រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដាបានប្រកាសឱ្យដឹងថា ពន្ធដាប្រមូលចំណូលបាន២៣១២,៩៥ លានដុល្លារ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣ ខណៈវិបត្តិធំៗជាសកលនៅតែជាបញ្ហាប្រឈម ។

ក្នុងនោះ សម្រាប់ខែកក្កដា ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន៩៧៣,៧៦ ប៊ីលានរៀល (ឬប្រមាណជា ២៤០,៤៣ លានដុល្លារអាមេរិក) ស្មើនឹង ៦,៧៣ ភាគរយនៃផែនការច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល៧ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា សម្រាប់រយៈពេល៧ខែ ឆ្នាំ២០២៣នេះ សរុបចំណូលពន្ធ-អាករ ដែលប្រមូលបានមានចំនួន៩៣៦៧,៤៤ ប៊ីលានរៀល (ឬប្រមាណជា ២៣១២,៩៥ លានដុល្លារអាមេរិក) ស្មើនឹង ៦៤,៧៦ ភាគរយនៃផែនការច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។

លោក គង់ វិបុល បានលើកឡើងក្នុងអង្គប្រជុំថា ទោះបីជាការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នៅបន្តរក្សាបានសញ្ញាវិជ្ជមានក៏ដោយក៏បញ្ហានៃភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកលដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់ដល់បណ្តាប្រទេស ដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណាដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ មិនបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ និងពិសេសមូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់ ៕


ចែករំលែកព័តមាននេះ