ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រស្នើតំណាងរាស្ត្រអាណត្តិទី៧ ខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នា

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ព្រះរាជ​បន្ទូល​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​អាណត្តិ​ទី​៧ ត្រូវធ្វើ​យ៉ាងណា​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ​បាន​ស្មើភាព​គ្នា ។ ព្រះរាជ​បន្ទូល​របស់​ព្រះមហាក្សត្រ នៅ​ក្នុង​ឱកាស​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៧…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ព្រះរាជ​បន្ទូល​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​អាណត្តិ​ទី​៧ ត្រូវធ្វើ​យ៉ាងណា​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ​បាន​ស្មើភាព​គ្នា ។

ព្រះរាជ​បន្ទូល​របស់​ព្រះមហាក្សត្រ នៅ​ក្នុង​ឱកាស​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៧ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៣ ។ ព្រះ​អង្គ​មាន​ព្រះរាជ​បន្ទូល​យ៉ាង​ដូច្នេះ​ថា ៖«​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ជា​តំណាង​ប្រជា​ជាតិខ្មែ រទាំង​មូល​ធ្វើ​យ៉ាងណា​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ​បាន​ស្មើភាព​គ្នា​ក្នុង​ជំនឿ សាសនា ការ​សិក្សា​រៀនសូត្រ ការ​មានការ​ងារ​ធ្វើ​សមរម្យ​ទៅ​តាម​កម្លាំង​សមត្ថភាព និង​កម្រិត​វិជ្ជា​របស់​ខ្លួន​» ។

ព្រះ​អង្គ​បាន​ព្រះរាជ​បន្ទូល​ថា ថ្ងៃនេះ​ជា​ឱកាស​ដ៏​មហា​វិសេសវិសាល​ដែល​រដ្ឋសភា​នីតិកាល​ទី​៧ ប្រារព្ធ​បើក​សម័យប្រជុំ​ដំបូង​របស់​ខ្លួន​ស្រប​ទៅ​តាម​កាលកំណត់​របស់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​តំណាងរាស្ត្រ​ទាំងអស់​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ការ​បោះ​ឆ្នោត កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ។

ព្រះ​អង្គ​បាន​មាន​ន្រះ​រាជបន្ទូល​ទៀត​ថា ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ ព្រះ​អង្គ​សូម​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចូលរួម​អបអរសាទរ​ពិធី​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៧ និង​សូម​សម្ដែង​នូវ​អំណរ​សាទរ​ដ៏​កក់ក្តៅ​ជូន ចំពោះ​សមាជិក​សមាជិកា​រដ្ឋសភា​ទាំងអស់​ដែល​ប្រជាពលរដ្ឋ​បាន​សម្តែង​ឆន្ទៈ​និង​ជំនឿ​ទុកចិត្ត​តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សកល​កន្លង​ទៅ​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ ព្រះ​អង្គ​បាន​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា ចាប់ពី​ពេល​ដែល​រដ្ឋសភា​បាន​ចាប់បដិសន្ធិ​ជា​ថ្មី​នា​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៣០​ឆ្នាំ​កន្លង​មក​ហើយ ដែល​កម្ពុជា​បាន​ប្រែក្លាយ​ពី​ការ​បែកបាក់​ជាតិ និង​ការ​បែងចែក​ទឹកដី ទៅ​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ស្ថិរភាព​ប្រជាធិបតេយ្យ និង​អភិវឌ្ឍ​គ្រប់​វិស័យ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​រស់នៅ​ក្រោម​ដំបូល​សន្តិភាព ប្រកបដោយ​ក្តី​សង្ឃឹម និង​សុខក្សេមក្សាន្ត ។

ជាមួយ​គ្នា​នោះ​ដែរ​ព្រះមហាក្សត្រ​ក៏​បាន​មាន​ព្រះរាជ​បន្ទូល​ថា រដ្ឋសភា​ដែល​ជា​អង្គការ​មាន​អំណាចនីតិប្បញ្ញត្តិ​នឹង​បន្ត​បំពេញភារកិច្ច​របស់​ខ្លួន​ដូច​មាន កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ដើម្បី​បន្ត​និរន្តរភាព​នយោបាយ សេដ្ឋកិច្ច​សង្គម វប្បធម៌ កសាង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រដ្ឋ​ដ៏​រឹង​មាំ និង​ជឿនលឿន ដោយ​ផ្អែក​លើ​ច្បាប់​ធានា​ការ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប និង​ធានា​ការពារ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ ។

ព្រះ​អង្គ​ក៏​បាន​គូសបញ្ជាក់​ថា ៖ ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បាន​អនុម័ត គឺជា​ឧបករណ៍​គតិយុត្តិ​សម្រាប់​រាជរដ្ឋាភិបាល​អនុវត្ត និង​លើកកម្ពស់​នីតិរដ្ឋ​សំដៅ​ឲ្យ​ប្រទេស​យើង​មាន​ក្របខ័ណ្ឌ​ច្បាប់​គ្រប់គ្រាន់ និង​ល្អ​ស្រប​តា​មកា​រវិ​វ​ឌ្ឍ​រីក​ចំរើន​របស់​សង្គម​ជាតិ ។

ក្នុង​ឱកាស​នោះ​ដែរ ព្រះ​អង្គ​ក៏​បាន​មាន​ព្រះរាជ​បន្ទូល​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​ដែល​នឹង​ទទួល​ការ​ទុកចិត្ត​ពី​រដ្ឋសភា​នឹង​បំពេញភារកិច្ច​តាម​គោលនយោបាយ​បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​បន្ត​អភិវឌ្ឍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម​ដែល​មាន​វិសាលភាព​គ្របដណ្តប់ ប្រជាពលរដ្ឋ​គ្រប់​រូប ទាំង​ការ​អភិរក្ស និង​អភិវឌ្ឍ​វប្ប​ធ​ម៍​ដោយ​ចីរភាព ដើម្បី​ធានា​អត្ថិភាព​ដ៏​រឹង​មាំ​នៃ​អត្តសញ្ញាណ​ជាតិ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ស្របគ្នា​នឹង​ការ​លើកកម្ពស់​សីលធម៌ សម្រាប់​ភាព​សុខដុម​នៃ​សង្គម​ជាតិ »​។

នៅ​ក្នុង​អង្គប្រជុំ​ព្រះ​អង្គ​បាន​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា ដើម្បី​សម្រេច​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ ប្រជាជាតិ​កម្ពុជា​ត្រូវ​មាន​ឯកភាព និង​សាមគ្គីភាព​ជាតិ​ខ្ពស់ ដោយ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​៤ គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា ។

នៅ​ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ ខ្ញុំ​សូម​ប្រសិទ្ធពរ​សូម​រដ្ឋសភា​នីតិកាល​ទី​៧ មានដំណើរ​ការ​ល្អ និង​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកបដោយ​មនសិការ​ទទួលខុសត្រូវ ដើម្បី​ទទួល​បាន​ជោគជ័យ​ថ្មី​ៗ​ថែម​ទៀត​ជា​ឧត្តម​ប្រយោជន៍​រួម ជូន​ជាតិ​មាតុភូមិ និង​ប្រជាជាតិ​យើង​ទាំងមូល ។

សូម​ជម្រាប​ថា ការ​បើក​សម័យប្រជុំ​លើក​ដំបូង​នីតិកាល​ទី​៧​នេះ បន្ទាប់​ពី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃ​ទី​២៣ កក្កដា​កន្លង​មកនេះ ប្រកបដោយ​ជោគជ័យ ។ ការ​បោះ​ឆ្នោត​នោះ​ដែរ មាន​គណបក្ស​ន​យោ​យ​ចំនួន​១៨ បាន​ចូលរួម​ប្រកួតប្រជែង​គ្នា ប៉ុន្តែ​ជា​លទ្ធផល​មាន​តែ​គណបក្ស​នយោបាយ​ចំនួន​២​ប៉ុណ្ណោះ​ទទួល​បានការ​គាំទ្រ និង​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​១២០​អាសនៈ និង​គណបក្ស​ហ៊ិ​ន​ស៊ី​ន​ប៉ិច​ទទួល​បាន​៥​អាសនៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ