ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2024 ៖ ម្ចាស់ផ្ទះអាល្លឺម៉ង់កក់កៅអីវគ្គ១៦ក្រុមមុនគេ ខណៈក្រូអាតធ្លាក់ទៅបាតតារាង

3 ខែ មុន

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 បានក្លាយជាក្រុមដំបូងគេកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ក្រោយឈ្នះ២ប្រកួតដំបូងក្នុងពូល A និងនៅសល់១ប្រកួតទៀត ដែលត្រូវលេងបិទបញ្ចប់វគ្គចែកពូល។

ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ បច្ចុប្បន្នមាន៦ពិន្ទុកំពុងកាន់កាប់កំពូលតារាងពូល A បន្ទាប់ពីបំបាក់ស្កុតឡែន ការប្រកួតជុំទី១ នៅក្នុងលទ្ធផល ៥-១ កាលពីថ្ងៃទី១៤ ខែមិថុនា កន្លងទៅ និងបន្តឈ្នះកាប្រកួតជុំទី២ លើហុងគ្រី នៅក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅ។ ក្រុមរបស់លោក Julian Nagelsmann ជនជាតិអាល្លឺម៉ង់ អាយុ ៣៦ឆ្នាំ និង ៣២៧ថ្ងៃ ដែលបានជាប់ជាគ្រូបង្វឹកវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រជើងឯកទ្វីបអឺរ៉ុបនោះ ត្រូវបន្តប៉ះស្វីស នៅថ្ងៃទី២៣ ខែមិថុនា ឆាប់ៗខាងមុខនេះ ដែលជាការប្រកួតបិទពូល។

នៅក្នុងពូល A ក្រៅពីម្ចាស់ផ្ទះអាល្លឺម៉ង់កាន់កាប់កំពូលតារាង ស្វីសនៅលេខ២ មាន៤ ស្កុតឡែននៅលេខ៣ មាន១ពិន្ទុ ចំណែកហុងគ្រី នៅបាតតារាង គ្មានពិន្ទុរាប់។

នៅក្នុងថ្ងៃជាមួយគ្នា ពូល B ឯណោះវិញ ក្រុមជើងខ្លាំងក្រូអាត កំពុងសាបមាត់សាបកយ៉ាងខ្លាំង ក្រោយបញ្ចប់ការប្រកួតជុំទី២ ត្រឹមស្មើនឹងអាល់បានី លទ្ធផល ២-២។ នៅក្នុងពូលនេះ អេស្ប៉ាញកាន់កាប់កំពូលតារាងមាន ៣ពិន្ទុស្មើជាមួយក្រុមលេខ ២ អ៊ីតាលី ចំណែកអាល់បានីនៅលេខ៣ មាន១ពិន្ទុស្មើនឹងក្រុមបាតតារាង ក្រូអាត (មុនពេលការប្រកួតរវាងអេស្ប៉ាញ និងអ៊ីតាលី)។

ក្រូអាត និង អាល់បានី សល់ឱកាសចុងក្រោយ ដោយពួកគេត្រូវការឈ្នះចាំបាច់ដូចគ្នា នៅប្រកួតចុងក្រោយវគ្គចែកពូល ដើម្បីដណ្តើមចំណាត់លេខ ៣ ល្អប្រចាំពូល សម្រាប់ឱកាសបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ក្រូអាត ត្រូវប៉ះអ៊ីតាលី ខណៈដែលអាល់បានី ត្រូវប៉ះអេស្ប៉ាញ ការប្រកួតចុងក្រោយពូល B ដែលធ្វើឡើងដំណាល់គ្នា វេលាម៉ោង ០២:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

គួរបញ្ជាក់ជូនថា ឱកាសចុងក្រោយរបស់ក្រុមលេខ ៣ ល្អទាំង៦ពូល ត្រូវបានសម្រិតសម្រាំង​យក​តែ៤ក្រុមប៉ុណ្ណោះ ដែលអាចបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយផ្អែកលើ ពិន្ទុ, សំណល់គ្រាប់បាល់, ចំនួនជ័យជម្នះ រហូតដល់ចំណាត់ថ្នាក់កាលពីការប្រកួតវគ្គជម្រុះបឋម (European Qualifiers 2024) នៅក្នុងករណីបើក្រុមមានស្ថិតិដូចគ្នា។

កាលវិភាគប្រកួតនៅយប់នេះ ៖
ពូល B ៖
-អេស្ប៉ាញ ប៉ះ អ៊ីតាលី ម៉ោង ០២:០០នាទីទៀបភ្លឺ
ពូល C ៖
-ស្លូវេនី ប៉ះ ស៊ែប ម៉ោង ០៨:០០នាទីយប់
-ដាណឺម៉ាក ប៉ះ អង់គ្លេស ម៉ោង ១១:០០នាទីយប់៕ (ប្រភព ៖ UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ