រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានត្រូវចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនារីម៉ាស្សា និងកោសជប់រហូតបានសម្រេច និងបានគំរាមសម្លាប់ដោយមិនឱ្យនាងនិយាយប្រាប់គេឡើយ ប៉ុន្តែដោយសារមិនអាចអត់ទ្រាំទៅនឹងទង្វើដ៏លាមកនោះបានទើបក្រោយពេលរំលោភបានមួយថ្ងៃនាងសម្រេចចិត្តប្តឹងឱ្យប៉ូលិសប៉ុស្តិ៍កាកាបចាប់ខ្លួនជននោះតែម្តង ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ឧសភា ២០១១ នៅក្នុងបន្ទប់ផ្ទះកោសជប់ និងម៉ាស្សា យីហោ៩៩៩ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌដង្កោ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះសំ រ៉ែម អាយុ២៤ឆ្នាំ មុខរបររត់តុនៅភោជនីយដ្ឋានតារារតនៈ ស្នាក់នៅផ្ទះជួល ភូមិកើតហេតុខាងលើ ចំណែកឯនារីរងគ្រោះអាយុ១៦ឆ្នាំ មុខរបរជាអ្នកកោសជប់ និងម៉ាស្សានៅទីតាំង៩៩៩ខាងលើនោះ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើជនសង្ស័យបន្ទាប់ពីចប់ម៉ោងធ្វើការបានចេញពីហាងឆ្ពោះទៅរកកោសជប់ និងម៉ាស្សានៅចំណុចហាង៩៩៩នោះ ហើយបានជ្រើសរើសនាងរងគ្រោះខាងលើឱ្យម៉ាស្សាឱ្យខ្លួន ។ បន្ទាប់ពីនិយាយថ្លៃត្រូវរ៉ូវគ្នាហើយ ពួកគេបាននាំគ្នាដើរចូលទៅក្នុងបន្ទប់ដើម្បីម៉ាស្សា។ គ្រាន់តែចូលដល់ក្នុងបន្ទប់ភ្លាម ជនសង្ស័យក៏បានចាប់នាងរងគ្រោះរុញផ្តួលទៅលើគ្រែរួចចាប់រំលោភសេពសន្ថវៈទាំងកំរោលរហូតបានសម្រេចតែម្តង។
ប្រភពដដែលបានបន្តទៀតថា ក្នុងនោះនាងរងគ្រោះបានខំរើបំរះ និងស្រែកឱ្យគេជួយដែរ ប៉ុន្តែរើមិនរួច និងគ្មាននរណាឮ ម្យ៉ាងទៀត ជននោះបានគំរាមសម្លាប់ចោលបើសិនជានាងហ៊ាននិយាយរឿងនេះប្រាប់គេ ។ ក្រោយពេលរំលោភរួចជននោះបានដើរចេញពីបន្ទប់ទៅបាត់ចំណែកឯនារីរូបនោះដោយខ្លាចមានគ្រោះថ្នាក់ដល់ជីវិតភ្លាមៗនាងមិនហ៊ានយករឿងនោះប្រាប់ឱ្យនរណាដឹងឡើយ សូម្បីបងស្រីក៏មិនបានប្រាប់ឱ្យដឹងដែរ ។ លុះក្រោយមក ដោយសារប្រដាប់ភេទរបស់នាងឈឺខ្លាំង និងមានឈាមហូរខ្លាំងគួរឱ្យព្រួយបារម្ភ ទើបនាងទ្រាំតទៅទៀតលែងបាន ហើយក៏យករឿងរ៉ាវទាំងអស់ប្រាប់មិត្តភក្តិ និងបងស្រីឱ្យបានដឹង ទើបបងស្រីរបស់នាងនាំទៅប្តឹងប៉ូលិស ។ ក្រោយពេលទទួលបានពាក្យបណ្តឹងប៉ូលិសប៉ុស្តិ៍កាកាបបានចុះទៅចាប់ខ្លួនជននោះ នាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ