នៅក្នុងចំណោមស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជា ភាគច្រើន គឺអ្នករកស៊ីមានភាពស្មោះត្រង់ ប៉ុន្តែទន្ទឹមនឹងនោះក៏នៅតែមានអ្នកដែលខិលខូចបន្តកេងប្រវ័ញ្ចអតិថិជនរកស៊ីបន្លំលីត្រទៀត ។ ដូច្នេះជំនាញ និងសមត្ថកិច្ចមិនគួរអត់ឱនអោយបន្តទៀតឡើយ ។ បើមិនដូច្នេះទេ វាអាចបន្តជះឥទ្ធិពលអាក្រក់ដល់សង្គមបន្តទៀត…
នៅក្នុងចំណោមស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជា ភាគច្រើន គឺអ្នករកស៊ីមានភាពស្មោះត្រង់ ប៉ុន្តែទន្ទឹមនឹងនោះក៏នៅតែមានអ្នកដែលខិលខូចបន្តកេងប្រវ័ញ្ចអតិថិជនរកស៊ីបន្លំលីត្រទៀត ។ ដូច្នេះជំនាញ និងសមត្ថកិច្ចមិនគួរអត់ឱនអោយបន្តទៀតឡើយ ។ បើមិនដូច្នេះទេ វាអាចបន្តជះឥទ្ធិពលអាក្រក់ដល់សង្គមបន្តទៀត ។

តាមទិន្នន័យដែលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំបានរាយការណ៍ជូនអ្នកសារព័ត៌មានមួយបានឲ្យដឹងថា នៅក្នុងរយៈពេល៨ខែ ដើមឆ្នាំនេះជំនាញបានរកឃើញយ៉ាងហោចណាស់មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន២១០ ក្នុងចំណោមស្ថានីយ/ដេប៉ូ ដែលបានចុះត្រួតពនិត្យសរុបចំនួន១.០៨៨កន្លែង ត្រូវបានរកឃើញធ្វើអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណ ។
ប្រភពដដែលក៏បានបន្តទៀតថា ក្រោយរកឃើញភាពមិនអនុលោម ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនោះត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរកាល និងវិធានការច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ហើយព្រមានថា ក្នុងករណីមិនរាងចាលម្ចាស់ ស្ថានីយ/ដេប៉ូទាំងនោះ អាចប្រឈមនឹងការព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណអាជីវកម្មផងដែរ ។

ការធ្វើអាជីវកម្មមិនសុចរិតពាក់ព័ន្ធនឹងប្រេងឥន្ធនៈវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយ ភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងពាណិជ្ជកម្មផងដែរ ជំនាញគួរតែយកចិត្តទុកដាក់បន្ថែមទៀត ហើយយកល្អនៅក្នុងករណីមិនរាងចាល ស្ថានីយឬដេប៉ូ ដែលមានបញ្ហាគួរតែត្រូវលាតត្រដាងលំអិតអំពីទីតាំងដោយមានឈ្មោះស្ថានីយឬដេប៉ូឈ្មោះម្នាស់អាជីវកម្ម និងវិធានការច្បាប់ឯទៀត ដើម្បីអោយពលរដ្ឋដឹង និងជ្រាបបានច្បាស់លាស់ ។

នៅពេលនេះតម្លៃប្រេងឥន្ធនៈកំពុងតែឡើងថ្លៃដល់កម្រិតមួយខ្ពស់ទៀតហើយ ដូច្នេះប្រសិន បើមន្ត្រីជំនាញ និងសមត្ថកិច្ចនៅតែបន្តមិនចាត់វិធានការតាមច្បាប់ធ្ងន់ធ្ងរដល់ក្រុមអ្នករកស៊ីគួរដែលមិនមានភាពស្មោះត្រង់បន្តទៀតនោះ រាស្ត្រនឹងបន្តបាត់បង់ផលប្រយោជន៍កាន់តែខ្លាំង និងធ្ងន់ធ្ងរត្រួតគ្នាដោយសារតែតម្លៃក៏ឡើងថ្លៃ ហើយចំណុះបរិមាណក៏ត្រូវគេបន្លំថែមទៀត ។
តាមតារាងតម្លៃដែលប្រកាសដោយក្រសួងពាណិជ្ជកម្មថ្មីៗកន្លងទៅនេះតម្លៃសាំងចុះបន្តិច តែម៉ាស៊ូតឡើងបន្តិចវិញ ហើយស៊ុបពែនៅដដែល ពោល គឺម៉ាស៊ូតឡើង៤.៧៥០រៀល សាំងធម្មតា៤.៦០០ រៀល ហើយស៊ុបពែ គឺ៥.៣០០ រៀល ខណៈដែលនៅលើទីផ្សារអន្តរជាតិក៏កំពុងតែប្រទាំងប្រទើសពិបាកនឹងព្យាករណ៍ ដោយសារតែប្រទេសខ្លះចង់អោយតម្លៃវាចុះថោក ប៉ុន្តែក្រុមប្រទេសផលិតប្រេង ជាពិសេស គឺក្រុមប្រទេសសមាជិកអង្គការ OPEC + ចង់បង្កើនតម្លៃដោយកាត់បន្ថយការផលិតផ្គត់ផ្គង់ទីផ្សារ ដើម្បីបង្កើនថ្លៃ ។

នៅដើមខែកញ្ញាកន្លងទៅ តម្លៃប្រេងឆៅនៅទីផ្សារBrent បានឡើងថ្លៃ១,៦៦ ដុល្លារ ឬជិត២ដុល្លារដល់តម្លៃ៨៨,៤៩ ដុល្លារនៅក្នុងមួយបារ៉ែល ខណៈដែល តម្លៃនៅទីផ្សារអាមេរិក ពោល គឺតិចសាស់ខាងលិចកើនឡើង១,៣៩ ដុល្លារ ឬ ១,៧ ភាគរយដល់៨៥,០២ដុល្លារ ។
នៅក្នុងស្ថានភាពនេះ ការធានាផលប្រយោជន៍របស់អតិថិជនទើបត្រឹមត្រូវមិនមែនគ្នា នៅស្ថានការណ៍កំពុងតែពិបាកហើយឆ្លៀតកេងប្រវ័ញ្ចលើទុក្ខលំបាកនេះបន្ថែមមួយកម្រិតទៀតឡើយ ដោយឡែកសមត្ថកិច្ចជំនាញគួរតែពង្រឹងយន្តការអនុវត្តច្បាប់ ដើម្បីការពារផលប្រយោជន៍ប្រជារាស្ត្រ ៕ ដោយៈ ហេង ចេស្តារ

ចែករំលែកព័តមាននេះ