អាចនិយាយថា ជាការស្វាគមន៍ភ្លាមៗចំពោះរដ្ឋាភិបាលថ្មីអាណត្តិថ្មីនេះ គម្រោងវិនិយោគចំនួន១៣ ត្រូវបានអនុម័តដោយមានទុនវិនិយោគរាប់សិបលានដុល្លារ ពិសេសនឹងផ្តល់ការងាររាប់រយកន្លែងដល់ប្រជាពលរដ្ឋ។
បើសិនជាកម្ពុជាអាចទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើនវានឹងផ្តល់ការងារកាន់តែច្រើនដល់ប្រជាជនកម្ពុជាដោយពុំបាច់អោយពួកគេទៅស្វែងរកការងារនៅក្រៅប្រទេសឡើយ ។ ការនិវិយោគនេះក៏នឹងជួយដល់កំនើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហើយធ្វើអោយប្រជាជនកម្ពុជាកាន់តែមានជីវភាពធូរធារ ។
ការកៀរគរអ្នកវិនិយោគ និងការបង្កើតការងារឱ្យពលរដ្ឋជាការងារអាទិភាព ដែលត្រូវធ្វើភ្លាមៗសម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត នៅពេលប្រកាសកម្មវិធីយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ។
យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៥សីហាកន្លង មកនេះ គម្រោងវិនិយោគទាំង១៣ ដែលបានអនុម័តនោះមាន គម្រោងបង្កើតរោងចក្រ ផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED ។ គម្រោងនេះនឹងវិនិយោគនៅលើទីតាំងស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៥៨លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង ។
គម្រោងវិនិយោគទី២ គឺសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន ២៣៧បន្ទប់ របស់ក្រុមហ៊ុន KHOU TOWER CO., LTD នៅលើទីតាំងកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ៨៨ និងលេខ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៨៤,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨៥៥កន្លែង ។
ខណៈ RIGHT UNION INTERNATIONAL CO., LTD សុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ២០,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤.៨៧០កន្លែង ។
ចំណែកក្រុមហ៊ុន NENGLI HARDWARE PLASTIC PRODUCTS CO., LTD ជាគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែក និងប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១០,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង ។
ទី៥ គឺក្រុមហ៊ុន POLESTAR (CAMBODIA) GARMENT CO., LTD បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៥៩១កន្លែង ។
ស្របពេលក្រុមហ៊ុន EVERGREAT (CAMBODIA) SHOES CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ ភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណ ៦,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៦០កន្លែង ។
ចំណែកគម្រោងវិនិយោគចំនួន៧ទៀតនឹងផ្តល់ការងារសរុបប្រមាណជាង៨ពាន់កន្លែង ដែលនឹងវិនិយោគលើវិស័យកាត់ដេរកែច្នៃម្ហូបអាហារ រោងចក្រស្បែកជើង ផលិតកាបូប និងកេសមានទុនវិនិយោគសរុបប្រមាណជាង២១ លានដុល្លារ ។ គម្រោងទាំងនេះនឹងផ្តល់ជាផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងផ្តល់ការងារ៕
ចែករំលែកព័តមាននេះ