ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo និង Messi តួ​ក​គី បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី នៅ​ជើងឯក​អឺរ៉ុប កាលពី​យប់មិញ

1 អាទិត្យ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo រួម​នឹង​ខ្សែបម្រើ​ប្រយុទ្ធ​វ័យក្មេង​

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo រួម​នឹង​ខ្សែបម្រើ​ប្រយុទ្ធ​វ័យក្មេង​តួ​ក​គី Arda Güler បាន​ក្លាយជា​កីឡាករ​ដ៏​លេចធ្លោ​បំផុត​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល ព្រឹត្តិការណ៍​ជើងឯក​អឺរ៉ុប​ឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​។

ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo បាន​បង្កើត​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​ក្លាយជា​កីឡាករ​តែ​ម្នាក់​គត់​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​ចំនួន ៦ សម័យកាល ពោល​នៅ​ឆ្នាំ (២០០៤ ២០០៨ ២០១២ ២០១៦ ២០២០ និង ២០២៤​។

ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Al Nassr វ័យ​៣៩​ឆ្នាំ ដែល​ជួយ​ព័រ​ទុ​យ​ហ្គា​ល់​ឈ្នះ​ពានរង្វាន់​ជើងឯក​អឺរ៉ុប​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០១៦ រូប​នេះ បាន​បង្ហាញ​វត្តមាន​ជា​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូ​ល F ដែល​ក្រុម​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់​យកឈ្នះ​លើ​សាធារណរដ្ឋ​ឆែក ដោយ​លទ្ធផល ២-១ ទាំង​លំបាក​។ ឆែក​បើក​ការ​នាំមុខ​មុន​នៅ​នាទី ៦២ ដោយ​ខ្សែបម្រើ​ស្លាប​ឆ្វេង Lukáš Provod មុន​ពេល​ព័រ​ទុ​យ​ហ្គា​ល់​តាម​ស្មើ​នៅ​នាទី​៦៩ ដែល​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​របស់​ខ្សែការពារ​ឆែក Robin Hranáč និង​គ្រាប់​ជ័យជម្នះ​នៅ​ម៉ោង​បន្ថែម​នាទី ៩០+២ ដែល​សម្រេច​បាន​ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Francisco Conceição ។

ក្រៅពី Cristiano Ronaldo ដែល​បង្កើត​កំណត់​ត្រា​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ ក្រឡេក​ទៅ​ខ្សែបម្រើ​ប្រយុទ្ធ​វ័យក្មេង Arda Güler ដែល​មាន​រហស្សនាម​ថា «Messi តួ​ក​គី​» ក៏​ជា​កីឡាករ​ដ៏​លេចធ្លោ​ផង​ដែរ ក្រោយ​រកបាន​១​គ្រាប់​ក្នុង​ចំណោម​៣​គ្រាប់​របស់​តួ​ក​គី​យកឈ្នះ​ហ្ស​ក​ហ្ស៊ី ដោយ​លទ្ធផល ៣-១ នៃ​ការ​ប្រកួត​បើក​ឆាក​ពូ​ល F​។

ខ្សែបម្រើ​ប្រយុទ្ធ​តួ​ក​គី Arda Güler របស់​ក្រុម Real Madrid បាន​បំបែក​កំណត់​ត្រា​របស់​កីឡាករ Cristiano Ronaldo ក្នុង​នាម​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​វ័យក្មេង​ជាងគេ ដែល​បង្ហាញ​វត្តមាន​លើក​ដំបូង​នៅ​ព្រឹត្តិការណ៍​ជើងឯក​អឺរ៉ុប នៅ​អាយុ​ត្រឹម ១៩​ឆ្នាំ និង ១១៤​ថ្ងៃ ខណៈ​កំណត់​ត្រា​ចាស់​របស់ Ronaldo កាលពី​ឆ្នាំ ២០០៤ នៅ​អាយុ ១៩​ឆ្នាំ​និង ១២៨​ថ្ងៃ នៅ​ពេល​ដែល​រូបគេ​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ក្រិ​ក នៅ​វគ្គ​ចែក​ពូ​ល​។

ខ្សែបម្រើ​ប្រយុទ្ធ Arda Güler គឺជា​កីឡាករ​វ័យក្មេង​ទី​២ ដែល​បាន​បំបែក​កំណត់​ត្រា​ព្រឹត្តិការណ៍​ជើងឯក​អឺរ៉ុប​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Lamine Yamal ដែល​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជើងឯក​អឺរ៉ុប នៅ​អាយុ​ត្រឹម ១៦​ឆ្នាំ និង ៣៣៨​ថ្ងៃ ដោយ​បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្សែបម្រើ​ប៉ូ​ឡូញ Kacper Kozlowski ដែល​មាន​អាយុ ១៧​ឆ្នាំ និង ២៤៦​ថ្ងៃ នៅ​ពេល​ដែល​រូបគេ​បង្ហាញ​វត្ត​មាននៅ​ឆ្នាំ ២០២០៕ (​ប្រភព ៖ BBC និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ