លោក ភីថា លីមចារឿនរ៉ាត់ ចាញ់នៅក្នុងសភា ប៉ុន្តែនៅក្នុងទឹកចិត្តពលរដ្ឋថៃដែលជាម្ចាស់ឆ្នោត អតីតនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាវ័យ៤២ឆ្នាំរូបនេះមិនបានចាញ់ឡើយនៅក្នុងទឹកចិត្តពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត ។ ក្រុមអ្នកវិភាគបានអះអាងថា ក្រោយពេលដែលបរាជ័យនៅក្នុងការបោះឆ្នោតសភាពីរដង ហើយគណបក្សភឿថៃ…
លោក ភីថា លីមចារឿនរ៉ាត់ ចាញ់នៅក្នុងសភា ប៉ុន្តែនៅក្នុងទឹកចិត្តពលរដ្ឋថៃដែលជាម្ចាស់ឆ្នោត អតីតនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាវ័យ៤២ឆ្នាំរូបនេះមិនបានចាញ់ឡើយនៅក្នុងទឹកចិត្តពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត ។
ក្រុមអ្នកវិភាគបានអះអាងថា ក្រោយពេលដែលបរាជ័យនៅក្នុងការបោះឆ្នោតសភាពីរដង ហើយគណបក្សភឿថៃ បានដណ្តើមតំណែងជាអ្នកឈ្នះនៅក្នុងសភាក៏ពិតមែន ប៉ុន្តែលោក ភីថា នៅតែបន្តជីវភាពនយោបាយ និងសង្គមជាធម្មតាជាមួយនឹងស្នាមញញឹមដ៏ស្រស់បំព្រង ។
លោក ភីថា គឺជាអ្នកនយោបាយថៃដ៏មានឥទ្ធិពល និងមានទស្សនៈវិស័យច្បាស់លាស់មិនឆេវឆាវ មិនប្រថុយប្រថាន ប៉ុន្តែមានគោលការណ៍ និងទស្សនៈវិស័យរឹងប៉ឹងច្បាស់លាស់ដែលនោះហើយ គឺជាអ្វីដែលពលរដ្ឋថៃកំពុងតែដាក់ពិន្ទុរជូនលោក ។ អ្នកនយោបាយដែលបានប្រឡូកនៅក្នុងវិថីដ៏គ្រោះថ្នាក់នេះប្រមាណជា១០ឆ្នាំ លោកបានឈ្នះនៅក្នុងការបោះឆ្នោតដែលគ្មាននរណាអាចនឹងស្មានដល់ ដោយលោកទទួលការគាំទ្រពីពលរដ្ឋច្រើនជាងគេ ពោល គឺ៣៨ភាគរយ ជាមួយនឹងគោលនយោបាយ ដើម្បីទប់ស្កាត់ទំនាក់ទំនងរវាងអំណាចឥស្សរជនយោធា និងរាជានិយមដ៏មានឥទ្ធិពលបំផុតនៅសង្គមថៃ ។
នៅបរិបទសង្គមថៃបច្ចុប្បន្ន គោលនយោបាយនេះ គឺជាការប្រថុយប្រថាន ប៉ុន្តែភាពក្លាហាន របស់ លោក ភីថា អាចយកឈ្នះទឹកចិត្តក្រុមយុវជន និងបញ្ញាវ័ន្តថៃរហូតទទួលទទួលបានអសនៈសភាចំនួន១៥១ អាសនៈ ។
លោកបរាជ័យនៅក្នុងសភា នៅក្នុងការប៉ុនប៉ងបង្កើតរដ្ឋាភិបាល ដើម្បីកែទម្រង់យោធា និងរបបរាជានិយមនៅក្នុងការបោះឆ្នោតសភា កាលពីខែកក្កដាពីរដង ពិតមែន ប៉ុន្តែអនាគតលោកអាចនឹងទទួលការគាំទ្រកាន់តែខ្លាំង ដោយសារតែពលរដ្ឋថៃដឹងថា លោក គឺជាអ្នកដែលគោរពឆន្ទះពួកគេដែលជាម្ចាស់ឆ្នោតពិតប្រាកដដោយមិនមានការសម្របសម្រួល ដើម្បីតែអំណាច ហើយបោះបង់ក្រុមអ្នកគាំទ្ររបស់ខ្លួន ។
នៅមុនពេលសភាគាំទ្រ លោក ស្រ៊ីថា ថាវីស៊ីន មកពីគណបក្សភឿថៃដែលជាគណបក្សធំទីពីរ នៅក្នុងសភា គេជឿជាក់ថា ប្រសិនបើលោក ភីថា បន្ទន់គោលជំហរនយោបាយនោះ លោក ស្រ៊ីថា និងដៃគូ ១១បក្សរបស់លោកប្រហែលជាគ្មានឱកាសឡើយ ប៉ុន្តែលោកបានសុខចិត្ត ជ្រើសរើសនូវជម្រើសនយោបាយមួយស្របតាមគោលការណ៍ដែលលោកសន្យាជាមួយម្ចាស់ឆ្នោត ។
នៅក្រោយពេលដែលលទ្ធផលបោះឆ្នោតខែឧសភាចេញ លោក ភីថា ត្រូវបានគេឃើញថា មិនផ្តោតខ្លាំងលើសកម្មភាពបញ្ចុះបញ្ចូល ហើយ និងសម្របសម្រួលជាមួយនឹងអ្នកនយោបាយនៅបាងកកឡើយ ដោយលោកចំណាយពេលជាច្រើនជាមួយនឹងមហាជនដែលគាំទ្រលោក ។ នៅក្រោយពេលដែលលទ្ធផលនៅសភាចេញ មានបាតុភាពតវ៉ាខ្លះបានផ្ទុះ ប៉ុន្តែ លោក ភីថា មិនជ្រើសរើសតវ៉ា និងនយោបាយប្រទូសសារ៉ាយ នៅតាមដងផ្លូវដែលអ្នកនយោបាយថៃឡើយ ។
មកដល់ពេលនេះ គោលជំហរដែលគណបក្សឆ្ពោះទៅមុខ និងលោក ភីថា ប្រកាន់យក គឺនៅតែផ្តល់អាទិភាពពាក់ព័ន្ធនឹងច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រ ដែលគេស្គាល់ថាជា ប្រមាថព្រះមហាក្សត្រ ឬមាត្រា១១២ ។ មាត្រា ១១២នេះ គឺជាចំណុចដែលសង្គមថៃខ្លាចបំផុត ហើយក៏មានអ្នកនយោបាយ និងពលរដ្ឋមិនតិចឡើយដែលត្រូវមានពិរុទ្ធ ។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកមនុស្សជាង២០០ នាក់ ហើយត្រូវបានចាប់ខ្លួនតាមមាត្រានេះទាក់ទងនឹងសកម្មភាពនៅក្នុងបាតុកម្មគាំ ទ្រលទ្ធិប្រជាធិបតេយ្យ និងការបញ្ចេញមតិដែលធ្វើឡើង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែលោក ភីថា និង ក្រុមមេដឹកនាំគណបក្សឆ្ពោះទៅមុខពេញចិត្តនឹងតស៊ូយកវា គឺជាគោលនយោបាយចម្បងរបស់បក្ស ។
លោក ភីថា ត្រូវបានគេដឹងថា គឺជាមនុស្សដែលមានចរិតតស៊ូ ហើយនៅវ័យ ២៥ឆ្នាំ នៅពេលដែលបាត់បង់ឪពុកលោកនោះលោកបានមកដឹកនាំក្រុមហ៊ុនគ្រួសារ ដែលមានឈ្មោះថា Agrifood ងើបពីបំណុលក្លាយជាក្រុមផលិតប្រេងកន្ទក់ដ៏ធំបំផុតមួយនៅអាស៊ី ។
ក្រោយមកនៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីធ្វើការនៅក្នុងផ្នែកធនាគារ និងប្រឹក្សាយោបល់មួយរយៈពេលខ្លីលោកក៏ក្លាយជានាយកប្រតិបត្តិ Grab Thailand ហើយបានចូលជីវភាពនយោបាយនៅឆ្នាំ២០១៩ និងក្លាយជាសមាជិកសភានៅក្នុងគណបក្សអនាគតទៅមុខដែលក្រោយមកនៅខែមីនា ឆ្នាំ២០២០ ក៏ត្រូវរំលាយចោល ប៉ុន្តែនៅពេលដែលគណបក្សឆ្ពោះទៅមុខងើបចេញពីផេះនៃគណបក្សអនាគតទៅមុខលោកក៏ក្លាយជាអ្នកដឹកនាំ ។
នៅក្នុងជីវិតគ្រួសារ លោកបរាជ័យ ដោយបែកបាក់ជាមួយនឹងលោកស្រី ជូតិម៉ា ថេនផាណាត (Chutima Teenpanart)ដែលជាតារាសម្តែង និងជាតារាម៉ូដែលថៃជាមួយនឹងកូន ស្រីម្នាក់ ប៉ុន្តែ៧ឆ្នាំ ក្រោយបែកបាក់ អតីតភរិយា និង កូនស្រីរបស់លោកបានក្លាយជាខ្នងបង្អែកខាងអារម្មណ៍នៅពីក្រោយលោក ។
លោក អេម ស៊ីនផេង (Aim Sinpeng) សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ ស៊ីដនីបាននិយាយថា លោកភីថា គឺជាអ្នកនយោបាយហើយឆ្ពោះទៅមុខគឺជាគណបក្សដែលមិនដំណើរការលើលុយទេ ប៉ុន្តែនៅលើគំនិត និងមនោគមវិជ្ជាច្បាស់លាស់ដែលជាចលនានៃការប្រែប្រួលនៅពេលអនាគត ។
រីឯលោក ណាផុន ចាទុស្រ៊ីភីតាក ( Napon Jatusripitak ) អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរីយល់ស្របថា គណបក្ស ឆ្ពោះទៅមុខរបស់ប្រទេសថៃ នៅតែស្ថិតក្នុងស្ថានភាពខ្លាំង ។
លោកបានសង្កត់ធ្ងន់ថា ទោះបីជា គេអាចហាមឃាត់ ភីថា ឬរំលាយគណបក្សនេះចោល ប៉ុន្តែតាមរយៈឆន្ទះ និងខ្សែរបន្ទាត់នយោបាយពួកគេនឹងធ្វើឱ្យចលនានេះក្លាយជាការគាំទ្រកាន់តែខ្លាំងសម្រាប់ការចាប់បដិសន្ធិនៃជោគជ័យនាពេលអនាគត ៕ ដោយៈ ហេង ចេស្តា
ចែករំលែកព័តមាននេះ