ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការវៀតណាម​ផ្ដ.ន្ទាទោ.ស.​មេ​ខ្លោ.ង​ក្រុម​ជួ.ញ​ដូ.រ​អា.វុធ​ខុ.ស​ច្បា.ប់​ឱ្យ​ជា.ប់​ព.ន្ធ​នាគារ​៩​ឆ្នាំ

1 ឆ្នាំ មុន

តុលាការ​សាលា​ដំបូង​នៃ​ខេត្ត​កៀន​យ៉ាង (Kien Giang) ប្រទេស​វៀតណាម​ ​​សម្រេច​ផ្ដន្ទា​ទោស​នារី​ជនជាតិ​វៀតណាម​ម្នាក់​ឱ្យ​ជាប់​ពន្ធ​នាគារ​៩​ឆ្នាំ​ពី​បទ​រត់​ពន្ធ​ដោយ​លួច​លាក់​នូវ​កាំ​ភ្លើង​៦​រយ​ដើម​ពី​ខេត្ត​ញ៉ា​ត្រាង (Nha Trang) ​ខេត្ត​ដទៃ​ទៀត​​នៃ​​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​។​ នារី​ឈ្មោះ​វូធីឌៀប (Vu…

តុលាការ​សាលា​ដំបូង​នៃ​ខេត្ត​កៀន​យ៉ាង (Kien Giang) ប្រទេស​វៀតណាម​ ​​សម្រេច​ផ្ដន្ទា​ទោស​នារី​ជនជាតិ​វៀតណាម​ម្នាក់​ឱ្យ​ជាប់​ពន្ធ​នាគារ​៩​ឆ្នាំ​ពី​បទ​រត់​ពន្ធ​ដោយ​លួច​លាក់​នូវ​កាំ​ភ្លើង​៦​រយ​ដើម​ពី​ខេត្ត​ញ៉ា​ត្រាង (Nha Trang) ​ខេត្ត​ដទៃ​ទៀត​​នៃ​​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​។​ នារី​ឈ្មោះ​វូធីឌៀប (Vu Thi Diep) អាយុ​៣៣​ឆ្នាំ​ ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន​ពី​បទ​​ផលិត ​កាន់​កាប់​ ​ដឹក​ជញ្ជូន​ ​ប្រើ​ប្រាស់​ ​និង​ជួញ​ដូរ​អាវុធ​ ឬគ្រឿង​បរិក្ខារ​យោធា​​ដោយ​ខុស​ច្បាប់​​។​

​ជន​ជាប់​ចោទ​ឈ្មោះ​ហ្សឿងមិញទាន់ (Duong Minh Tuan) អាយុ​៣១​ឆ្នាំ ក៏​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ឱ្យ​​ជាប់​ពន្ធ​នាគារ​៩​ឆ្នាំ​​​ផង​​ដែរ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដូច​គ្នា​។ ​ជន​ជាប់​ចោទ​១៥​នាក់​ទៀត​ដែល​ជា​បក្ស​ពួក​​នៃ​ក្រុម​ជួញ​ដូរ​កាំ​ភ្លើង​នេះ​​ត្រូវ​ជាប់​ពន្ធ​នាគារ​​ពី​៦​ខែ​ដល់​១១​ឆ្នាំ​។​ សូម​រម្លឹក​ថា​កាល​ពី​ឆ្នាំ​២០១៩, ​តុលាការ​សាលា​ដំបូង​នៃ​ទី​ក្រុង​ហូជីមិញ​រក​ឃើញ​ថា​នារី​ឈ្មោះ​​វូធីឌៀប​ និង​ស្វាមី​​​មាន​ទោស​ពី​បទ​លក់​អាវុធខុស​ច្បាប់​​។

កាល​នោះ, តុលាការ​ផ្ដន្ទា​ទោស​ឱ្យ​នារី​រូប​នេះ​ជាប់​ពន្ធ​នា​គារ​​បី​​ឆ្នាំ​។ ប៉ុន្តែ​ត្រូវ​ព្យួរ​​ទោស​ដោយ​សារ​នារី​នេះ​​​​ជាប់​សម្រាល​កូន​ និង​ត្រូវ​មើល​ថែ​ទាំ​កូន​តូច​។​ មិន​យូរ​ប៉ុន្មាន​, នារី​រូប​នេះ​មិ​ន​ចោល​ស្នៀត​ចាស់​​របស់​ខ្លួន​​​ទេ​។ ​នារី​នេះ​​បន្ត​រៀប​ចំ​ខ្សែ​បណ្ដាញ​​ជា​មួយ​បក្ស​ពួក​ដទៃ​​ទៀត​ដើម្បី​រត់​ពន្ធ​អាវុធ​។ នៅ​ក្នុង​ចំណោម​បក្ស​ពួក​​​នេះ​ក៏​មាន​បុរស​ឈ្មោះ​ហ្សឿង​មិញទាន់​​​ម្នាក់​ផង​ដែរ​។​​

កាល​ពី​ខែ​សីហា ឆ្នាំ​២០២២, សមត្ថ​កិច្ច​ខេត្ត​កៀន​យ៉ាង​ចាប់​បាន​បុរស​ឈ្មោះ​ហ្សឿងមិញទាន់​​ នៅ​ពេល​កំពុង​ធ្វើ​សកម្ម​ភាព​ខុស​ច្បាប់​ចែក​ចាយ​គ្រឿ​ង​ញៀន​ប្រភេទ​មេតំ​ហ្វេ​តាមីន (ម៉ា​ទឹក​កក​) នៅ​ក្នុង​ផ្ទះ​សំណាក់​១​កន្លែង។​ ​​ផ្ដើម​ចេញ​ពី​ការ​ចាប់​គ្រឿង​ញៀន​នេះ​ហើយ​​​ដែល​​នាំ​ឱ្យ​សមត្ថ​កិច្ច​ឈាន​ទៅ​ដល់​ការ​បំបែក​សំណុំ​រឿង​ផលិត និង​ចែក​ចាយ​កាំ​ភ្លើង​។ សមត្ថ​កិច្ច​​​​​ឆែក​ឆេរ​​កន្លែង​ស្នាក់​នៅ​របស់​ជន​សង្ស័យ​ និង​រក​ឃើញ​សម្ភារៈ​ជា​ច្រើន​ប្រភេទ​ដែល​ប្រើ​ប្រាស់​សម្រាប់​ផលិត​អាវុធ និង​គ្រឿង​ផ្ទុះ​។​

ជន​សង្ស័យ​ឈ្មោះ​ឌឿងមិញទាន់​ឆ្លើយ​សារភាព​តាម​ត្រង់​ថា​ខ្លួន​ចេះ​ផលិត​កាំ​ភ្លើង​។ ​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​សីហា ​​ឆ្នាំ​២០២៣​នេះ, ខ្លួន​បាន​សហ​ការ​ជា​មួយ​បក្ស​ពួក​មួយ​ចំនួន​ទៀត​ផលិត​បាន​ប្រភេទ​កាំ​ភ្លើង​បាញ់​គ្រាប់​កៅ​ស៊ូ​ចំនួន​១៥​ដើម​​។ ​បក្ស​ពួក​របស់​គេ​ផលិត​តែ​កាំ​ភ្លើង​ទេ​។ ចំណែក​គ្រាប់​កាំ​ភ្លើង​​​ផ្គត់​ផ្គង់​ដោយ​​​២​នាក់​ប្ដី​ប្រពន្ធ​ ម្នាក់​ឈ្មោះ​កៅវ៉ាន់ហយ (Cao Van Hoai) និង​ម្នាក់​ទៀត​ឈ្មោះ​វ៉ូង៉ុកត្រាំ (Vo Ngoc Tram)​​។​​ នៅ​ពេល​បាន​មួយ​កំផ្លេ​ហើយ, ពួក​គេ​​ក៏​​ចាត់​ចែង​ក្រុម​ការ​ងារ​សម្ងាត់​ដើម្បី​រក​ទីផ្សារ​ និង​បញ្ចេញ​លក់​​ផលិត​ផល​របស់​ខ្លួន​។

​ឈ្មោះ​ហ្សឿងមិញទាន់​ប្រាប់​ថា​ខ្លួន​​​បាន​​លក់​កាំ​ភ្លើង​ប្រភេទ​នេះ​ចំនួន​៨​ដើម ​តម្លៃ​​១​​ដើម​ៗ​ចាប់​ពី​១​លាន​ដុង​ ដល់​៥លាន ៥សែនដុង​ ឬ​ស្មើ​នឹង​៤២​ដុល្លារ​ទៅ​២៣១​ដុល្លារ​។ ក្រៅ​ពី​នេះ, ខ្លួន​ក៏​លក់​គ្រាប់​កាំ​ភ្លើង​៥០​គ្រាប់​នៅ​ខេត្ត​កៀន​​យ៉ាង, ​ខេត្ត​អាន​យ៉ាង (An Giang)​ និង​កាម៉ៅ​ (Ca Mau)​។​ ​មាន​ម្ដង​នោះ, គាត់​​ឱ្យ​កាំ​ភ្លើង​១​ដើម​ទៅ​​​អតិថិ​ជន​​ទុក​ជា​កាដូ​​អនុស្សាវ​រីយ៍​។

សមត្ថ​កិច្ច​ក៏​ចុះ​ឆែក​ឆេរ​ផ្ទះ​របស់​២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ​​កៅវ៉ាន់​ហយ និង​វ៉ូង៉ុកត្រាំ និង​រក​ឃើញ​កាំ​ភ្លើង​៧០​ដើម​ និង​គ្រាប់​កាំ​ភ្លើង​២៣៩​គ្រាប់​។ ​អ្នក​ទាំង​២​​​ឆ្លើយ​​​ថា​​នារី​ឈ្មោះ​វូធីឌៀប​​ជា​មេ​គំនិត​ធំ​ជាង​គេ និង​ជា​អ្នក​​​ចែក​ចាយ​​កាំ​ភ្លើង និង​គ្រាប់​​កាំ​ភ្លើង​​។ ពោល​គឺ​នារី​​​វូធីឌៀប​ម្នាក់​នេះ​ប្រៀប​ដូច​ជា​អ្នក​បោះ​ដុំ​នូវ​កាំ​ភ្លើង និង​គ្រាប់​កាំ​ភ្លើង​​សម្រាប់​​ឱ្យ​​ម៉ូយ​របស់​ខ្លួន​យក​ទៅ​លក់​បន្ត​​​។​

សមត្ថ​កិច្ច​ក៏​ឈាន​ទៅ​ដល់​ការ​​ចាប់​ខ្លួន​នារី​ឈ្មោះ​វូធីឌៀប​នៅ​ទី​ក្រុង​ហូជីមិញ​ និង​ចាប់​ខ្លួន​បក្ស​​ពួក​បី​នាក់​ជា​បុរស​នៅ​ខេត្ត​ប៊ិញហ្សឿង (Binh Duong) និង​ខាញ់​ហា​ (Khanh Hoa)។​ ​សមត្ថ​កិច្ច​​ឆែក​ឆេរ​កន្លែង​រោង​ជាង​របស់​នារី​ឈ្មោះ​វូធីឌៀប​នៅ​ខេត្ត​ញ៉ា​ត្រាង និង​ខាញ់​ហា​ និង​​​រក​ឃើញ​កាំ​ភ្លើង​២២៩​ដើម គ្រាប់​កាំ​ភ្លើង​៦​គ្រាប់​ និង​របស់​របរ​មួយ​​ចំនួនទៀត​​។

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​​​កាល​ពី​ឆ្នាំ​២០២២, ​វូធីឌៀប​បាន​​បោះ​ដុំ​ទៅ​ឱ្យ​ឈ្មោះ​កៅវ៉ាន់ហយ និង​វ៉ូង៉ុក​ត្រាំ​នូវ​កាំ​ភ្លើង​ចំនួន​៤​រយ​ដើម​, គ្រាប់​កាំ​ភ្លើង​ជ័រ​​១៣០០​គ្រាប់​ និង​គ្រាប់​កាំ​ភ្លើង​ខ្យល់​១៣០០​គ្រាប់​។ បន្ទាប់​ពី​ទទួល​ទំនិញ​​​បាន​ហើយ​​​​ ឈ្មោះ​កៅវ៉ាន់ហយ និង​វ៉ូង៉ុក​ត្រាំ​ក៏​លក់​កាំ​ភ្លើង​​​បន្ត​ទៅ​អតិថិជន​របស់​ខ្លួន​បាន​៤០​ដើម​ និង​លក់​ឱ្យ​អតិថិ​ជន​របស់​នារី​ឈ្មោះ​វូធីឌៀប​បាន​១៩០​ដើម​៕​​

ប្រភព៖ Vietnam Express និង​ប្រភព​ដទៃ​ទៀត​
https://e.vnexpress.net/news/news/woman-gets-9-years-for-gun-running-4643571.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ