នៅពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានសម្រេចទស្សនកិច្ចនៅប្រទេសវៀតណាមនៅខែកញ្ញាខាងមុខ ហើយមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លោកបានបញ្ជូនសារនយោបាយសំខាន់មួយ គឺទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងមហាអំណាចពិភព លោក និងប្រទេសកុម្មុយនិស្តវៀតណាម ដែលជាសត្រូវចាស់ដែលធ្លាប់ធ្វើអោយអាមេរិកចាញ់សង្គ្រាមនៅវៀតណាមយ៉ាងអាម៉ាស…
នៅពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានសម្រេចទស្សនកិច្ចនៅប្រទេសវៀតណាមនៅខែកញ្ញាខាងមុខ ហើយមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លោកបានបញ្ជូនសារនយោបាយសំខាន់មួយ គឺទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងមហាអំណាចពិភព លោក និងប្រទេសកុម្មុយនិស្តវៀតណាម ដែលជាសត្រូវចាស់ដែលធ្លាប់ធ្វើអោយអាមេរិកចាញ់សង្គ្រាមនៅវៀតណាមយ៉ាងអាម៉ាស ។

ពេលនេះអាមេរិកជីកកប់ចោលអាទិភាពរវាងប្រទេសទាំងពីរ ហើយចាប់ដៃគ្នាក្នុងបំណងរួមមួយ គឺទប់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ។ សេតវិមានបានប្រកាស កាលពីដើមសប្តាហ៍នេះថា លោក បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែកញ្ញា ដើម្បីជួបជាមួយអគ្គលេខាបក្សវៀតណាម គឺលោក ឃ្វៀន ភូជុង ( Nguyen Phu Trong) និងមេដឹកនាំវៀតណាមដទៃទៀត បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំប្រទេស G ២០ នៅឥណ្ឌា ។


ប្រភពដដែលបានបន្តថា នៅក្នុងអំឡុងពេលនោះវៀតណាម និងអាមេរិក នឹងស្វែងរកឱកាស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចវៀតណាម ដែលផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជនតាមរយៈការផ្លាស់ប្តូរការអប់រំ និងកម្មវិធីអភិវឌ្ឍន៍កម្លាំង ពលកម្ម ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើនសន្តិភាពវិបុលភាព និងស្ថិរភាព ។
តាមរូបភាពទំនាក់ទំនងរវាងអាមេរិក និងវៀតណាម ពេលនេះភាពជាសត្រូវ និងចំណងមិត្តភាពគ្មានអ្វីស្ថិតស្ថេរបានទេ សំខាន់ការអនុវត្តនូវគោល នយោបាយមួយដែលមានជំហរច្បាស់លាស់ រឹងមាំ ហ្មត់ចត់ដោយឈរនៅលើមូលដ្ឋាននៃផលប្រយោជន៍ជាតិ និងប្រជាជនរៀងៗខ្លួន ។

នៅលើសមរភូមិការទូតនាដំណាក់កាលបច្ចុប្បន្ននេះ ការអនុវត្តនូវគោលនយោបាយណាមួយដែលមានចរិតរឹងត្អឹង មិនបទបែនអាចជាគ្រោះមហន្តរាយមួយសម្រាប់ជាតិពីព្រោះពិភពលោក គឺស្ថិតនៅក្នុងយុគសម័យនៃប្រព័ន្ធពហុភាគីនិយម និងសាកលភាវូបនីយកម្ម ករណីដូចជា វៀតណាម និងអាមេរិក គឺជាសក្ខីកម្មដ៏ប្រត្យក្រដែលឆ្លុះបញ្ចាំងពីគំរូនយោបាយការបរទេសមួយក្នុងបរិបទពិភពលោកសព្វថ្ងៃ ។
មិនថា ប្រទេសមួយជាប្រទេសប្រជាធិបតេយ្យ ឬប្រទេសកុម្មុយនិស្តទេ នៅពេល ដែលគេមើលឃើញផលប្រយោជន៍នៃទំនាក់ទំនងទ្វេភាគី គេនឹងបិទភ្នែកធ្វើមិនដឹងមិនលឺ ចំពោះបញ្ហានៅក្នុងប្រទេសដែលជាដៃគូទំនាក់ទំនង ។ ពោលគឺគេលែងខ្វល់ឆ្មារសម្បុរស ឬខ្មៅឡើយ ដរាបណាឆ្នានោះអាចចាប់កណ្តុរអោយគេបាន ។ និយាយអោយចំជាងនេះនៅពេលគេមានប្រយោជន៍គេនឹងរាប់រកគ្នា ហើយមិនខ្វល់រឿងប្រជាធិបតេយ្យ ឬកុម្មុនិស្ត ឬសិទ្ធិមនុស្សអ្វីឡើយ ។
មកដល់ពេលនេះប្រទេសដែលជាសត្រូវស៊ីសាច់ហុ.តឈា.មនឹងគ្នាសម័យសង្គ្រាមនៅឥណ្ឌូចិន តាំងពីទស្សវត្សរ៍នៃឆ្នាំ១៩៥០ រហូតដល់ឆ្នាំ១៩៧៥ ពោលគឺសហរដ្ឋអាមេរិក និងវៀតណាម គឺកំពុងតែល្អូកល្អិននឹងគ្នា ។នៅមុនឆ្នាំ២០០០ ក្រោយប្រទេសវៀតណាម និងសហរដ្ឋអាមេរិកបានបើកទំនាក់ទំនងការទូតនឹងគ្នានៅក្នុងឆ្នាំ១៩៩៥ អាមេរិកនៅតែបន្តរិះគន់វៀតណាម អំពីប្រព័ន្ធនយោបាយបក្សតែមួយ បញ្ហាសិទ្ធិសេរីភាព សិទ្ធិបញ្ចេញមតិ ជំនឿ សាសនាពោល គឺសិទ្ធិមនុស្សជារួមជាបន្តបន្ទាប់ ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងតែល្អូកល្អិននឹងគ្នាចាក់ទឹកមិនលិច ហើយការរិះគន់ក៏ត្រូវបានបន្ថយ ។ អាមេរិកទំនងជាអោយតម្លៃដល់ប្រទេសវៀតណាមជាជាងសមាគមអាស៊ាន នៅពេលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបច្ចុប្បន្នសុខចិត្តចុះចតបំពេញទស្សនៈកិច្ចនៅវៀតណាមនៅក្នុងដំណើររបស់លោកមកអាស៊ីនៅខែក្រោយ ប៉ុន្តែមិនចូលរួមប្រជុំកំពូលអាស៊ានឡើយ ។

ក្រុមអ្នកវិភាគបានអះអាងថា នៅពេលនេះវៀតណាមកំពុងតែធ្វើកិច្ចការទូតមួយដ៏ឈ្លាសវៃ ដោយមេដឹកនាំវៀតណាមចង់លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូជាមួយនឹងមហាអំណាចទាំងអស់ដោយមិនព្រលែងមួយណាឡើយរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងចិន ។
រុស្ស៊ី ជាខ្នងបង្អែកយុទ្ធសាស្ត្ររបស់វៀតណាមតាំងពីយូរយាមកហើយ ទាំងខាងការទូត សេដ្ឋកិច្ច និងយោធា ។ ដូច្នេះវៀតណាមក៏ពិបាកនឹងបោះបង់រុស្ស៊ីណាស់ ខណៈដែលចិនទោះបីជមានបញ្ហាជម្លោះទឹកដីដែលផ្ទុះសង្គ្រាមមួយរយៈកាលពីឆ្នាំ១៩៧៩ និងជម្លោះការទូតរ៉ាំរ៉ៃនៅសមុទ្រចិនខាងត្បូងក៏វៀតណាមមិនព្រលែងចិនដែរដោយសារតែអំណាច និងឥទ្ធិពលនៃទីផ្សារ ប៉ុន្តែបានព្យាយាមអូសទាញអាមេរិកមកចូលនៅក្នុងយុទ្ធសាស្ត្រកាត់បន្ថយសម្ពាធនៃជម្លោះ ហើយបង្កើនកម្លាំងគាំទ្រ ។
ដោយឡែកអាមេរិកវិញក៏ដូចគ្នា នៅក្នុងស្ថានភាពបច្ចុប្បន្នដើម្បីកាត់បន្ថយឥទ្ធិពល ទាំងសេដ្ឋកិច្ច និងយោធារបស់ចិនដែលរីកចំរើនខ្លាំងចាប់តាំងពីចុងទស្សវត្សរ៍នៃឆ្នាំ២០០០ មកដល់ពេលនេះ អាមេរិកក៏អាចបំភ្លេចភាពជាសត្រូវនយោបាយរបស់ខ្លួនកាលពីអតីតកាលមួយផងដែរ ដើម្បីបន្តគាំពារគោលនយោបាយ និងឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក ។ អាមេរិកនៅតែត្រូវការជាចាំបាច់នូវការគាំទ្រគោលនយោបាយអនុត្តរភាពការទូត និងយោធានៅលើសាកលលោក ។
ក្រៅពីនេះការចាប់ដៃរបស់អាមេរិក និងវៀតណាមកាន់តែស្អិតល្មួតនេះក៏វាអាចជា យុទ្ធសាស្ត្រនយោបាយការទូតមួយរបស់វ៉ាស៊ីនតោន ដើម្បីកាត់បន្ថយ ឬជម្រុះកេរ្តិ៍ ដំណែល និងឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងតំបន់ដែលមកដល់ពេលនេះ បើនិយាយអំពីបណ្តាប្រទេសនៅអាស៊ាន ប្រទេសដែលជិតស្និទ្ធបំផុតនឹងរុស្ស៊ី គឺមីយ៉ាន់ម៉ា វៀតណាម ឡាវ ។

ក្រោយពេលដែលទំព័រទំនាក់ទំនងទ្វេភាគីអាមេរិក-វៀតណាម ត្រូវបានត្រួសត្រាយដោយលោក បៀល គ្លីនតុន បានជាន់ទឹកដីប្រទេសវៀតណាមមុនគេ នៅក្នុងឆ្នាំ២០០០ ចាប់តាំងពីសង្គ្រាមវៀតណាម បន្ទាប់មកលោក ចច ដាប់បែលយូ ប៊ូស នៅខែវិច្ឆិកា ឆ្នាំ២០០៦ ហើយបន្ទាប់មកទៀត លោក បារ៉ាក់ អូបាម៉ា នៅខែឧសភា ឆ្នាំ២០១៦ ហើយលោក ដូណាល់ ត្រាំ គឺនៅខែវិច្ឆិកា ឆ្នាំ ២០១៧ និងខែកុម្ភៈ ឆ្នាំ២០១៩ ។

ចាប់តាំងពីពេលនោះមក ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក បានកើនឡើង ពោល គឺមានតម្លៃរហូតដល់ទៅ១៣៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយនៅពេលនេះ ជាពិសេសក្រោយពេលដែលអាមេរិក និងចិនផ្ទុះសង្គ្រាមពាណិជ្ជកម្មនឹងគ្នាមកក្រុមហ៊ុន អាមេរិក និងក្រុមហ៊ុនក្នុងតំបន់ជាច្រើនដែលពីមុនមានមូលដ្ឋាននៅចិនបានរើទីតាំងមកវៀតណាម ។

ងាកមកប្រទេសកម្ពុជាវិញ ឯកឧត្តមហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានប្រកាសថា ប្រទេសកម្ពុជាមិនយកប្រទេសណាជាសត្រូវឡើយ ហើយកម្ពុជាចង់ធ្វើមិត្តជាមួយគ្រប់ប្រទេសទាំងអស់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ អាមេរិកនៅតែមិនទុកចិត្តចំពោះកម្ពុជា ដោយសារតែទំនាក់ទំនងជិតស្និទ្ធ និងរឹងមាំដូចដែកថែបរវាងកម្ពុជា និងចិន ។ ក្នុងក្រសែភ្នែកអាមេរិកចំពោះកម្ពុជា អាមេរិកមើលឃើញភាពអវិជ្ជមានច្រើនជាងវិជ្ជមាន ពិសេសរឿងប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស ។

ក្នុងករណីវៀតណាម អាមេរិកកំពុងតែធ្វើតាមទ្រឹស្តីដែលថា «សត្រូវ (វៀតណាម) របស់សត្រូវ (ចិន) របស់អាមេរិក គឺជាមិត្តរបស់អាមេរិក ។ ចំណែកក្នុងករណីកម្ពុជាអាមេរិកកំពុងធ្វើតាមទ្រឹស្តីដែលថា «មិត្ត (កម្ពុជា) របស់សត្រូវ(ចិន) របស់អាមេរិក គឺជាសត្រូវរបស់អាមេរិក» ៕ ដោយៈ ប្រេវីន និងហេង ចេស្តារ
ចែករំលែកព័តមាននេះ