នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលោកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅដើម សប្តាហ៍ក្រោយនេះ កម្ពុជាថ្វីត្បិតតែជាសមាជិកអាស៊ានក្រោយគេ ប៉ុន្តែកម្ពុជានឹងលេចធ្លោរ ដោយសារតែកម្ពុជា បានបញ្ជ្រាបឈា.មថ្មីរបស់ខ្លួនចូលទៅក្នុងយន្តការនៃការសម្រេចចិត្តរបស់តំបន់ដែលមានប្រជាពលរដ្ឋប្រមាណជា ៦០០ លាននាក់។
រហូតដល់ព្រឹកថ្ងៃអាទិត្យនេះ ក្រសួងការបរទេសកម្ពុជា នៅមិនទាន់បញ្ជាក់ជាផ្លូវការអំពីដំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល ដែលគ្រោងនឹងរៀបចំពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នេះនៅឡើយទេ ប៉ុន្តែព័ត៌មានច្បាស់ការបានបង្ហាញថា សម្តេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះ តាំងពីព្រឹកថ្ងៃច័ន្ទ ដើមសប្តាហ៍តែម្តង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាឈា.មថ្មីរបស់កម្ពុជា ហើយទន្ទឹមនឹងនោះ ក៏ជា ឈា.មថ្មីរបស់អាស៊ានរួមគ្នាជាមួយនឹងលោក ស្រ៊ីថា ថាវេស៊ីន ដោយមេដឹកនាំទាំងពីរ បានទទួលសេចក្តីទុកចិត្តពីសភារបស់ប្រទេសរៀងៗខ្លួននៅថ្ងៃតែមួយ ។
ថ្វីត្បិតតែជំនួបកំពូលអាស៊ានលើកនេះ កម្ពុជា និងថៃ បានជ្រើសរើសនូវឈា.មថ្មីបញ្ចូលទៅ អាស៊ានដូចគ្នាមែន ប៉ុន្តែភាពលេចធ្លោរមួយទៀតសម្រាប់កម្ពុជានោះ គឺឈា.មថ្មីរបស់កម្ពុជា គឺមានអាយុតិចជាងគេបំផុតនៅក្នុងចំណោមមេដឹកនាំអាស៊ាន ។
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជំនួបកំពូលអាស៊ានជាបន្តុំព្រឹត្តិការណ៍ ដ៏សំខាន់មួយ ហើយការបង្ហាញខ្លួនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសប្តាហ៍ក្រោយនេះ ជាឱកាសមួយពោរពេញទៅដោយនិម្មិតរូបនយោបាយរបស់កម្ពុជា និងតំបន់ ។
នៅក្នុងសំណេរដែលបានផ្សព្វផ្សាយ អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិរូបនេះ បានបង្ហើបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងជួបមិនត្រឹមតែជាមួយនឹង ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលអាស៊ាន ជាសមភាគីប៉ុណ្ណោះទេ ក៏នឹងជួបជាផ្លូវការ ឬក្រៅផ្លូវការជាមួយនឹងមេដឹកនាំផ្សេងៗក្រៅតំបន់រួមមាន ៖ ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ត្រាលី និង នូវែលសេឡង់ ជាដើម។
លោកក៏បានបន្តបង្ហើបបន្ថែមទៀតថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏នឹងពិភាក្សាអំពីវិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូលមហាអំណាចពិភពលោក និងរវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក និងជាពិសេស វិបត្តិសេដ្ឋកិច្ចសកលដែលបាននិងកំពុងបន្តជះផលអវិជ្ជមានមកលើកម្ពុជា ។
តើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាមេដឹកនាំក្មេងជាងគេនៅអាស៊ានមែនឬ? នេះគឺជាសេចក្តីពិត ដោយសារសម្តេចទើបតែមានវ័យ៤៥ឆ្នាំប៉ុណ្ណោះ ខណៈពេលដែលឈា.មថ្មីអាស៊ាន មួយរូបទៀត គឺលោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្ត្រីថៃ គឺមានអាយុ៦១ឆ្នាំហើយ ។
ក្រៅពីមេដឹកនាំកម្ពុជា មេដឹកនាំអាស៊ាន ដែលមានអាយុក្មេងជាងគេបន្ទាប់ គឺមានតែលោក ស៊ុនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ មានអាយុ៥៧ឆ្នាំ បន្ទាប់មក គឺ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះ ដោយលោកមានអាយុ៦២ឆ្នាំ ។ បន្ទាប់មក គឺលោក ផាម មិញ ជិញ (Phạm Minh Chính) នាយករដ្ឋមន្ត្រីវៀតណាម ដែលមានអាយុ៦៤ឆ្នាំ ។ លោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីហ្វីលីពីន មានអាយុ៦៥ឆ្នាំ ។ លោកឧត្តមសេនីយ មីន អោងលាំង (Min Aung Hlaing) មេដឹកនាំនៃរបបយោធា មីយ៉ាន់ម៉ា ដែលមានអាយុ៦៧ឆ្នាំ ។ លោក លី ស៊ានឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី សិង្ហបុរី ដែលមានអាយុ៧១ឆ្នាំ បន្ទាប់មក គឺលោក អានវ៉ា ប៊ិន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានវ័យ៧៦ឆ្នាំ រីឯមេដឹកនាំដែលមានវ័យច្រើនជាងគេ គឺព្រះចៅស៊ុលតង់ ហាសាណាល ប៊ូគៀ (Hassanal Bolkiah) ដែលមានព្រះជន្ម៧៧ឆ្នាំ ។ ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ