ខេត្តសៀមរាប ៖ ដោយសារអ្នកជិតខាង មិនអោយក្មេងស្រីម្នាក់ជិះទូកទៅសាលាជាមួយ នាងតូចខំតស៊ូជិះក្បូន(សាងពីគំនរសំរាមលាយស្នោ) ទៅសាលារៀនបណ្ដែតទឹកលើបឹងទន្លេសាប តែម្នាក់ឯង ដោយប្រថុយប្រថាននឹងគ្រោះថ្នាក់គ្រប់ពេលវេលា ។

កុមារីម្នាក់ឈ្មោះ ឆុង គន្ធា អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ រស់នៅក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលមានជីវភាពក្រីក្រ សម្រេចចិត្តជិះក្បួនច្នៃធ្វើអំពីសំរាមនិងស្នោ ទៅសាលារៀន ។
ចំណែកស្ថានភាពគ្រួសារនាងតូចវិញមានឪពុកឈ្មោះ លន់ ឈឿម លែងលះគ្នាម្ដាយ ឈ្មោះ ភាជ ចន្ថា អាយុ៣៧ឆ្នាំ មុខរបរនេសាទ ក្នុងគ្រួសារមានកូនចំនួន៦នាក់ ក្នុងនោះស្រី៣នាក់ កុមារីឈ្មោះ ឆុង គន្ធា ជាកូនទី៤ ក្នុងគ្រួសារ ។ ដោយបញ្ហាជីវភាពគ្រួសារ មានជីវភាពក្រីក្រខ្វះខាត មានតែទូកឈើតែ១គត់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ ជាក់ស្តែងដោយក្នុង១សប្តាហ៍ ចុងក្រោយនេះ អាណាព្យាបាលបានយកទូកអុំទៅរើសខ្យង ហើយកុមារី (ឆុង គន្ធា) នាងអុំក្បួនទៅសាលារៀន ដែលមានចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រប៉ុណ្ណោះ ។

ក្មេងស្រីអុំក្បូនទៅសាលារយ:ពេល១អាទិត្យពេញ ជារៀងរាល់ខែ ជាប្រចាំ ដើម្បីទៅរៀនសូត្រក្រេបយកនូវចំណោះដឹងសម្រាប់ទៅថ្ងៃអនាគត ។ ដោយឡែក គ្រួសារឪពុកនាងតូចទើបតែបានលែងលះគ្នា រយៈពេលខ្លី រីឯម្ដាយនាងក៏ទើបយកប្ដីទី២ថ្មី បានរយ:ពេលជាពីរខែមុននេះ ដោយប្តីក្រោយមានឈ្មោះ ហឿយ គិន អាយុ៣៩ឆ្នាំផងដែរ ។
ទាក់ទិននឹងក្មេងតូចនេះដែរ បន្ទាប់ពីឃើញបណ្តាញសង្គមហ្វេសប៊ុករួចមកលោក ប្រាក់ សោភ័ណ អភិបាលខេត្តស្ដីទីសៀមរាបបានប្រាប់ នៅព្រលប់ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះថា លោកនឹងចាត់ឱ្យក្រុមការងារ រដ្ឋបាលខេត្តចុះទៅជួបកុមារី នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីមើលស្ថានភាព និងជួយឧបត្ថម្ភអំណោយមួយចំនួនផងដែរ ។

បើតាមបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះថា ក្មួយស្រីឈ្មោះ គន្ធា រៀនថ្នាក់ទី១ រស់នៅក្នុងភូមិសាស្ត្រ ឃុំកែវព័ណ៌ ស្រុកពួក ខេត្តសៀមរាប ដែលរស់នៅលើផ្ទៃបឹងទន្លេសាប ដែលត្រូវជិះស្នោរទៅរៀន ចម្ងាយពីផ្ទះទៅសាលារៀនប្រហែល១គីឡូម៉ែត្រ ដោយឪពុកក្រីក្រ ខណៈម្ដាយបានលែងលះ ហើយមានប្តីថ្មី ខណៈពេលនោះកុមារីរូបនេះត្រូវបង្ខំចិត្តទៅរៀន ដោយជិះស្នោរឆ្លងទឹកតែម្នាក់ឯងទៅរៀន ទាំងមិនខ្លាចស្តាយជីវិត ៕
ចែករំលែកព័តមាននេះ