ខេត្តព្រៃវែង ៖ ក្នុងរដូវដែលមច្ឆាជាតិចាប់បន្តពូជ និងព.ងកូន គឺជាពេលដែលច្បាប់បានហាមឃាត់ មិនអោយប្រជានេសាទធ្វើការនេសាទត្រីនោះទេ ហើយមន្ត្រីជំនាញជលផល ក៏តែងតែធ្វើការចុះបង្ក្រាបជាញឹកញាប់ផងដែរ ចំពោះសកម្មភាពដែលធ្វើបំពានច្បាប់នេះ ប៉ុន្តែបើទោះជាបែបនេះក្តី ក៏គេនៅតែឃើញមានជនខិ.លខូ.ចមួយចំនួន បានលួចធ្វើការនេសាទ ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដដែល។

ដើម្បីទប់ស្កាត់បទល្មើសនេសាទផង និងដើម្បីការពារធនធានមច្ឆាជាតិផង នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញខណ្ឌជលផលខេត្តព្រៃវែង សហការជាមួយរដ្ឋបាលស្រុកពាមរក៍ បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកបាទីតូច ស្ថិតក្នុងភូមិចំការវែង ឃុំពាមមានជ័យ ដោយបានកា.ប់បំផ្លាញបង្គោលស្បៃមុខរាប់រយដើម និងដុតបំផ្លាញស្បៃមុងរាប់រយម៉ែត្រផងដែរ។

មន្ត្រីជំនាញជលផល នៃសង្កាត់រដ្ឋបាលជលផលអ្នកលឿង បានប្រាប់អោយដឹងថា ការចុះបង្ក្រាបបទល្មើសនេសាទនេះ មន្ត្រីជំនាញជលផលខេត្ត បានធ្វើការចុះបង្ក្រាបស្ទើរតែគ្រប់ស្រុក និងធ្វើជាប់ជាប្រចាំតែម្តង អោយតែទទួលបានព័ត៌មានថា នៅតំបន់ណាមានបទល្មើសនេសាទ លោកនឹងឆ្លងយោបល់ទៅនាយខណ្ឌ និងប្រធានមន្ទីរ ហើយធ្វើការចុះបង្ក្រាបភ្លាមៗ ជាក់ស្តែងដូចនៅឃុំពាមមានជ័យនេះស្រាប់។

មន្ត្រីជំនាញជលផល នៃសង្កាត់រដ្ឋបាលជលផលអ្នកលឿង បានប្រាប់អោយដឹងបន្តថា នៅក្នុងសកម្មភាពចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែកបាទីតូចនេះ មន្ត្រីជំនាញបានកា.ប់បំផ្លាញបង្គោលឬស្សីចំនួន៦០០ដើម ដុតបំផ្លាញលូស្បៃមុងចំនួន២៤មាត់ និងរបាំងស្បៃមុងចំនួន១៧០០ម៉ែត្រ ព្រមទាំងបានចាក់លែងកូនត្រីចូលទៅក្នុងទន្លេវិញ បានចំនួន៣៧គីឡូក្រាមផងដែរ។





ចែករំលែកព័តមាននេះ