មុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួម ចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា» ។

រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ បានប្ដេជ្ញាថា គាំទ្រ និងត្រៀមខ្លួនចូលរួមអនុវត្តយ៉ាងពេញទំហឹង ប្រកបដោយភក្ដីភាពចំពោះរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីអាទិភាព គន្លឹះនានា ដែលបានកំណត់ ជាពិសេសរាល់កម្មវិធី និងសកម្មភាពអាទិភាពទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាថាបង ប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងបងប្អូនដែលធ្វើការនៅក្រៅប្រទេសទទួលបាននូវសិទ្ធិអត្ថប្រយោជន៍ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការគាំពារកាន់តែប្រសើរ រឹងមាំជាងមុន រីឯនិយោជក និងវិស័យឯកជនក៏ទទួលបាននូវការពារដោយស្មើភាព ចំពោះមុខច្បាប់ គ្រប់រោងចក្រ សហគ្រាសនឹងកា្លយទៅជាសហគមន៍សុខសាន្តមួយ ដែលកម្មករនិយោជិត និងនិយោជកចេះគោរពគ្នា អធ្យាស្រ័យគ្នា ប្រកាន់យកគោលការណ៍ ឈ្នះ-ឈ្នះជាធំ មិនយកការចាញ់ឈ្នះជាគោលក្នុងការដោះស្រាយវិវាទ ឬបញ្ហា ។
លោក ហេង សួរ ថែមទាំងអះអាងថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រីក៏បានប្តេជ្ញាខិតខំអភិវឌ្ឍនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខ សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមកម្មវិធី អាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាល និងចាត់ទុកគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺជាដៃគូដ៏ល្អ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត ភក្ត្រា ក៏បានជំរុញអោយមន្ត្រីក្រោមបង្គាប់ក្រសួងទាំងអស់ ប្រឹងប្រែងធ្វើការងារដើម្បីលើកកម្ពស់វិស័យសារព័ត៌មាន និងធ្វើអោយក្រសួងក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ។
ប៉ុន្តែអ្វីដែលច្បាស់លាស់នោះ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសហើយថា មន្ត្រីមិនត្រូវដេកអេសពោះទេ ហើយត្រូវតែប្រឹងធ្វើការ ដើម្បីបង្ហាញលទ្ធផលជូនប្រជាជន ។

សកម្មភាពដ៏រស់រវើករបស់ក្រសួងនានា គឺជាការចាប់ផ្តើមដ៏ល្អប្រសើរមួយឆ្ពោះទៅរកលទ្ធផលដែលនាយករដ្ឋមន្ត្រីចង់បាន គឺប្រទេសមានសន្តិភាព មានការអភិវឌ្ឍ ហើយប្រជាជនមានក្តីសុខ និងជីវភាពកាន់តែធូរធា ៕ ដោយ ៖ ប្រេវីន និងសារ៉ាន់
ចែករំលែកព័តមាននេះ