ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ១ក្រុម​​ធ្វើ​សកម្មភាព​មុខផ្ទះ​ប្រជាពលរដ្ឋ​បានសម្រេច តែគេចមិន​ផុត​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យចំនួន​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដែល​ដឹកនាំ​

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យចំនួន​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ដែល​ក្រុម​ជនសង្ស័យ​​ទាំង​​២នាក់ ​បាន​ធ្វើ​សកម្មភាព​ឌុ​ប​គ្នា​មក​លួច​យក​ម៉ូតូ​ពីមុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ បាន​ហើយ​ព្យាយាម​ជិះគេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​បញ្ជា​កម្លាំង​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ធ្វើការ​ឡោម​ព័ទ្ធ​តែ​ម្តង​។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង​​​២នាក់​បានធ្វើសកម្មភាព​​លួច​ម៉ូតូ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៣ នៅ​ក្នុងផ្ទះ​តាម​ផ្លូវ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦ ទៅ​លេខ​៣៧​ស្ថិត​នៅ​ភូមិ​មនោ​រម្យ ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

លោក​អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​​ថា នៅ​មុន​ពេលកើតហេតុ មាន​ករណី​ចោរកម្ម​(​លួច​ម៉ូតូ​)​មួយ​កើតឡើង​ ដែល​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អ៊ី គឹ​ម​លេង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​មាន់​ដប់​លើ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក beat ពណ៌​ស​លាយ​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1JL .7794 ជា​កម្មសិទ្ធិ របស់​ឈ្មោះ អ៊ុ​ក ខុន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោកអធិការបាន​ឱ្យដឹងបន្តថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​​ភ្លាម​ៗ ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដែល​ដឹកនាំ​ដោយ​រូប​លោក​​ផ្ទាល់ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ហោង​សំណំ ធ្វើការ​ដេញ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ខាងលើ​ និង​ម៉ូតូ​របស់​ជន​រង​គ្រោះ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ដើម្បី​ធ្វើ​ការ​សាកសួរ​ ដោយ​ជនសង្ស័យ​បាន​ប្រាប់​ថា​ បក្ខពួក​ខ្លួន​មាន​ម្នាក់​ទៀត​ដែល​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​គេច​​ខ្លួន​។

លោក​អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យ​ដឹង​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​កំលាំង​របស់​អធិកា​ដ្ឋា​ន ដែល​ដឹកនាំ​ដោយ​លោក​អធិការ​ផ្ទាល់ ធ្វើ​​ការ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ភាព បញ្ញា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​មាន់​ដប់​ក្រោម ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​ កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥​ ដែល​​ជា​មធ្យោបាយ​ជិះ​ឌុ​ប​គ្នា​ធ្វើ​សកម្មភាព​លួច នៅ​ចំណុច​តាម​ផ្លូវ​៤៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​៣៣​ទៅ​លេខ​៣៤ ស្ថិត​នៅ​ក្នុងភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ សមត្ថកិច្ច​ក៏បានដកហូត​សម្ភារៈ​និង​វត្ថុ​តាង​ដូច​ដូចជា​ ១-ម៉ូតូ​ចំនួន​០២​គ្រឿង ​ក្នុងនោះ​​​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក់​លេខ កំពង់ចាម​ 1S-8224 (​ម៉ូតូ​ជនសង្ស័យ​) ​និង​​ម៉ូតូ​មួយគ្រឿង​ម៉ាក​ប៊ីត ពណ៌​ខៀវ​លាយ​សរ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ 1JL-7794, ២-អត្តសញ្ញាណប័ណ្ណ​ចំនួន​០៨ សន្លឹក ខ្មែរ​ចំនួន​០៧​សន្លឹក​និង​ថៃ​ចំនួន​០១​សន្លឹក អត្តសញ្ញាណប័ណ្ណ​ជនសង្ស័យ​ចំនួន​០១​សន្លឹក ឈ្មោះ អ៊ី​ គឹ​ម​លេង ។​

៣-ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​.១៩ ចំនួន​០១​សន្លឹក ឈ្មោះ អ៊ី​ គឹ​ម​លេង, ៤-​កាត​ធានា​គា​វី​ង​ចំនួន​០១​សន្លឹក ប័ណ្ណ​ព័ត៌មាន​ចំនួន​០១​សន្លឹក, ៥-​កូន​កាបូបដៃ​ចំនួន​២កាបូប, ៦-​ខ្សែ​កាបូប​ចំនួន​០២​ខ្សែ​កាបូបយួរ​ចំនួន​០១​និង​ខ្សែ​ស្ពាយ​ចំនួន​១, ៧-ពោះវៀន​ម៉ូតូ​ចំនួន​០២, ៨-បំពង់​ក្រែ​ម​ចំនួន​០២​បំពង់,
៩-​ប្រេង​លាប​ក្លៀក​ចំនួន​០១​ដប និង​ម្សៅលាបមុខ​ចំនួន​០១​ប្រអប់ ,១០-ចិញ្ចៀន​ត្បូង​លោហធាតុ​ពណ៌​ក្រហម​ចំនួន​០១​វង់ និង​ខ្សែដៃ​ដាំ​ត្បូង​លោហធាតុ​ពណ៌​ក្រហម​ចំនួន ០១​ខ្សែ, ១១-ប្រាក់​រៀល​ចំនួន ១០០០០​រៀល​(​មួយ​ម៉ឺន​រៀល​), ១២-​កញ្ចប់​បារី​ចំនួន​០១​និង​បារី​ចំនួន​០៥​ដើម, ១៣-​​ដែកកេះ​ចំនួន​០៤​ដើម, ១៤-កូនសោ​កុងតាក់​ម៉ូតូ​ម៉ាក​ហុងដា​ចំនួន​០២, ១៥-កូនសោ​ដោះ​បា​ឡុ​ង​លេខ​១៤​ចំនួន​០១​ដើ​ម និង​១៦-ស្កុ​ត​មុខ​ពីរ​ចំនួន​០២​ដុំ ។​

បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើ​​ម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​បំភ្លឺ​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​០២​លើក​មក​ហើយ បាន​ម៉ូតូ​ចំនួន​០២​គ្រឿង និង​លួច​កាបូប​លុយ​០១​លើក​កាលពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៣​នៅ​ក្នុង​ឃុំ​ព្នាយ ស្រុក​សំរោង​ទង បាន​លុយ​ចំនួន​៨​ម៉ឺន​រៀល​។

ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ ត្រូវបាន​លោក​អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រគល់​ជូន​​ម្ចាស់​​យក​ទៅ​ប្រើ​ប្រាស់​វិញ​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ