ខេត្តព្រះសីហនុ ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានបង្ហាញនូវការចាប់អារម្មណ៍ជាខ្លាំងទៅលើក្មេងស្រីតូច មុខខ្យូតៗបែបកូនកាត់ម្នាក់ ដែលនាងតូចបានដើរលក់សណ្តែកដីនៅតំបន់កម្សាន្តឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ។

ប្រាកដណាស់ បងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គម Tik Tok ជាច្រើន ប្រាកដជាបានឃើញនូវវីដេអូនាងតូច ដែលមានមុខមាត់ជាកូនកាត់ម្នាក់ ដោយក្មេងស្រីរូបនេះមានសាច់ឈា.មកូនកាត់ខ្មែរ-បរទេស ហើយដើរលក់សណ្ដែកដីនៅតាមឆ្នេរសមុទ្រ មិនត្រឹមតែប៉ុណ្ណោះនាងមានមុខមាត់ស្រស់ស្អាត ខ្យូតគួរឱ្យស្រលាញ់ និងចេះដើរលក់ដូរគួរឱ្យខ្នាញ់ទៀតផង។

តាមរយៈវីដេអូ យើងឃើញក្មេងស្រីតូចរូបនេះ លក់សណ្ដែកដី និងទទួលបានការចាប់អារម្មណ៍ ដោយ សារនាងមានមុខមាត់គួរអោយស្រលាញ់ ហើយនៅក្នុងវីដែអូនោះ បងប្អូនយើងបានសួរនាំក្មេងស្រីមុខស្រស់នេះថា «តើនាងចេះនិយាយភាសាខ្មែរឬអត់? តើនាងតូច ជាកូនកាត់ជនជាតិអ្វីដែរ? ហេតុអ្វីបានជានាងតូចមកដើរលក់សណ្ដែកដីបែបនេះ? ជាដើម»។

ក្នុងនោះផងដែរ ក៏មានបងប្អូនដែលបានឃើញវីដេអូនោះហើយ ដោយខ្លះសម្តែងការសរសើរនាងតូច តែក៏មានបងប្អូនខ្លះទៀតក៏បានចូលទៅបញ្ចេញមតិយោបល់សម្ដែងការមិនពេញចិត្តជាច្រើននូវសំណួរសួរទៅកាន់ក្មេងស្រីរូបនោះផងដែរ ដោយលើកឡើងថា «មិនគួរសួរគ្នាអញ្ចឹងទេ ព្រោះសំណួរនេះ អាចធ្វើអោយក្មេងបាក់ទឹកចិត្ត ហើយក៏ជាសំណួរមិនគួរសួរនាំផងដែរ»។ យ៉ាងណាមិញ បើតាមក្រុមការងារយើងខ្ញុំទទួលបាននោះ គឺនាងតូចខាងលើ គឺជាក្មេងស្រីតូចគួរឱ្យស្រលាញ់ មានឈា.មជ័រកូនកាត់ខ្មែរ-អាល្លឺម៉ង់។

ហើយតាមរយ:បទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព បងប្រុសឈ្មោះ ឡាង ចាន់ ដែលត្រូវជាពូជីដូនមួយរបស់ក្មេងស្រីរូបនេះ បានប្រាប់ឱ្យថា «ក្មេងស្រីមុខខ្យូតៗដែលជាកូនកាត់រូបនេះ មានឈ្មោះថា លីន ស៊ី អាយុ៧ឆ្នាំ ហើយនាងតូចជាសិស្សរៀនថ្នាក់ទី១។ លីន ស៊ី ក្មេងស្រីកូនកាត់ខ្មែរ-អាល្លឺម៉ង់ មានទីកន្លែងកំណើតនៅភូមិ១ សង្កាត់៤ ខេត្តព្រះសីហនុ ដោយនាងមានម្ដាយជាជនជាតិខ្មែរ ឪពុកជាជនជាតិអាល្លឺម៉ង់។ សព្វថ្ងៃ នាងរស់នៅជាមួយលោកយាយ និងម្ដាយរបស់នាងតូច ដោយអ្នកទាំងពីរប្រកបរបរលក់ដូរនៅតំបន់ឆ្នេរសមុទ្រ»។

ពូជីដូនមួយរបស់ លីន ស៊ី បានប្រាប់បន្ថែមទៀតថា «នាងតូច គឺដើរលក់សណ្ដែកដីពិតមែន ប៉ុន្ដែនាងមិនមែនលក់រាល់ថ្ងៃនោះទេ គឺលោកយាយរបស់នាងឱ្យជួយលក់តែថ្ងៃសៅរ៍-អាទិត្យប៉ុណ្ណោះ ដោយសារតែនាងអត់រៀន ហើយនៅផ្ទះគ្មានអ្នកមើល។ មួយវិញទៀត ជីដូនក៏ចង់ឱ្យនាងតូច លីន ស៊ី ឆ្លៀតពេលទំនេរពីការសិក្សា រៀនលក់បន្តិចបន្តួចផងដែរ។ ក្នុងមួយថ្ងៃនាងតូច អាចលក់បានចន្លោះពី២ម៉ឺនទៅ៣ម៉ឺនរៀលសម្រាប់ការលក់ដូររបស់នាងតូច ហើយក្មេងស្រីឆ្លាតរូបនេះ មិនជួបនូវឧបសគ្គអ្វីនោះទេ សម្រាប់ការលក់ដូរ។ ក៏ប៉ុន្តែអ្វីដែលជាកត្តាព្រួយបារម្ភនោះ គឺលោកយាយរបស់នាងតូចខ្លាចនាងចុះទៅលេងទឹក អាចជួបនឹងគ្រោះថ្នាក់ផ្សេងៗ»។

យ៉ាងណាមិញ បើនិយាយពីប្រជាប្រិយភាពរបស់នាងតូចវិញ គឺអាចនិយាយបានថា កំពុងផ្ទុះការចាប់អារម្មណ៍ពាសពេញបណ្តាញសង្គមតែម្តង ដោយនាងតូច លីន ស៊ី មានភាពឆ្លាតវៃ និងឧស្សាហ៍ព្យាយាមរបស់នាងតូច ។ កន្លងមក លោកយាយរបស់នាងតូច លីន ស៊ី ក៏បានបង្ហើបឱ្យដឹងផងដែរថា «មានគេចង់សុំយកនាងតូច លីន ស៊ី ទៅចិញ្ចឹម តែគ្រួសាររបស់នាងតូចមិនទទួលសំណើរមួយនេះទេ បើទោះជាមានរឿងអ្វីក៏ពួកគាត់នឹងតស៊ូ ព្យាយាម ចិញ្ចឹមនាងតូចអោយមានអនាគតល្អដែរ ព្រោះជីវិតនាងកម្សត់ណាស់ទៅហើយ ដែលគ្មានវត្តមានឪពុកជាជនជាតិអាល្លឺម៉ង់នៅថ្នមថែដូចក្មេងឯទៀតដែរ»។

លោក ឡាង ចាន់ បានបន្តទៀតថា «លីន ស៊ី មិនចេះភាសាខាងឪពុកនាងទេ ដោយសារនាងបានកើតនៅកម្ពុជា និងរស់នៅទីនេះរហូត ហើយឪពុករបស់នាងមិនបានរស់នៅជាមួយទេដោយគាត់បានត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញ។ ប៉ុន្តែបច្ចុប្បន្ន ឪពុករបស់នាងក៏នៅតែទាក់ទងមកម្តាយរបស់នាងតូច លីន ស៊ី ជាធម្មតា»។

ជាចុងក្រោយ គាត់ក៏បានសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបង្ហាញនូវការស្រលាញ់គាំទ្រចូលចិត្តទៅដល់នាងតូច លីន ស៊ី និងធ្វើអោយនាងតូចត្រូវបានគេស្គាល់ច្រើនពេញបណ្ដាញសង្គម ហើយក៏សូមអោយនាងតូចមានអនាគតល្អនាថ្ងៃខាងមុខ។ ចុះប្រិយមិត្ត ធ្លាប់បានជួយទិញសណ្តែកដីនាងតូច លីន ស៊ី ហើយឬនៅ?
https://www.tiktok.com/@lang.chan/video/7267864926625008903?is_from_webapp=1&sender_device=pc&web_id=7218866622958110210
https://www.tiktok.com/@lang.chan/video/7266017001603124481?is_from_webapp=1&sender_device=pc&web_id=7218866622958110210
https://www.tiktok.com/@lang.chan/video/7266741476388900097?is_from_webapp=1&sender_device=pc&web_id=7218866622958110210
https://www.tiktok.com/@lang.chan/video/7266745369403444481?is_from_webapp=1&sender_device=pc&web_id=7218866622958110210
https://www.tiktok.com/@lang.chan/video/7267889477320822024?is_from_webapp=1&sender_device=pc&web_id=7218866622958110210
ចែករំលែកព័តមាននេះ