ស្រុកព្រៃនប់ ៖ ក្រោយពេលកន្លងមករដ្ឋបាលឃុំបានចុះផ្សព្វផ្សាយ ជូនដំណឹងដល់ម្ចាស់ចិញ្ចឹមសត្វពាហនៈ( គោ-ក្របី ) នៅក្នុងមូលដ្ឋានឃុំជាច្រើនលើកច្រើនសារ ដោយតម្រូវមិនឱ្យម្ចាស់ចិញ្ចឹមលែងសត្វអនាធិបតេយ្យនៅតាមទីសាធារណៈក្នុងមូលដ្ឋានរួចមក នៅថ្ងៃ២២ សីហា២០២៣ រដ្ឋបាលឃុំបឹងតាព្រហ្មនៃស្រុកព្រៃនប់បានចាត់វិធានការក្ដៅ ដោយបានចាប់យក(គោ-ក្របី) ដែលត្រូវម្ចាស់សត្វលែងដើរនៅលើចិញ្ចើមផ្លូវ និងទីសាធារណៈ ក្នុងមូលដ្ឋានឃុំ ដែលបណ្ដាលឲ្យបះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានទៅស៊ីបំផ្លិចបំផ្លាញដំណាំរបស់បងប្អូនប្រជាពលរដ្ឋមករក្សាទុកនៅសាលាឃុំបឹងតាព្រហ្ម។

ជាមួយការវិធានការក្តៅនេះយ៉ាងណាក៏ដោយ រដ្ឋបាលឃុំក៏នៅតែអំពាវនាវដល់ម្ចាស់ចិញ្ចឹម(គោ-ក្របី) ទាំងអស់ ដែលត្រូវបានរដ្ឋបាលឃុំនាំមកកាន់សាលាឃុំ សូមអញ្ជើញចូលខ្លួនមកដោះស្រាយនៅសាលាឃុំបឹងតាព្រហ្ម ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ការលែងសត្វអនាធិបតេយ្យ ដើម្បីសណ្តាប់ធ្នាប់ល្អ និងចៀសវាងស៊ីបំផ្លិចបំផ្លាញផលដំណាំផ្សេងនៅក្នុងមូលដ្ឋាននៅឃុំបេងតាព្រហ្ម ។

សូមបញ្ជាក់ថា កន្លងមក រដ្ឋបាលឃុំបានផ្សព្វផ្សាយជូនដំណឹងជាបន្តបន្ទាប់ ដល់ម្ចាស់ចិញ្ចឹមសត្វពាហនៈ( គោ-ក្របី ) នៅក្នុងឃុំជាច្រើនលើកច្រើនសាររួចមកហើយ និងបានអំពាវនាវដល់ម្ចាស់ចិញ្ចឹមសត្វពាហនៈ( គោ-ក្របី ) នៅក្នុងឃុំទាំងអស់ មេត្តាទុកដាក់សត្វចិញ្ចឹមរបស់ខ្លួនឲ្យបានត្រឹមត្រូវ មិនត្រូវព្រលែងយ៉ាងអនាធិបតេយ្យតាមទីសាធារណៈដូច្នេះឡើយ ។

ប៉ុន្តែក៏នៅមានបងប្អូនម្ចាស់សត្វពាហនៈមួយចំនួន លោកហាក់មិនបានយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់រដ្ឋបាលឃុំ ដូចនេះ រដ្ឋបាលឃុំបានសម្រេចចិត្តគៀងសត្វទាំងនោះមកសាលាឃុំ ដើម្បីឱ្យម្ចាស់មកចូលខ្លួនមកដោះស្រាយ ។

ឃុំបឹងតាព្រហ្ម ជាឃុំមួយមិនជាប់និងផ្លូវជាតិលេខ៤ទេ គឺជាប់ផ្លូវបេតុងតភ្ភាប់ពីផ្លូវជាតិលេខ៤ចូលទៅតំបន់សមុទ្រកោះខ្យង តែសម្រាប់ចំណាត់ការពាក់ព័ន្ធនឹងវិធានការរឹតបន្តឹង ការលែងសត្វពាហនៈហាក់មានចំណាត់ការតឹង តែយ៉ាងណាតាមការបញ្ចាក់កន្លងមករបស់រដ្ឋបាលឃុំ តាមក្នុងមូលដ្ឋានឃុំ ក៍ធ្លាប់កើមានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយការលែងសត្វពាហនៈទាំងនេះដេកនៅ ផ្លូវសាធារណៈ និងស៊ីបំផ្លាញផលដំណាំផងដែរ ..។

ចែករំលែកព័តមាននេះ