លិខិតតែងតាំងមានជាហូរហែរមិនទាន់ចប់ឡើយ ចាប់តាំងពីថ្ងៃទី២២ ខែសីហាមក ដូច្នេះយើងង្ឃឹមថា អ្នកដែលបានទទួលការតែងតាំងហើយទទួលបានប្រាក់បៀវត្សរ៍ សូមជួយធ្វើការបម្រើរដ្ឋ និងរាស្ត្រអោយសមតម្លៃនៃកិត្តិយស និងការចំណាយរបស់ជាតិផង ។
មកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់ទាំងក្នុងប្រអប់ និងក្រៅប្រអប់ហើយ និងការផ្លាស់ប្តូរតួនាទី និងភារកិច្ចកំពុងតែចេញមិនទាស់អស់នៅឡើយទេ ហើយសង្ឃឹមថា នឹងអស់នៅដើមខែកញ្ញានេះ ។ ការតែងតាំងច្រើនបែបនេះទំនងជាមានគោលដៅប្រមូលខួរក្បាលមនុស្សពូកែៗដើម្បីជួយដល់ការងាររដ្ឋ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ ។

ចាប់ពីខែកញ្ញាតទៅ អស់លោក/លោកស្រី ដែលគេជឿថា មានសមត្ថភាព និងស្នាដៃហើយ ទទួលការតែងតាំងគួរចូលការិយាល័យ ដើម្បីបំពេញការងារ និងផ្តល់សេវាជូនរាស្ត្រឲ្យសក្តិសមនឹងសមត្ថភាព និងការទទួលខុសត្រូវតាមការតែងតាំងនេះ ដើម្បីធ្វើយ៉ាងណានាំកម្ពុជាឆ្ពោះទៅរកគោលដៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដូចដែលរាជរដ្ឋាភិបាលអាណត្តិថ្មីចង់បាន ។ នេះក៏ជាសេចក្តីប្រាថ្នាដ៏ខ្ពស់របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលចង់ឃើញលទ្ធផលនៃការងាររបស់មន្ត្រីទាំងអស់ ដើម្បីជាការវាស់វែងនៃការងាររបស់រដ្ឋាភិបាលអាណត្តិថ្មីដែលពោរពេញដោយឈា.មថ្មីនេះ ។

បើនិយាយអំពីទីកន្លែងធ្វើការយើងគិតថា អស់លោក/លោកស្រី អាចនឹងពិបាករកកន្លែងបំពេញការងារបន្តិចពីព្រោះចំនួនថ្នាក់ដឹកនាំដែលទទួលការតែងតាំងពីអនុរដ្ឋលេខាធិការឡើងទៅដល់រដ្ឋមន្ត្រីមានសរុបជាង១.៥០០នាក់ ហើយក្រៅពីនោះមានអស់លោក/លោកស្រី ដែលទទួលតំណែងជាទីប្រឹក្សាដែលមានឋានៈចាប់ពីអគ្គនាយកដល់រដ្ឋមន្ត្រី មានប្រមាណជា៨.០០០នាក់ ឃើញថាច្រើនអាចពិបាករកកន្លែងធ្វើការសមរម្យនៅតាមក្រសួង ស្ថាប័ន នានាបន្តិច ។

ត្រឹមមន្ត្រីនយោបាយដែលទទួលការតែងតាំងរដ្ឋអាចនឹងដោះស្រាយកន្លែងធ្វើការជូនបាន ប៉ុន្តែប្រសិនបើមន្ត្រីកិត្តិយសថ្នាក់ទីប្រឹក្សាក៏ដូចជា ជំនួយការទាំងអស់ប្រហែលជាពិបាក ប៉ុន្តែមិនមែនមានន័យថា អស់លោក/លោកស្រីមិនអាចបម្រើរាស្ត្របាននោះទេ ។
សម័យនេះជាសម័យឌីជីថលនីយកម្ម ហើយក៏ជាសម័យទំនើបកម្មនៃបច្ចេកវិទ្យា ដូច្នេះនេះ គឺជាច្រកការងារមួយដ៏សំខាន់ ។ នៅក្នុងយុគសម័យនេះមានមនុស្ស និងអ្នកជំនាញជាច្រើនដែលអាចធ្វើការងាររកចំណូល និងផ្តល់ទិន្នផលការងារដែលមានតម្លៃដ៏មហាសាលដោយមិនចាំបាច់មានការិយាល័យបំពេញការងារឡើយ ។ របៀបធ្វើការងារនេះ គឺជារបៀបបំពេញចំណេះ និងជំនាញហើយក៏អាចចូលរួមបំពេញការងារពីចម្ងាយ ។ ក្រៅពីចំណេះជំនាញមន្ត្រីទាំងអស់ត្រូវតែចងចាំពាក្យនាយករដ្ឋមន្ត្រីចាស់ គឺសម្តេចតេជោ ហ៊ុន សែន តែងតែពោលថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រទេ ។
ការធ្វើការពីចម្ងាយតាមអនឡាញ គឺជារបៀបនៃគំរូអនុវត្តការងារពីចម្ងាយ ដោយមិនចាំបាច់ត្រូវការការិយាល័យ ដើម្បីផ្តល់សេវាកម្ម ឬបង្កើតទិន្នផលការងារឡើយ ។ ការងារដែលបំពេញតាមគំរូនៃការទទួលខុសត្រូវប្រភេទនេះ ជាធម្មតាត្រូវបានអនុវត្តដោយបុគ្គលិក ឬអ្នកជំនាញ ហើយមធ្យោយបាយបំពេញការងារ គឺអនឡាញនេះឯង ។

នៅក្នុងចំណោមមន្ត្រីកិត្តិយសជាទីប្រឹក្សា និងជំនួយការដែលមានឋានៈស្មើអគ្គនាយកឡើងទាំងអស់មានបរទេសមានខ្មែរ ហើយក៏មានអ្នកដែលទទួលប្រាក់បៀវត្សរ៍ និងអ្នកដែលមិនទទួលបៀវត្សរ៍ ។ អស់លោកទាំងអស់នេះ សុទ្ធតែជាបុគ្គលដែលមានបទពិសោធ និងសមត្ថភាព ជាពិសេស គឺមូលធនបញ្ញាដែលជាតិកំពុងតែត្រូវការ ដូច្នេះគំរូការងារ Outsourcing នេះ សង្ឃឹមថានឹងក្លាយជាបែបផែនការងារ និងអាចទទួលបានវិភាគទានជាមូលធនគំនិតចាក់បញ្ចូលទៅក្នុងស្ថាប័នរដ្ឋដែលអស់លោក/លោកស្រី បានទទួលការតែងតាំង ដើម្បីឲ្យមន្ត្រីរាជការដែលកំពុងតែមានតួនាទីប្រតិបត្តិ កាន់តែបំពេញការងារមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដែលរាស្ត្រចង់បានចង់ឃើញ ការផ្លាស់ប្តូរ និងភាពរីកចម្រើន និងការអភិវឌ្ឈប្រកបដោយនិរន្តភាព ៕ ដោយៈ ហេង ចេស្តារ

ចែករំលែកព័តមាននេះ