ខេត្តព្រះសីហនុ៖ ថ្នាំញៀនជាច្រើនប្រភេទត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី១០ និងព្រឹកថ្ងៃទី១១ ខែឧសភា នៅក្នុងហាងផឹកស៊ីមួយកន្លែងយីហោ The happy Bar ដែលស្ថិតនៅក្នុងក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាទីតាំងដែលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុធ្លាប់បានឃាត់ខ្លួនមនុស្សចំនួន៨នាក់កាលពីយប់ថ្ងៃទី២ ខែឧសភា កន្លងមក ដែលភាគច្រើនជាជនជាតិអឺរ៉ុប ។
យុទ្ធនាការឆែកឆេរលើកទី២នេះ ដឹកនាំដោយលោកប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសហការជាមួយលោកវរសេនីយ៍ឯក ហេង ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។ យោងតាមប្រភពចុងក្រោយពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា វត្ថុតាងដែលរឹបអូសបានក្នុងពេលឆែកឆេរលើកទី២នេះ មានគ្រឿងញៀនជាច្រើនប្រភេទរួមមានម៉ាទឹកកក១ខាំ កញ្ឆាក្រៀម៤ដុំស្មើនឹង២គីឡូក្រាម ទឹកថ្នាំផ្សំសារធាតុញៀន៥ដប ថ្នាំពណ៌ស-ប្រផេះ៧៨០គ្រាប់ ថ្នាំពណ៌លឿងសញ្ញាដក៥១០គ្រាប់ ស៊ីរ៉ាំងសម្រាប់ចាក់ថ្នាំមួយចំនួនធំ ជ័រពណ៌ខ្មៅ៥ដុំ ឈើមូលសម្រាប់កិនថ្នាំនិង កញ្ឆា៧ និងសំភារផ្សេងៗមួយចំនួនទៀត។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺក្នុងហាង ផឹកស៊ីទាំងមូលបង្កប់ទៅដោយគ្រឿងញៀនស្ទើរគ្រប់កន្លែង តាំងពីកន្លែងទទួលភ្ញៀវ បន្ទប់ដេក រហូតដល់ចង្ក្រានបាយ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២ ឧសភា វេលាម៉ោង៨និង៤៥នាទីយប់ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ដែលជាប់ពាក់ព័ន្ធនឹងការចែកចាយ និងផលិតគ្រឿងញៀន។
លោក ហេង ប៊ុនទី មេមញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា យើងមានការ ពិបាកនិងស្មុគស្មាញយ៉ាងខ្លាំងក្នុងការចុះបង្ក្រាបទីតាំងដ៏ធំមួយនេះ ព្រោះស្ថានភាពភូមិសាស្រ្តច្រកចេញ-ចូលមានលក្ខណៈតូចចង្អៀត ហើយ ជាតំបន់ផ្ទះជនបរទេសស្នាក់នៅទៀតផង ទើបធ្វើឱ្យការស៊ើបអង្កេតនេះមានរយៈពេលយូរ។ លុះដល់ថ្ងៃទី២ ឧសភា ដោយមានការអនុញ្ញាតនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ហៀង និន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោក រៀម ច័ន្ទមុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ទើបយើងឈាន ទៅដល់ការឃាត់ខ្លួនមនុស្សចំនួន៨នាក់ ក្នុងនោះជនជាតិអឺរ៉ុប៦នាក់ ស្រ្តី២នាក់ ខ្មែរនិងវៀតណាម និងដកហូតវត្ថុតាងបានមួយចំនួនទៀតផង។ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន ១-ថ្នាំពណ៌ទឹកក្រូច៤១គ្រាប់ ស្មើ៦,៩ក្រាម(ហេរ៉ូអ៊ីន) ២-ថ្នាំពណ៌ស៩២គ្រាប់ ៣-ថ្នាំពណ៌សស្រអាប់៤៨គ្រាប់(ហេរ៉ូអ៊ីន) ៤-ម្សៅប្រភេទពណ៌សថ្លា៩កញ្ចប់ (មេតំហ្វេតាមីន) ៥-ម្សៅដុំរឹងពណ៌ប្រផេះ២៥កញ្ចប់តូច(មេតំហ្វេតាមីន) ៦-ម្សៅដុំរឹងពណ៌ស៧កញ្ចប់តូច និង១កញ្ចប់ធំ(មេតំហ្វេតាមីន) ៧-ជ័រពណ៌ខ្មៅ១កញ្ចប់ធំ ស្មើនឹង១.០០៣ក្រាម(ហេរ៉ូអ៊ីន) ៨-គ្រាប់ និងរុក្ខជាតិក្រៀម១៤កញ្ចប់ ៩-រុក្ខជាតិក្រៀមកិន១ប្រអប់ ១០-រថយន្ត១គ្រឿង ទូរទស្សន៍១គ្រឿង ម៉ូតូ៣គ្រឿង ១១-ជញ្ជីងថ្លឹង៦ ១២-ម៉ាស៊ីនសម្ងួត៣គ្រឿង ១៣-ប្រដាប់កិនកាត់៤គ្រឿង និងសំភារមួយចំនួនទៀត ។
បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថ និងមន្រ្តីតុលាការកំពុងរុករកបន្តទៀត ព្រោះទីតាំងនេះមានលាក់គ្រឿងញៀនគ្រប់កន្លែង ៕
ចែករំលែកព័តមាននេះ