ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ បាន​ក្លាយជា​ប្រធានបទ​សំខាន់​មួយ ដែល​ប្រទេស​មួយ​ចំនួន​បាន​លើក​ឡើង​មក​ជជែក​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ។ សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ជា​ប្រធានបទ​មួយ​ដែល​បណ្តា​ប្រទេស​ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន​រិះគន់​កម្ពុជា ប៉ុន្តែ​ពេល​នេះ​បញ្ហា​នេះ​ត្រូវ​កម្ពុជា​បើកចំហ​ជជែក​ជាមួយ​ប្រទេស​ជា​ដៃគូ ។…

បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ បាន​ក្លាយជា​ប្រធានបទ​សំខាន់​មួយ ដែល​ប្រទេស​មួយ​ចំនួន​បាន​លើក​ឡើង​មក​ជជែក​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ។ សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ជា​ប្រធានបទ​មួយ​ដែល​បណ្តា​ប្រទេស​ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន​រិះគន់​កម្ពុជា ប៉ុន្តែ​ពេល​នេះ​បញ្ហា​នេះ​ត្រូវ​កម្ពុជា​បើកចំហ​ជជែក​ជាមួយ​ប្រទេស​ជា​ដៃគូ ។

គណៈប្រតិភូ​ព្រឹទ្ធសភា​អា​មេ​រិ​ក នៅ​ពេល​ជួប​ជាមួយ​ឯកឧត្តម នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​នេះ ។ ដោយឡែក​កម្ពុជា និង​ប្រទេស​ជប៉ុន​បាន​រៀបចំ​កិច្ច​សន្ទនា​ស្តី​ពី​សិទ្ធិ​មនុស្ស​នេះ​ជាមួយ​គ្នា​ដែរ ។ ខណៈ​ដែល​នៅ​ក្នុង​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​របស់​រាជរដ្ឋាភិបាល​ក៏​បាន​សន្យា​ថា នឹង​ពង្រឹង​លើកកម្ពស់​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ដែរ ។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក អា​ឡិច ខាន​ស៍ (Alex Carnes) គណៈប្រតិភូ​ព្រឹទ្ធសភា​អា​មេ​រិ​ក កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣ ។ ឯកឧត្តម នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​សហរដ្ឋអាមេរិក ដែល​កន្លង​មកនេះ​បាន​ដើរតួ​នាទី​ចូលរួម​ចំណែក​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​កម្ពុជា​តាម​រយៈ​ការ​ជួយ​ដល់​ដំណើរ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​, ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​, ការ​បោសសម្អាត​មីន និង​ការ​ផ្តល់​នូវ​ទីផ្សារ​ដ៏​ទូលំទូលាយ​សម្រាប់​ផលិតផល​វាយ​ន​ភណ្ឌ និង​កាត់ដេរ​របស់​កម្ពុជា​តាម​រយៈ​ប្រព័ន្ធ GSP, ការ​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩, ការ​ផ្តល់​ជំនួយ​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល និង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ។

ដោយឡែក លោក អា​ឡិច ខាន​ស៍ បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​ដែល​ជា​ការ​បើក​ទំព័រ​ថ្មី​មួយ​ឈាន​ទៅ​រក​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​កម្ពុជា​-​អា​មេ​រិ​ក ។ លោក​បាន​វា​.​យ​តម្លៃ​ខ្ពស់​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​អា​មេ​រិ​ក​-​កម្ពុជា ដែល​មាន​ចំណង​ការទូត​ដ៏​យូរអង្វែង​មក​ហើយ និង​ការ​ចូលរួម​របស់​សហរដ្ឋអាមេរិក​តាម​រយៈ​កម្មវិធី​ជំនួយ​អភិវឌ្ឍ​សង្គម​, ការ​លើកកម្ពស់​ផ្នែក​សុខាភិបាល និង​ការ​អប់រំ​នៅ​កម្ពុជា ។

នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ទៅ​ដៃគូ​ថា កម្ពុជា​បើកទ្វារ​ចំហ និង​ទទួល​ស្វាគមន៍​ជា​និច្ចនូវ​រាល់​គំនិត​ផ្តួចផ្តើម និង​កិច្ច​សហប្រតិបត្តិការ​នានា​ដែល​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​កម្ពុជា​-​អា​មេ​រិ​ក ។ កម្ពុជា​ពិតជា​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​គោរព​គ្នា និង​ការ​ផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សម្លឹង​ទៅ​មុខ​ឱ្យ​លើស​ពី​ផលប្រយោជន៍​នយោបាយ​តែ​មួយ​មុខ ។ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​វេទិកា​ពហុភាគី ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ​។

កម្ពុជា និង​អា​មេ​រិ​ក បាន​ពិភាក្សា​គ្នា​បន្ថែម​ទៅ​លើ​កិច្ច​ការងារ​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​ទៅ​នឹង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​, បញ្ហា​សិទ្ធិ​មនុស្ស​, សន្តិសុខ​, សុវត្ថិភាព និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ។

ក្រសួងការបរទេស​ឯណោះ​វិញ​បាន​ប្រកាស​ឱ្យ​ដឹង​ថា អនុរដ្ឋលេខាធិការ​ក្រសួង​នេះ មួយ​រូប​បាន​ជួប​ជាមួយ​លោក Naofumi Hashimoto ឯកអគ្គរាជទូត ទទួល បន្ទុក​សិទ្ធិ​មនុស្ស​និង​ស្ថិរភាព និង​សន្តិភាព​អន្តរជាតិ​នៃ​ក្រសួងការបរទេស​ជប៉ុន​បាន​ចូលរួម​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ច​សន្ទនា​រវាង​កម្ពុជា និង​ជប៉ុន​ស្តី​ពី​សិទ្ធិ​មនុស្ស​លើក​ទី​១២ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​កិច្ច​សន្ទនា​នេះ ភាគី​ទាំង​ពី​បាន​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​លើ​ប្រធានបទ​សិទ្ធិ​មនុស្ស ។ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​ការ​បោះ​ឆ្នោត​សេរីភាព​ជា​មូលដ្ឋាន​កំណែទម្រង់​ប្រព័ន្ធ​តុលាការ កម្មវិធី​ជំនួយ​ផ្នែក​ច្បាប់ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៃ​ក្រុម​ងាយ​រង​គ្រោះ ។ លើស​ពី​នេះ​ភាគី​ទាំង​ពីរ​បាន​រិះរក​មធ្យោបាយ​នានា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​វិស័យ​រក្សា​សន្តិភាព គំនិត​ផ្តួចផ្តើម​ជំនួយ​មនុស្សធម៌ ព្រមទាំង​កិច្ចសហការ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ រួម​ទាំង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ផង​ដែរ​។

ផ្អែក​ទៅ​លើ​ទ​ឡ្ហិ​ករទាំង​អស់នេះ កម្ពុជា​បាន​កំពុង​យកចិត្តទុកដាក់​បន្ថែម​ទៅ លើ​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ។ កម្ពុជា​ក៏​ខំប្រឹង​ផង​ដែរ បង្កើត​មិត្ត​ជាង​សត្រូវ ។ ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា និង​ប្រទេស​ផ្សេង​ៗ គេ​ត្រូវ​យកចិត្តទុកដាក់​រកចំណុចរួម​នៃ​កិច្ច​សហប្រតិបត្តិការ​ជា​ជាង​ចាប់​យក​ចំណុចខ្សោយ ឬ​ខុស​គ្នា​មក​ធ្វើ​អោយ​ពាំង​ទើស​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​ប្រទេស និង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ