រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ នៅតំបន់ជាច្រើនក្នុងប្រទេសកម្ពុជាយើងនៅពេលវស្សា ពេលភ្លៀងធ្លាក់ខ្លាំង តែងតែរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ។ ការលិចលង់ ក្រៅតែពីខូចខាតផ្លូវក្នុងនោះក៏មានការខូចខាតផលដំណាំរបស់ប្រជាកសិករផងដែរ ។ ប៉ុន្តែផុតតែពីគ្រោះទឹកជំនន់នេះទៅ គឺនៅតំបន់មួយចំនួនទៀត បែរជាត្រូវជួបគ្រោះរាំងស្ងួតក៏បណ្តាលឱ្យខូចដល់ផលដំណាំរបស់ប្រជាពលរដ្ឋយើង ពិសេសដំណាំស្រូវ ។

ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ថា ដំណាំស្រូវ របស់ ប្រជាកសិករ ក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្រឈមការខ្វះទឹកស្រោចស្រព បណ្តាលឲ្យខូចខាតមួយចំនួន។ ប្រជាកសិករ ក្នុងស្រុកមោងឫស្សី ដែលដីស្រែ នៅឆ្ងាយពីប្រភពទឹក បានដាំប្រភេទស្រូវធ្ងន់ ដែលពឹងផ្អែកលើទឹកភ្លៀង បើតំបន់នោះគ្មានភ្លៀង គឺត្រូវខូចខាតទាំងស្រុង។

ករណីនេះ មន្ត្រីជំនាញ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានលើកឡើងថា ជាធម្មតានៅតាមបណ្តាស្រុកមួយចំនួនប្រជាកសិករប្រកបរបរកសិកម្មតែងតែមានតំបន់ខ្លះបានដាំប្រភេទស្រូវធ្ងន់ គឺពឹងផ្អែកតែលើទឹកភ្លៀងប៉ុណ្ណោះដោយសារតែវានៅឆ្ងាយដាច់ពីប្រព័ន្ធទឹក ។ នៅក្នុងស្រុកមោងឫស្សី នៅតំបន់ធ្វើស្រែ ដែលពឹងតែលើទឹកភ្លៀង បានខូចខាតស្រូវ ប្រហែលជា៣ម៉ឺនហិកតា ។ ចំណែកស្រុកគាស់ក្រឡ គឺជាតំបន់ដីដែលមានប្រឡាយទឹក សម្រាប់តែផ្ទុកទឹកភ្លៀងនោះក៏នៅពេលនេះរងការខូចខាតស្រូវ ប្រហែលជាង៣ពាន់ហិកតា ។

យ៉ាងណាក៏ដោយ មិនថា ពេលមានទឹកជំនន់ដោយទឹកភ្លៀង ឬបង្កដោយទឹកទន្លេនោះទេ គឺ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ ។ ដូចគ្នាដែរ នៅ ពេលរាំងស្ងួតនេះក៏មិនខុសគ្នាឡើយ ពិសេសក្នុងវិស័យកសិកម្ម គឺរាជរដ្ឋាភិបាល ជំរុញឲ្យមន្ត្រីថ្នាក់មូលដ្ឋានយកចិត្តទុកដាក់ខ្លាំងណាស់ ។ តែនៅតំបន់ខ្លះស្ថិតនៅដាច់ឆ្ងាយមិនអាចមានប្រព័ន្ធបញ្ជូនទឹកទៅដល់ផុតពីដែនប្រព័ន្ធធារាសាស្ត្រ ។ ចំណែកនៅតំបន់ដែលមានប្រព័ន្ធធារាសាស្ត្រ គឺមន្ត្រីជំនាញបានបញ្ជូនម៉ាស៊ីនបូមទឹកទៅបូមទឹកពីប្រភពទឹកនៅជិតៗ ដើម្បីសង្គ្រោះស្រូវស្រែទាំងនោះ ។
ទោះជាមានអន្តរាគមន៍ពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធដូច្នេះក៏ដោយក៏ស្រូវស្រែរបស់ប្រជាកសិករដែលរងគ្រោះ ដោយគ្រោះរាំងស្ងួត ជួយបានតែនៅតំបន់ជិតៗ ប្រឡាយទឹក និងកន្លែង ដែលមានប្រព័ន្ធធារាសាស្ត្រ និងប្រភពទឹកស្ទឹង បឹង អូរ និងទន្លេប៉ុណ្ណោះ ។ ចំណែកនៅតំបន់ដាច់ស្រយាលឆ្ងាយពីប្រភពទឹក និងប្រឡាយទឹក គឺមិនមានលទ្ធភាព ដើម្បីជួយសង្គ្រោះបាននោះទេ ។

ហាក់ដូចជារាល់ឆ្នាំទៅហើយ ដែលប្រទេសយើង តែងតែជួបរឿងដដែលៗ គឺនៅពេល ភ្លៀងខ្លាំងក្លាយជាទឹកជំនន់បង្កការលិចលង់ ។ ប៉ុន្តែបន្ទាប់ពីជំនន់ទឹកភ្លៀងដែលមានទឹកលិចលង់នោះក៏បែរទៅជានៅតំបន់មួយចំនួនជួបប្រទះនឹងគ្រោះរាំងស្ងួតបណ្តាលឱ្យខូចផលដំណាំ ពិសេសស្រូវក្រៀមស្វិតស្រពោនទៅវិញ ។
ដូច្នេះចំណុចនេះ គួរតែមានការគិតគូ និងប្រែក្លាយគម្រោង រួមទាំងផែនការឱ្យចេញជា ការអនុវត្តជាក់ស្តែង ។ ពោល គឺក្រសួងស្ថាប័នជំនាញបង្កើនការអនុវត្តបន្ថែមទៀតលើការរៀបចំប្រព័ន្ធធារាសាស្ត្រ និងកៀងគរប្រជាកសិករឱ្យបង្កើតអាងស្តុកទឹកទំនប់ទឹកឱ្យបានច្រើនថែមទៀត នៅតំបន់ធ្វើស្រែ ។
កន្លងមក មន្ត្រីជំនាញ តែងតែចញប្រកាសពីការព្យាករថា អាចមានភ្លៀងខ្លាំងបង្កជាទឹកជំនន់នៅតំបន់នេះ តំបន់នោះ រួមទាំងការប្រកាសពីគ្រោះរាំងស្ងួត ក្នុងរដូវវស្សាដែលយើងហៅថា កូនរដូវប្រាំងជាដើម ។ មន្ត្រីជំនាញ ក៏បានប្រកាសណែនាំដល់ប្រជាពលរដ្ឋ ពិសេសកសិករមិនត្រូវធ្វើស្រែប្រាំង ឬក៏មិនត្រូវធ្វើស្រូវធ្ងន់ រួមទាំងប្រកាសឱ្យប្រជាកសិករ រក្សាទឹកទុកអំឡុងពេលមានភ្លៀងច្រើននៅរដូវវស្សាជាដើម ។

ប៉ុន្តែបន្ថែមលើការប្រកាសអំពាវនាវទាំងនេះ គួរតែអាជ្ញាធរសមត្ថកិច្ច ពិសេសមន្ត្រីជំនាញ ខាងកសិកម្មខាងធនធានទឹក និងខាងអភិវឌ្ឍន៍ជនបទរួមគ្នាធ្វើការងារបន្ថែមទៀត ដើម្បី រៀបចំអាងស្តុកទឹក ជាទំនប់ទឹកតូចធំថែមទៀត ដើម្បីរក្សាទឹកទុកនៅរដូវវស្សា ពេលមាន ភ្លៀងច្រើន សម្រាប់ប្រជាកសិករប្រើប្រាស់នៅពេលអស់ភ្លៀង ឬក៏នៅពេលកើតមានកូនរដូវប្រាំង នៅក្នុងរដូវវស្សានេះ ។
បន្ថែមលើសពីនេះទៀត ប្រជាកសិករខ្លួនឯងក៏ត្រូវតែមានវិធានការរៀងៗខ្លួន ដើម្បីរក្សា ទឹកទុក ដោយជីកជាស្រះ ជាអណ្តូង ហើយក៏ត្រូវធ្វើដំណាំ ពិសេសធ្វើស្រែលៃលកឱ្យមានទឹកគ្រប់គ្រាន់ ។ ប្រជាកសិករក៏អាចចងក្រងគ្នាជាសហគមន៍ ហើយរួមគ្នាជាមួយនឹងអាជ្ញាធរភូមិឃុំស្រុកធ្វើយ៉ាងណាឱ្យប្រព័ន្ធប្រឡាយទឹកសម្រាប់ផ្គត់ផ្គង់ទឹកដល់ស្រែចំការរបស់ខ្លួន ។
អាជ្ញាធរមូលដ្ឋាន ក៏ត្រូវតែរៀបចំបែងចែកទឹក ឱ្យប្រជាកសិករស្មើៗគ្នាដោយត្រឹមត្រូវតម្លាភាព គ្មានលម្អៀងព្រោះថា កន្លងមក ក៏កើតមានរឿងហេតុ ដណ្តើមទឹកសម្រាប់បូម បញ្ចូលស្រែផងដែរ។
ដូច្នេះជាសរុបទៅ ក្នុងរដូវវស្សា ធ្លាក់ភ្លៀង មានទឹកហូរហៀ ទាំងអាជ្ញាធរមន្ត្រីជំនាញ និងទាំងប្រជាកសិករ គួរតែមានវិធានការជាក់ស្តែង ដើម្បីរក្សាទឹកទុកក្នុងស្រះក្នុងបឹងបួរក្នុងអូរ ប្រឡាយ ឬក៏នៅក្នុងទំនប់ស្តុកទឹក និងបង្កើតកន្លែងស្តុកទឹកថ្មីបន្ថែម ។ ការធ្វើដំណាំ ពិសេសការធ្វើស្រែស្រូវ ប្រជាកសិករយើងក៏ត្រូវពិនិត្យមើលឱ្យច្បាស់ពីប្រភពទឹកហើយធ្វើស្រូវស្រាល ដែលងាយនឹងប្រមូលផល ។ មកដល់ពេលនេះហើយប្រទេសយើងគួរតែឈប់ «ធ្វើស្រែប្រវាស់មេឃ» ដែលពឹងផ្អែកតែលើទឹកភ្លៀងដូចសម័យមុនទៀត ៕
ចែករំលែកព័តមាននេះ