ខេត្តព្រៃវែង ៖ បុរស០៣នាក់ ផឹកស៊ី និងច្រៀងលេងកម្សាន្តជាមួយគ្នាសុខៗ ក៏កើតមានទំនាស់ពាក្យសម្ដី រហូតឈានដល់បង្កហិ.ង្សា ទាញកាំបិតប៉័ងតោកាប់មកលើជនរងគ្រោះ បណ្ដាលឲ្យត្រូវចំជាច្រើនកន្លែង រងរបួសធ្ងន់ ដោយសារតែជនសង្ស័យ ខឹងជនរងគ្រោះ មិនឲ្យខ្លួនច្រៀង ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ ឥត ឃ្លី ស្ថិតក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។
ជនសង្ស័យមានឈ្មោះ ឡុង ឈីត ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ ពៅ វីរៈ ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំង២ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានផឹកស៊ីជាមួយគ្នា នៅផ្ទះរបស់ឈ្មោះ ឥត ឃ្លី គឺផឹក ៣នាក់ម្ចាស់ផ្ទះ ដោយផឹកបណ្តើរ ច្រៀងលេងបណ្តើរ និងយកទូរសព្ទរបស់ជនសង្ស័យមកចាក់ច្រៀងបណ្តើរ ប៉ុន្តែដោយជនរងគ្រោះកាន់ទូរសព្ទច្រៀងតែម្នាក់ឯង មិនព្រមអោយជនសង្ស័យច្រៀងសោះ ទើបធ្វើអោយជនសង្ស័យខឹង និងបានទាស់ពាក្យសម្តីគ្នា ជាមួយជនរងគ្រោះ។ រួចហើយ ជនសង្ស័យក៏បានយកទូរសព្ទខ្លួនវិញ រួចដើរចេញទៅផ្ទះបាត់ទៅ លុះបន្តិចក្រោយមក ក៏ត្រឡប់មកវិញ កាន់កាំបិតប៉័ងតោ មកកា.ប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួស ៣កន្លែង ត្រង់ក្បាល ស្មា និងត្រចៀក ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមជរ បានចុះអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកពាមជរ ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង។ ដោយឡែក ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកពាមជរ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ