ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ជីវិត​! Nunes ពី​អ្នក​ដុត​នំ ប្រឹង​តស៊ូ​រហូត​ក្លាយជា​ខ្សែបម្រើ​ថ្មី​ក្រុម​យក្ស Man City

9 ខែ មុន

អង់គ្លេស ៖ Matheus Nunes ពី​អ្នក​ដុត​នំ​ម្នាក់ នៅ​ក្នុង​ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ក្លាយជា​

អង់គ្លេស ៖ Matheus Nunes ពី​អ្នក​ដុត​នំ​ម្នាក់ នៅ​ក្នុង​ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ក្លាយជា​ខ្សែបម្រើ​ថ្មី​របស់​ក្រុម​មេឃ​ខៀវ Manchester City ។

កើត​នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​១៩៩៨ ក្នុង​តំបន់​ក្រីក្រ Campo Grande ទីក្រុង​រី​យ៉ូ​ដឺ​ចេ​ណេ​រ៉ូ (Rio de Janeiro) ប្រទេស​ប្រេ​ស៊ី​ល ក្មេង​ប្រុស Matheus Nunes ជួបនឹង​ជីវិត​ដ៏​ជូរ​ចត់​ដោយ​ត្រូវ​ឪពុក​រត់​ចោល ហើយ​តស៊ូ​រស់នៅ​ជាមួយនឹង​ម្តាយ​។ Nunes បាន​ផ្លាស់​ទៅ​រស់នៅ​តំបន់ Ericeira ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ នៅ​អាយុ​១២​ឆ្នាំ​ជាមួយ​ម្តាយ និង​ឪពុកចុង​ជា​ជនជាតិ​អង់គ្លេស​។ នៅ​ទីនោះ Nunes ចាប់ផ្តើម​ចូល​ហ្វឹកហាត់​បាល់ទាត់​នៅ​សាលា​ថ្នាល​ក្លិប Ericeirense ហើយ​ដើម្បី​ជួយ​ដល់​មុខរបរ​រកស៊ី​គ្រួសារ Nunes បាន​ធ្វើការ​ជា​អ្នក​ដុត​នំ នៅ​ក្នុង​ហាង​នំប៉័ង​ឪពុកចុង​របស់​គេ ដោយ​ត្រូវ​ងើប​ពី​ម៉ោង​៥​ភ្លឺ​ជា​រៀងរាល់ថ្ងៃ ដោយ​ក្លាយជា​អ្នក​ដុត​នំ​ផង និង​ជា​កីឡាករ​បាល់ទាត់​ផង រហូត​ដល់​ឆ្នាំ ២០១៩​។

ជាមួយ​ទេព​កោសល្យ បូក​រួម​ជាមួយនឹង​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់ Nunes ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ឈុត​ធំ​របស់ Ericeirense ក្នុង​ឆ្នាំ ២០១៦ និង​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​នាម​ជា​កីឡាករ​អាជីព​ជាមួយ​ក្រុម​នេះ នៅ​ក្នុង​រដូវ​កាល ២០១៥-១៦​។ បន្ត​មក​ទៀត Nunes បាន​ចាប់ផ្តើម​ការ​ប្រកួត​មុន​បើក​រដូវ​កាល​នៅ​ក្នុង​ឆ្នាំ ២០១៧ ដែល​ជា​ការ​ធ្វើតេស្ត​ជាមួយ​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់​មួយទៀត​គឺ Oriental ប៉ុន្តែ​មិន​អាច​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​នោះ​ទេ ដោយសារ​តែ​បញ្ហា​របួស​ភ្លៅ ដែល​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​ត្រឡប់​មក​ក្លិប​ចាស់​វិញ និង​បន្ត​លេង​ដល់​ឆ្នាំ ២០១៨ មុន​ពេល​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ក្នុងស្រុក​មួយទៀត​គឺ Estoril Praia នៃ​លី​គ​លំដាប់​ទី​២ ព័រ​ទុ​យ​ហ្គា​ល់​។

នៅ​ទីនោះ​បាន​១​រដូវ​កាល Nunes បាន​អភិវឌ្ឍន៍​ខ្លួន​កាន់តែ​ខ្លាំង រហូត​ទទួល​ការ​ចាប់អារម្មណ៍​ពី​ក្លិប Sporting CP មុន​ពេល​សម្រេចការ​ផ្ទេរ​ក្នុង​ឆ្នាំ ២០១៩ តម្លៃ ៥០​ម៉ឺន​អឺ​រ៉ូ​ជាមួយ​កុងត្រា​រយៈពេល​៥​ឆ្នាំ ដោយ​ត្រូវ​ចាប់ផ្តើម​ជាមួយ​ក្រុម​ឈុត​អាយុ​ក្រោម​២៣​ឆ្នាំ មុន​ពេល​ត្រូវ​បាន​លោក Rúben Amorim កោះហៅ​ចូល​ក្រុម​ឈុត​ធំ នៅ​ខែមិថុនា ឆ្នាំ​២០២០ ដោយ​ស៊ុត​បញ្ចូល​ទី ៨​គ្រាប់​ពី​ការ​បង្ហាញខ្លួន ១០១​ប្រកួត និង​បាន​ឈ្នះ​ជើងឯក​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ Primeira Liga ១​ដង​, Portuguese League Cup ២​ដង និង Portuguese Super Cup ១​ដង​ផង​ដែរ​។ នៅ​ទីនោះ​ហើយ Nunes ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ នៅ​ក្នុង​ឆ្នាំ ២០២១ ដោយ​គិត​មក​ទល់​ពេល​នេះ រូបគេ​បាន​បង្ហាញខ្លួន ១១​ប្រកួត​នឹង​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ផង​ដែរ​។

ដោយសារ​តែ​ភាព​លេចធ្លោ​នេះ​ហើយ Nunes បាន​ឈាន​ជើង​ចូល​ក្នុង​លី​គ​កំពូល​អង់គ្លេស Premier League ដែល​ជាលី​គ​បាល់ទាត់​ល្បី​ជាងគេ​បំផុត​របស់​ពិភពលោក នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២២ បាន​សម្រេច​ចុះហត្ថលេខា​កុងត្រា​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្លិប Wolves ជាមួយ​តម្លៃ​ផ្ទេរ​កំណត់​ត្រា​ក្លិប​តម្លៃ ៣៨​លាន​ផោន នៅ​ទីនោះ Nunes រកបាន ១​គ្រាប់​ពី​ការ​បង្ហាញខ្លួន ៤១​ប្រកួត​គ្រប់​កម្មវិធី​។

សមត្ថភាព​របស់ Nunes បាន​ទាក់ចិត្ត​របស់​លោក Pep Guardiola អ្នក​ចាត់​ទូទៅ​ក្រុម Man City យ៉ាង​ខ្លាំង រហូត​ដល់​កំពូល​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៥២​ឆ្នាំ​រូប​នេះ បញ្ចូល​ក្រុមការងារ​របស់​លោក​តាមដាន​ទម្រង់​លេង​របស់ Nunes មុន​បើក​ការ​ចរចា​ជាមួយ​ក្លិប Wolves រហូត​ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​មួយ នៅ​ក្នុង​តម្លៃ ៥៣​លាន​ផោន កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​ខ្សែបម្រើ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ បាន​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ផង​ដែរ ហើយ​រូបគេ​នឹង​បង្ហាញខ្លួន​សម្រាប់ Man City នៅ Premier League ក្រោយ​បញ្ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ឬ FIFA Day៕ (​ប្រភព​ពី Premier League និង The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ