ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ស៊ី​ម​បា​វ៉េ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍វប្បធម៌ និង​អេកូ​ទេសចរណ៍

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ជាមួយ​ស៊ឹ​ម​បា​វ៉េ ដែល​ជា​ប្រទេស​មួយ​នៅ​ភាគ​ខាងត្បូង​ទ្វីបអាហ្វ្រិក និង​មាន​ភាព​ល្បីល្បាញ ផ្នែក​ទេសចរណ៍​ធម្មជាតិ ដើម្បី​ជំរុញ​ទាក់ទាញ​រំហូរ​ទេសចរ​ទៅ​វិញ​ទៅ​មក និង​ប្រទេស​ទី​៣…

រាជធានី​ភ្នំពេញ ៖ កម្ពុជា នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ជាមួយ​ស៊ឹ​ម​បា​វ៉េ ដែល​ជា​ប្រទេស​មួយ​នៅ​ភាគ​ខាងត្បូង​ទ្វីបអាហ្វ្រិក និង​មាន​ភាព​ល្បីល្បាញ ផ្នែក​ទេសចរណ៍​ធម្មជាតិ ដើម្បី​ជំរុញ​ទាក់ទាញ​រំហូរ​ទេសចរ​ទៅ​វិញ​ទៅ​មក និង​ប្រទេស​ទី​៣ ខណៈ​ស៊ឹ​ម​បា​វ៉េ ក៏​សម្លឹង​ឃើញ​សក្ដានុពល​ទេសចរណ៍វប្បធម៌ និង​អេកូ​ទេសចរណ៍ របស់​កម្ពុជា​ផង​ដែរ ។

ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អនុញ្ញាត​ឱ្យ​លោក​ជំទាវ ខន់​ស្តេ​ន ចេ​ម​វ៉ា​យី (Constance Chemwati) ឯកអគ្គ​រដ្ឋ​ទួត​ស៊ឹ​ម​បា​វ៉េ ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ម៉ា​ឡេ​ស៊ី ចូល​ជួប​សម្ដែង​ការ​គួរសម នៅ​ទីស្ដីការក្រសួង នា​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៣ ។

ឯកឧត្តម​រដ្ឋមន្ត្រី ថោ​ង ខុន បាន​លើក​ឡើង​ពី​ស្ថានភាព​ទេសចរណ៍​កម្ពុជា ដែល​ជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ ព្រមទាំង​បាន​បង្ហាញ​អំពី​កត្តា​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន ក្នុង​នោះ​វិស័យ​ទេសចរណ៍ ក៏​ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ស្ដារ និង​លើក​ស្ទួយ​ឡើង​វិញ បន្ទាប់​ពី​រង​នូវ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​។ នៅ​ឆ្នាំ​២០២៣​នេះ កម្ពុជា រំពឹង​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​៥​លាន​នាក់ ព្រមទាំង​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ជា​ច្រើន ដើម្បី​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​ទេសចរណ៍ បង្កើន​ចលនា​ភ្ញៀវ​ទេសចរ​ឱ្យ​កាន់តែ​ច្រើន​លើស​នេះ​ទៀត ខណៈ ៧​ខែ​ដើមឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ជាង ៣​លាន​នាក់ រួច​ទៅ​ហើយ ។

លោក​ជំទាវ ខន់​ស្ដេ​ន ចេ​ម​វ៉ា​យី បាន​សង្កេត​ឃើញ​នូវ​ការ​ងើបឡើង​វិញ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា មាន​ភាព​លឿន​រហ័ស​។ លោកស្រី​បាន​បន្ត​ថា កម្ពុជា និង​ស៊ី​ម​បា​វ៉េ អាច​សហការ​គ្នា ដើម្បី​ជំរុញ​ទេសចរ​ទៅ​វិញ​ទៅ​មក និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទី​៣ តាម​រយៈ​ការ​អភិវឌ្ឍ​ទេសចរណ៍វប្បធម៌ ដោយសារ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ស្រាប់ និង​មាន​គោលនយោបាយ​អភិវឌ្ឍន៍​ទេសចរណ៍​ប្រភេទ​នេះ​ផង​ដែរ ពិសេស​នៅ​តាម​គោលដៅ​បេតិកភណ្ឌ​វប្បធម៌​ជា​ច្រើន​។ លោក​ជំទាវ​បាន​បន្ត​ថា ស៊ី​ម​បា​វ៉េ គឺ​ចង់​ជំរុញ​ទេសចរណ៍វប្បធម៌ ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ដើម្បី​ជំរុញ​កំណើន​ទេសចរ​នៅ​ក្នុង​ប្រទេស​ខ្លួន ឱ្យ​កាន់តែ​ច្រើន ក្រោយ​ពេល​វិបត្តិ​កូ​វី​ដ​-១៩ ។

ជាមួយ​គ្នា​នោះ ភាគី​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​លើ​ការ​អភិវឌ្ឍន៍​វិស័យ​អេកូ​ទេសចរណ៍​របស់​ប្រទេស​ទាំង​ពីរ ។

ឯកឧត្តម​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ជម្រាប​ជូន​លោក​ជំទាវ ឯកអគ្គ​រដ្ឋ​ទួត​ថា កម្ពុជា​មាន​សក្ដានុពល​ទេសចរណ៍​ជា​ច្រើន និង​មាន​គោលនយោបាយ​ជា​ច្រើន សម្រាប់​ជំរុញ​វិស័យ​អេកូ​ទេសចរណ៍​នេះ ហើយ​ក្នុង​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ វិស័យ​អេកូ​ទេសចរណ៍ គឺជា​ផលិតផល​ទេសចរណ៍​សំខាន់ ដែល​ជំរុញ​ដោល​កំណើន​ទេសចរ​ក្នុងស្រុក​។

លោក​ជំទាវ​ឯកអគ្គ​រដ្ឋ​ទួត ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​ប្រទេស​ស៊ឹ​ម​បា​វ៉េ ក៏​មាន​ធនធានធម្មជាតិ​ច្រើន​ដែរ ពិសេស​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ដែល​ជា​គោលដៅ​សំខាន់ ហើយ​នៅ​ជាប់​ទឹកធ្លាក់​វិច​តូ​រី​យ៉ា ដែល​ជា​គោលដៅ​ទាក់ទាញ​ខ្លាំង​មួយ​។ តាម​រយៈ​ការ​លើក​ឡើង​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ចំពោះ​វិស័យ​ទាំង​ពីរ​នេះ ។

ទន្ទឹម​នឹង​នេះ ភាគី​ទាំង​ពីរ ក៏​បាន​ពិភាក្សា​លើ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដោយ​ភាគី​ស៊ឹ​ម​បា​វ៉េ បាន​មើលឃើញ​ចំណុច​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដោយសារ​កម្ពុជា មាន​ភាព​លេចធ្លោ​លើ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍ ស្រប​តាម​ស្ដង់ដា​អាស៊ាន​។ ដូច្នេះ​ប្រទេស​ទាំង​ពីរ អាច​នឹង​មានការ​ផ្លាស់​ប្ដូរ​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ។

តែ​យ៉ាងណា ភាគី​ទាំង​ពីរ នឹង​រៀបចំ​ជា​អនុស្សរណៈ យោគយល់​គ្នា ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​គ្នា ដើម្បី​ជា​ផែនទី​សម្រាប់​អនុវត្ត ផែនការ​សកម្មភាព​ជាមួយ​គ្នា ហើយនឹង​ជួប​ពិភាក្សា​គ្នា​បន្ថែម​ទៀត ក្នុង​ពេល​ដែល​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) រៀបចំ​មហាសន្និបាត​នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន (​នៅ​តំបន់​អា​ស៉ី​កណ្ដាល​) នៅ​ចុងឆ្នាំ​២០២៣ ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ