ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ែប៊ីគំរា.មដកខ្លួនពី Euro 2024 ជុំវិញការស្រែកប្រមា.ថពីអ្នកគាំទ្រក្រូអាត និងអាល់បានី

3 ខែ មុន

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ី បានប្រកាសគំរាមដកខ្លួនចេញពីព្រឹត្តិការណ៍

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ី បានប្រកាសគំរាមដកខ្លួនចេញពីព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ នៅប្រទេសអាល្លឺម៉ង់ដែលកំពុងដំណើរការប្រកួត ប្រសិនបើសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA មិនព្រមដាក់ទណ្ឌកម្មចំពោះការស្រែកជេរប្រមាថរបស់អ្នកគាំទ្រក្រូអាត និងអាល់បានីមកលើស៊ែប៊ី។

យោងតាមប្រភពពីសារព័ត៌មានធំៗជុំវិញពិភពលោក រួមទាំង Sky Sports, BBC, ESPN, AFP និង Euronews កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា លោក Jovan Surbatovic អគ្គលេខាធិការសមាគមកីឡាបាល់ទាត់ស៊ែប៊ី បានថ្លែងថា ពួកគេបានធ្វើការតវ៉ាផ្លូវការប្រឆាំងនឹងអ្នកគាំទ្រក្រូអាត និងអាល់បានី ដែលបានស្រែកប្រមាថថា «សម្លាប់ សម្លាប់ សម្លាប់ ស៊ែប៊ី» អំឡុងការប្រកួតជុំទី២ ពូល B រវាងក្រូអាត និងអាល់បានី ដែលបញ្ចប់ទៅស្មើគ្នា ២-២ កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅ។

លោក Jovan Surbatovic បានព្រមានថា ក្រុមស៊ែប៊ីនឹងដកខ្លួនចេញពីការប្រកួត Euro 2024 ប្រសិនបើ UEFA មិនចាត់ការតាមពាក្យបណ្តឹងរបស់ពួកគេ។ លោក ថ្លែងថា «អ្វីដែលបានកើតឡើងគឺជារឿងអាស្រូវមិនអាចទទួលយកបាន ហើយយើងស្នើសុំ UEFA សម្រាប់ការដាក់ទណ្ឌកម្ម បើបីជាយើងប្រកាន់ជំហរមិនបន្តការប្រកួតទៀតយ៉ាងណាក៏ដោយ បើ UEFA គ្មានចំណាត់ការ»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការប្រមាថបែបនេះរបស់ប្រជាជាតិមួយជាមួយនឹងការស្រែកថា ពួកគេគួរតែត្រូវបានសម្លាប់ មិនត្រូវបានឃើញនៅក្នុងព្រឹត្តិការណ៍កីឡាអស់រយៈពេលជាយូរមកហើយ។

ឆ្លើយតបនឹងបណ្តឹងនេះ កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា កន្លងទៅ UEFA បានបើកការស៊ើបអង្កេតដើម្បីពិនិត្យមើលការប្រព្រឹត្តខុសដែលត្រូវបានចោទប្រកាន់ ពោលគឺប៉ុន្មានម៉ោងក្រោយបញ្ចប់ការប្រកួតជុំទី២ ពូល C ដែលស៊េប៊ីបានត្រឹមស្មើស្លូវេនីលទ្ធផល ១-១។ ប៉ុន្តែ UEFA មិនបានផ្តល់ពេលវេលាសម្រាប់ករណីនេះទេ ដែលទំនងមិនអាចដោះស្រាយបានមុនប្រកួតជុំទី៣របស់ស៊ែប៊ី ទល់នឹងដាណឺម៉ាក ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ។

កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ សមាគមបាល់ទាត់ស៊ែប៊ីត្រូវបានចោទប្រកាន់ដោយ UEFA បន្ទាប់ពីអ្នកគាំទ្រពួកគេបានបង្ហាញបដាដែលបានបញ្ជូនសារបង្កហេតុមិនសមរម្យ អំឡុងប្រកួតជុំទី១ ដែលពួកគេចាញ់ ១-០ ក្រោមថ្វីជើងអង់គ្លេស ដោយមានទាំងការគប់វត្ថុផ្សេងៗចូលទីលានប្រកួតផងដែរ។ ការចោទប្រកាន់បានកើតឡើងបន្ទាប់ពីសហព័ន្ធបាល់ទាត់កូសូវ៉ូបានប្តឹងទៅ UEFA អំពីបញ្ហាអ្នកគាំទ្រស៊ែប៊ីបានបង្ហាញសារនយោបាយឆោតល្ងង់ និងប្រកាន់ពូជសាសន៍ប្រឆាំងនឹងកូសូវ៉ូ អំឡុងការប្រកួតទល់នឹងអង់គ្លេស។

នៅក្រោយមកទៀត គេបានសង្កេតឃើញបណ្តាអ្នកគាំទ្រស៊ែប៊ីបានស្រែកថា «កូសូវ៉ូគឺគឺជាបេះដូងនៃស៊ែប៊ី» នៅក្រៅកីឡដ្ឋាន Allianz Arena ដែលានមូលដ្ឋាននៅទីក្រុងមុយនិច ដែលជាពួកគេប្រមូលផ្តុំគ្នា មុនពេលការប្រកួតដែលស៊ែប៊ីបានត្រឹមស្មើ ១-១ ទល់នឹងស្លូវេនី កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថា កូសូវ៉ូបានប្រកាសឯករាជ្យដោយខ្លួនឯងពីប្រទេសស៊ែប៊ីក្នុងឆ្នាំ ២០០៨ ដែលជាទង្វើមួយដែលស៊ែប៊ីបដិសេធយ៉ាងខ្លាំង។ ស៊ែប៊ីមិនទទួលស្គាល់កូសូវ៉ូជារដ្ឋឯករាជ្យនោះទេ ហើយបន្តទាមទារដាក់ជាខេត្តស្វយ័តកូសូវ៉ូ និងមេតូហ៊ីយ៉ា។ ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នា និងវិវាទនៅតែបន្តមាន ខណៈពេលដែលកូសូវ៉ូខាងជើងមួយផ្នែកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស៊ែប៊ី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ