ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​ជួយ​សង្គ្រោះ​គ្រឹះ និង​បង្កាន់ដៃ​នាគ​ នៅ​ជាន់​ផ្ទាល់​ដី ភាគ​ខាងត្បូង ​នៃ​ប្រាសាទអង្គរវត្ត

8 ខែ មុន

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​តែ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ ដោយ​ជួសជុល និង​បង្ហាប់​គ្រឹះ​បង្កាន់ដៃ​នាគ​ ដែល​ធ្វើ​អំពី​ថ្មភក់ ​នៅ​ជាន់​ផ្ទាល់​ដី​…

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​តែ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ ដោយ​ជួសជុល និង​បង្ហាប់​គ្រឹះ​បង្កាន់ដៃ​នាគ​ ដែល​ធ្វើ​អំពី​ថ្មភក់ ​នៅ​ជាន់​ផ្ទាល់​ដី​ នៅ​ភាគ​ខាងត្បូង​របស់​ប្រាសាទអង្គរវត្ត ត្រង់​ច្រក​កណ្ដាល​ចេញពី​ខ្លោងទ្វារ​តា​ពេជ្រ ដើម្បី​ឱ្យ​រួច​ផុត​ពី​ហានិភ័យ​ខ្ពស់ ​។

បុរាណ​វិទូ និង​ជា​ភ្នាក់ងារ​អភិរក្ស​ប្រាសាទអង្គរវត្ត នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា លោក សយ សុភា​រិ​ន្ទ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​បង្កាន់ដៃ​នាគ និង​ជើង​ទម្រ​ធ្វើ​ពី​ថ្មភក់​របស់​ប្រាសាទអង្គរវត្ត ​ភាគ​ខាងកើត នៃ​ជណ្ដើរ​ខាងត្បូង​ដែល​មាន​អាយុកាល​ជិត​ពាន់​ឆ្នាំ​​ ប្រវែង​ប្រហែល​១០​ម៉ែត្រ កំពុង​មាន​ហានិភ័យ​ខ្ពស់ ដោយ​កន្លែង​ខ្លះ​ថ្ម​ បាន​បាក់បែក និង​គ្រឹះ​របស់​វា​ត្រូវ​ទឹកភ្លៀង​ហូរ​ច្រោះ​ដី ​បណ្ដាល​ឱ្យ​ដុំ​ថ្ម​របស់​ខឿន​ធំ​ៗ ​ញែក​ចេញពី​គ្នា​ធ្វើ​ឱ្យ​ទ្រេត​ខ្លាំង ប្រឈម​មុខ​នឹង​ការ​រលំ​ក្បាល​នាគ ​។

លោក​ឲ្យ​ដឹង​ទៀត​ថា ចាប់​តាំង​តែ​ពី​ដើមខែ​កក្កដា មក ក្រុមការងារ​បាន​រុះរើ​បង្កាន់ដៃ និង​ក្បាល​នាគ ​នៅ​ទីនោះ​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​មានការ​ឯកភាព​ពី​អ្នកជំនាញ​ការ​អា​ដ​ហុ​ក ហើយ​ចាប់ពី​ដើមខែ​សីហា​នេះ ក្រុមការងារ​ក៏​បាន​ចាប់ផ្ដើម​រុះរើ​ផ្ទាំង​ថ្ម ខឿន​របស់​បង្កាន់ដៃ​នាគ​ទីនោះ​ ដើម្បី​រើ​ថ្ម​ក្រៀក​ចេញ​ហើយ​សម្អាត​កម្ទេច​ដី​រួច​ដាក់​ចូល​ទីតាំង​ដើម​វិញ​ ។

ក្រុម​អ្នក​ជួសជុល​ ឲ្យ​ដឹង​ថា ក្នុង​ការងារ​ជួយ​សង្គ្រោះ​បង្កាន់ដៃ​នាគ​ នៅ​ជាន់​ផ្ទាល់​ដី​ នា​ភាគ​ខាងកើត​ នៃ​ជណ្ដើរ​ខាងត្បូង​របស់​ប្រាសាទអង្គរវត្ត​នោះ គឺ​គេ​ធ្វើ​ការងារ​ជា​ច្រើន​ទៅ​តាម​បច្ចេកទេស​ដូច​ជា ត្រូវ​ដក​ជាតិ​អំបិល​ ចេញពី​ថ្ម​នៅ​តាម​កន្លែង​ខ្លះ រីឯ​ខ្លួន​នាគ ​ដែល​បាក់បែក គឺ​ត្រូវ​ប្រើ​បច្ចេកទេស​ត​ភ្ជាប់ ​និង​ផ្គុំ​ថ្ម​ឡើង​វិញ ហើយ​ត្រង់​កន្លែង​ណា​ដែល​បាត់បង់​ គឺ​ត្រូវ​ឆ្លាក់​ថ្ម​ថ្មី​មក​ដាក់​ជំនួស​។ ចំណែកឯ ជើង​ទម្រ​នាគ​ ដែល​បាក់បែក ក៏​ត្រូវ​ពង្រឹង​ឡើង​វិញ ដើម្បី​ប្រែក្លាយ​ពី​ហានិភ័យ ​ឲ្យទៅ​ជា​សុវត្ថិភាព​ ។

បុរាណ​វិទូ​លោក សយ សុភា​រិ​ន្ទ មាន​ប្រសាសន៍​ថា​ ដើម្បី​ជួសជុល ​និង​ជួយ​សង្គ្រោះ​គ្រឹះ និង​បង្កាន់ដៃ​នាគ​ ដែល​ធ្វើ​អំពី​ថ្មភក់​នៅ​ជាន់​ផ្ទាល់​ដី​នា​ភាគ​ខាងកើត​របស់​ប្រាសាទអង្គរវត្ត ​ត្រង់​ច្រក​កណ្ដាល​ចេញពី​ខ្លោងទ្វារ​តា​ពេជ្រ​នោះ ឲ្យ​រឹង​មាំ​ឡើង​វិញ គឺ​ក្រុមការងារ​ អាច​នឹង​ចំណាយពេល​ប្រហែល​៣​ខែ​។

បុរាណ​វិទូ​ដដែល ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ គឺ​មាន​បង្កាន់ដៃ​នាគ​នៅ​តាម​ច្រកចូល​ជុំវិញ​ប្រាសាទអង្គរវត្ត​ជា​ច្រើន​កន្លែង ​កំពុង​ស្ថិត​ក្នុង​ហានិភ័យ ប៉ុន្តែ​ពេល​នេះ ក្រុមការងារ​បាន​ចាប់ផ្ដើម​ជួសជុល​គ្រឹះ​បង្កាន់ដៃ​នាគ​ នៅ​ជាន់​ផ្ទាល់​ដី​នា​ភាគ​ខាងកើត​ នៃ​ជណ្ដើរ​ខាងត្បូង​របស់​ប្រាសាទអង្គរវត្ត​ ត្រង់​ច្រក​កណ្ដាល​ចេញពី​ខ្លោងទ្វារ​តា​ពេជ្រ​ មួយ​សិន បន្ទាប់​ពី​បញ្ចប់​ជួសជុល​បង្កាន់ដៃ​នាគ​នេះ គឺ​ក្រុមការងារ​នឹង​ចាប់ផ្ដើម​ជួយ​សង្គ្រោះ​បង្កាន់ដៃ​នាគ​ នៅ​តាម​ច្រកចូល​ជុំវិញ​ប្រាសាទអង្គរវត្ត​ ជា​បន្តបន្ទាប់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ