នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវការណែនាំ និងប្រគល់ភារកិច្ចជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តការងារអាទិភាពចំពោះមុខ ក្នុងឆ្នាំ២០២៣ ដូចជាខិតខំសម្របសម្រួលប្រាក់ឈ្នួលអប្បបរមា បង្កើតឱ្យមានកម្មវិធី ប្រកួតប្រជែងលើប្រធានបទភាពសុខដុមរមនានៅកន្លែងធ្វើការ ជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រដែលកំពុងដំណើរឱ្យបានសមរម្យសម្រាប់កម្មករ-និយោជិត ។
បញ្ហាទាំងអស់នេះ សុទ្ធសឹងជាយន្តការលើកកម្ពស់លក្ខណរស់នៅរបស់កម្មករកាត់ដេរឱ្យប្រសើរ ។ ប្រសិនវិធាននេះអនុវត្តន៍បានសម្រេចជោគជ័យធំធេងរបស់រដ្ឋាភិបាលអាណត្តិថ្មី ហើយបញ្ហាដែលកម្មករធ្លាប់ស្មុគស្មាញនឹងត្រូវបានប្រសើរ ។
គេបានដឹងហើយថា ជីវិតកម្មករកាត់ដេរមានការលំបាក ប្រាក់ចំណូលទាប ហើយពិបាករស់ ។ កន្លែងធ្វើការខ្លះមានបរិស្ថានមិនល្អ ជាញឹកញាប់កម្មករបានដួលសន្ល.ប់ ។ ជាងនេះទៅ ទៀតនៅតាមរោងចក្រមានកន្លែងលក់ចំណីអាហារ ដែលគេមើលឃើញថា គ្មានអនាម័យ អាហារគ្មានសុវត្ថិភាព និងគ្មានគុណភាព។ កម្មករជាច្រើនបានឱ្យដឹងថា ដោយសារអ្នកលក់ធ្វើម្ហូបឱ្យមានតម្លៃថោកសមស្របចំណូលកម្មករ បន្លែ ត្រីសាច់ ដែលគេយកមកចម្អិនអាហារមានគុណភាពអន់ ។ កន្លែងទទួលទាន មិនសមរម្យ ។ កម្មការអង្គុយទទួលទានអាហារតាមដងផ្លូវ ក្រោមម្លប់ដើមឈើរក្បែរៗរោងចក្រ។
នៅពេលចុះជួបកម្មករជាលើកទី១ កាលពីសប្តាហ៍មុន ក្នុងតំណែងនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើដល់អ្នកពាក់ព័ន្ធឱ្យរៀបចំលិខិតបទដ្ឋានគតិយុត្តជាបន្ទាន់ ដើម្បីដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ។ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសប្រមាណ១,៥លាននាក់ និងត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ ។ លោកថែមទាំងស្នើដល់ក្រសួងពាក់ព័ន្ធ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាល កូនឱ្បបានល្អ និងកាន់តែមានភាពងាយស្រួល ។
នាយករដ្ឋមន្ត្រីថែមទាំងជំរុញបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ចាប់ពីឆ្នាំ២០២៤តទៅ ។ ការគិតគូរដល់កម្មករមិនទាន់អស់ត្រឹមនេះទេ លោកនាយករដ្ឋមន្ត្រីថែមទាំងបញ្ជាក់ថា សម្រាប់រយៈពេល២ឆ្នាំខាងមុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករ-និយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ និងសហការជាមួយភាគីពាក់ព័ន្ធ ជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករ-និយោជិត ។
ឯកឧត្តមនាយករដ្ឋមន្ត្រី ស្នើឱ្យក្រសួងការងារដែលជាអាណាព្យាបាលកម្មករនិយោជិត សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរនូវមធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាកសុខភាពជាងមុនត្រឹមឆ្នាំ២០២៧ ។
ការធ្វើដំណើរទៅធ្វើការ ដែលត្រូវជិះថយន្តប្រជ្រៀតគ្នារថយន្តខ្លះបានកែច្នៃខុសបច្ចេកទេស ដើម្បីដឹកកម្មករបានច្រើននាក់នោ ជាមូលដ្ឋានបង្កគ្រោះថ្នាក់បានធ្វើឱ្យកម្មករកាត់ដេរ ស្លា.ប់ និងរបួសជាញឹកញាប់នៅលើដងផ្លូវ ។ ប្រសិនជាអ្វីៗ ដែលឯកឧត្តមនាយករដ្ឋមន្ត្រី លើកឡើងបានអនុវត្តមែននោះ ស្ថានភាពរស់នៅរបស់កម្មករកាត់ដេរនឹងបានល្អប្រសើរ ឬគេអាចនិយាយបានថា«ការលើកឡើងរបស់ឯកឧត្តម នាយករដ្ឋមន្ត្រីអេះចំរមាស់» ៕ ៖ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ