ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សំណូមពរគ្រូពេទ្យ «កុំបកសំបកថ្នាំ» ឱ្យអ្នកជំងឺ

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ជួយ​ដល់​អ្នកជំងឺ និង​គ្រូពេទ្យ​ផ្សេង​ៗ​បានដឹង​ពី​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​របស់​អ្នកជំងឺ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី តាម​រយៈ​បទ​សម្ភាសន៍​មួយ​ពី​បញ្ហា​សុខភាព (​គន្លឹះ​ដើម្បី​ឲ្យ​គេ​លក់​ស្កប់​)…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ជួយ​ដល់​អ្នកជំងឺ និង​គ្រូពេទ្យ​ផ្សេង​ៗ​បានដឹង​ពី​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​របស់​អ្នកជំងឺ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី តាម​រយៈ​បទ​សម្ភាសន៍​មួយ​ពី​បញ្ហា​សុខភាព (​គន្លឹះ​ដើម្បី​ឲ្យ​គេ​លក់​ស្កប់​) បាន​សំណូមពរ​វេជ្ជបណ្ឌិត លោកគ្រូ​ពេទ្យ និង​អ្នកគ្រូ​ពេទ្យ «​សុំ​កុំ​បកសំបក​ថ្នាំ​»​។

នៅ​ក្នុង​វី​ដេ​អូ​នោះ​ដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បាន​និយាយ​ជាង២៤នាទី បាន សំណូមពរ​ដល់ លោក​ដុក​ទ័​រ លោកគ្រូ​ពេទ្យ និង​អ្នកគ្រូ​ពេទ្យ​ទាំងអស់ មេត្តា​បើក​ចិត្ត​ទូលំទូលាយ​ធ្វើបុណ្យ​ធ្វើ​ទាន​ឲ្យ​បាន​ច្រើន​បន្តិច សូម​ហាម ឬ​សូមកុំ​បកសំបក​ថ្នាំពេទ្យ​ចេញ ។

អ្នកឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ស្ថាបនិក​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េ​ង​លី ជេ​. គួ​ច អេ​ឌ្យូ​ខេ​សិន (MJQE) បាន​បន្ត​ថា ៖ យើង​ជា​វេជ្ជបណ្ឌិត រៀន​ពេទ្យ​មក មិន​ថា នៅ​ស្រុក​គេ ឬ​ស្រុក​ណា​ទេ ខ្ញុំ​ក៏​ជា​វេជ្ជបណ្ឌិត​ដែរ សូម​ហាម​កុំ​បកសំបក​ថ្នាំ​។ ក្នុង​ន័យ​នេះ បើសិនជា​អ្នកជំងឺ​ធ្លាប់​ព្យាបាល​ជាមួយ​លោកគ្រូ​ពេទ្យ​ណា​ម្នាក់ ហើយ​ក្រោយមក​ក៏​ទៅ​ព្យាបាល​កន្លែង​ផ្សេង ឬ​ចង់​ទិញ​ថ្នាំ​បន្ថែម នាំ​ឱ្យ​ពិបាក មិនដឹង​ថា អ្នកជំងឺ​ធ្លាប់​មាន​ប្រវត្តិ​ប្រើប្រាស់​ថ្នាំ​អ្វីខ្លះ​។

អ្នកឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បន្ត​ថា ទោះបី​គាត់ (​អ្នកជំងឺ​) មិន​មក​ទិញ​យើង គាត់​អាច​ទៅ​អ្នក​ផ្សេង គឺ​គាត់​អាច​ដឹង​ថា គាត់​ញាំ​ថ្នាំ​អី (​ថ្នាំ​ដែល​បកសំបក​ថ្នាំ​ចេញ​) ដើម្បី​ឲ្យ​គ្នា​ឆាប់​ព្យាបាល​ឲ្យ​ជា ។ អ្នកឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បន្ថែម​ថា ករណី​មាន​ក្រុម​គ្រួសារ​ខ្លះ ដែល​មាន​ប្តី ឬ​មាន​ប្រពន្ធ ឬ​មានកូន មាន​ដែល​មាន​ជំងឺផ្លូវចិត្ត​ទៅ​ហើយ វា​មហា​វេទនាណាស់​ទៅ​ហើយ​។ ដូច្នេះ​ហើយ មេត្តា​ធ្វើបុណ្យ​ទាន​បន្តិច​ទៅ​សុទ្ធតែ​កូន​ខ្មែរ ជនជាតិ​ខ្មែរ​ដូច​តែ​គ្នា​ទេ ។

«​ទី​១ យើង​ខ្វះ​ជំនាញ​ស្រាប់​ផង ខ្វះ​វេជ្ជបណ្ឌិត​ខាង​ហ្នឹង (​ខាង​ជំងឺ​គេង​មិន​លក់ ឬ​កើត​ជំងឺផ្លូវចិត្ត​)​។ ទី​២ ប្រជាជន​យើង​ក្រ​ទៀត អ៊ីចឹង​បើ​យើង​ព្យាបាល​មេត្តា​ឲ្យ​ថ្នាំ​គ្នា សរសេរ​ទៅ (​ចេញ​វេជ្ជបញ្ជា​ត្រឹមត្រូវ​) ហើយ​ចេញ​ថ្នាំ​តាម​ហ្នឹង​ទៅ​»​។ នេះ​ជា​ការ​សំណូមពរ​របស់​អ្នក​ឧក​ញ្ញា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដោយ​បាន​បន្ថែម​ទៀត​ថា «​បើសិន​គាត់​មក​យើង​មិនជា​ទេ គាត់​បាត់​ទំនុកចិត្ត គាត់​ទៅ​ពេទ្យ​ផ្សេង​គាត់​មាន​សំបក​ថ្នាំ គាត់​ប្រាប់​ពេទ្យ​ផ្សេង (​ថា​ធ្លាប់​ប្រើ​ថ្នាំ​អី​) គាត់​អាច​ដូរ​ថ្នាំ ទៅ​តាម​ហ្នឹង ដើម្បី​ឲ្យ​គ្នា​ឆាប់​ជា ចូលរួម​សង្គម​នឹង​គេ​នឹង​ឯង ដើម្បី​កាត់​បន្ថយ​ការ​ពិបាក​ក្នុង​គ្រួសារ​»​។

អ្នកឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បន្ត​ថា «​ដូច្នេះ​ហើយ​ខ្ញុំ​សុំ​សំណូមពរ​មេត្តា​យោគយល់​គ្នា អីចឹង​ក្នុង​នាម​ជា​វេជ្ជបណ្ឌិត​មួយ​ដែរ ក្នុង​នាម​ជា​ឯកជន ឬ​បុគ្គល ព្រោះ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ទេ បាន​ចូលរួម​បន្តិចបន្តួច​តាម​សន្តាន​ចិត្ត​របស់ខ្ញុំ​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក គួ​ច ម៉េ​ង​លី បាន​បញ្ជាក់​ថា អ៊ីចឹង​ខ្ញុំ​សំណូមពរ​ថា ផ្លូវចិត្ត​ដែល​សង្គម​យើង​ប្រឈម​ច្រើន​ដោយសារ​សម្ពាធ​សង្គ្រាម ជះ​ឥទ្ធិពល​ដល់​សព្វថ្ងៃ​ធ្វើ​ឲ្យ​ប្រជាជន​ក្រីក្រ ឆ្លងកាត់​ពិបាក អ៊ីចឹង​អា​សង្គ្រាម​គ្រួសារ សង្គ្រាម​ផ្លូវចិត្ត សេដ្ឋកិច្ច សង្គ្រាម​សង្គម​ហ្នឹង​ធ្វើ​ឲ្យ មានរឿង​រ៉ាង​យ៉ាងច្រើន​ដល់​ផ្លូវចិត្ត អ៊ីចឹង​បើ​យើង​អាច​ជួយ​ដោះស្រាយ​បាន ក្នុង​ការ​ព្យាបាល គឺ​សូម​មេត្តា​ជួយ ហើយ​ខ្ញុំ​មាន​តែ​សំណូមពរ​ប៉ុណ្ណឹង​ទេ​តាម​មិត្ត រួម​មិត្តភក្តិ​ពេទ្យ​ទាំងអស់ ដែល​គេ​ហៅ​ថា ជា​វិស័យ​តែ​មួយ និង​សូម​អភ័យទោស​ក្នុង​ការ​ខុសឆ្គង ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា ពួក​យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​សន្តាន​ចិត្តល្អ​ហើយ​បានជា​ចូល​ធ្វើ​ពេទ្យ​ហ្នឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ