ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករអេស្ប៉ាញម្នាក់ ស្ពាយមេរៀន និងកិច្ចការសាលាមកប្រកួត Euro 2024 នៅអាល្លឺម៉ង់

1 អាទិត្យ មុន

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024

0:00
0:00

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ កំពុងដំណើរប្រកួតរបស់ខ្លួន តាំងពីថ្ងៃទី១៤ ខែមិថុនា មកម្ល៉េះ ហើយនឹងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមប្រភពពីសារព័ត៌មាន NPR និង TNT Sports កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា ដ្បិតកីឡាករទាំងអស់កំពុងផ្តោតអារម្មណ៍លើការប្រកួត ជាពិសេសកីឡាករ​វ័យក្មេង ដែលកំពុងបង្ហាញសមត្ថភាពរបស់ពួកគេនោះ ប៉ុន្តែបើក្រឡេកមើលកីឡាករ Lamine Yamal ខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិអេស្ប៉ាញ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាសារព័ត៌មានធំៗជុំវិញពិភពលោក កាលពីពេលថ្មីៗនេះ ដោយសារតែយុវជនវ័យ១៦ឆ្នាំរូបនេះ បានស្ពាយមេរៀន និងកិច្ចការសាលាមកអាល្លឺម៉ង់ ហើយត្រូវបែងចែកពេលវេលាសិក្សា ធ្វើកិច្ចការសាលា និងភារកិច្ចដ៏ធំជួយក្រុមគោជល់អេស្ប៉ាញប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Euro 2024 ថែមទៀតផង។

កីឡាករ Lamine Yamal ដែលមានឪពុកជនជាតិម៉ារ៉ុក និងម្តាយអេក្វាទ័រហ្គីណេ បានកើតនៅតំបន់ Esplugues de Llobregat ទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ នៅឆ្នាំ ២០០៧។ បច្ចុប្បន្នខ្សែបម្រើប្រយុទ្ធរបស់ក្រុមអ្នកបុណ្យ Barcelona រូបនេះ កំពុងសិក្សាឆ្នាំទី ៤ ឬឆ្នាំចុងក្រោយនៃថ្នាក់អនុវិទ្យាល័យ ឬហៅថា ESO ដែលសំដៅលើកម្រិតសិក្សាដំណាក់កាលទី៣ នៃប្រព័ន្ធអប់រំរបស់ប្រទេសអេស្ប៉ាញ សម្រាប់សិស្សអាយុចន្លោះពី ១២ ទៅ ១៦ឆ្នាំ។

ពេលមកដល់អាល្លឺម៉ង់ថ្ងៃដំបូង ដើម្បីត្រៀមប្រកួត Euro 2024 យុវជនអេស្ប៉ាញរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំបានយកមេរៀន និងកិច្ចការសាលាមកទីនេះ (ប្រទេសអាល្លឺម៉ង់) ព្រោះខ្ញុំរៀនឆ្នាំទី៤ នៃកម្រិត ESO។ ខ្ញុំក៏ត្រូវមានថ្នាក់រៀនអនឡាញផងដែរ ហើយវាដំណើរការយ៉ាងល្អទៀតផង»។

គួរបញ្ជាក់ថា ការបង្ហាញវត្តមានជាមួយក្រុមគោជល់អេស្ប៉ាញ កាលពីការប្រកួតបើកឆាកពូល B នៅថ្ងៃទី១៥ ខែមិថុនា កន្លងទៅ ដែលអេស្ប៉ាញយកឈ្នះក្រូអាត នៅក្នុងលទ្ធផល ៣-០ នោះ ខ្សែបម្រើប្រយុទ្ធ Lamine Yamal បានបង្កើតប្រវត្តិសាស្ត្រថ្មី គឺជាកីឡាករវ័យក្មេងបំផុតបង្ហាញវត្តមាននៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប នៅអាយុ ១៦ឆ្នាំ និង ៣៣៨ថ្ងៃ ដោយបានបំបែកកំណត់ត្រារបស់ខ្សែបម្រើ Kacper Kozlowski ក្រុមជម្រើសជាតិប៉ូឡូញ ដែលមានអាយុ ១៧ឆ្នាំ និង ២៤៦ថ្ងៃ នៅពេលរូបគេបង្ហាញវត្តមានក្នុងការប្រកួត Euro 2020៕ (ប្រភព ៖ Daily Mail, NPR និង TNT Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ