ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ និង​ស្ថាប័ន​ពាក់ព័ន្ធ សូម​ងាក​មក​មើល​បញ្ហា​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​ផង​ពីព្រោះ​ភាគរយ​នៃ​យានយន្ត​ដែល​ខុសច្បាប់ គឺ​ខ្ពស់​ណាស់ ពោល​គឺ​ប្រមាណ​៧០​ភាគរយ​ទៅ​ហើយ ។ ដូច្នេះ ទើប​បានជា​គ្រោះថ្នាក់​ចរាចរណ៍​ពិបាក​នឹង​ស្រុត​ចុះ​យ៉ាងនេះ ។ តាម​ការ​គណនា​គុណ​ចែក​ដោយ​យោង​តាម​ស្ថិតិ​ដែល​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​បាន​កត់ត្រា…

អ្នកបើកបរ និង​ស្ថាប័ន​ពាក់ព័ន្ធ សូម​ងាក​មក​មើល​បញ្ហា​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​ផង​ពីព្រោះ​ភាគរយ​នៃ​យានយន្ត​ដែល​ខុសច្បាប់ គឺ​ខ្ពស់​ណាស់ ពោល​គឺ​ប្រមាណ​៧០​ភាគរយ​ទៅ​ហើយ ។ ដូច្នេះ ទើប​បានជា​គ្រោះថ្នាក់​ចរាចរណ៍​ពិបាក​នឹង​ស្រុត​ចុះ​យ៉ាងនេះ ។

តាម​ការ​គណនា​គុណ​ចែក​ដោយ​យោង​តាម​ស្ថិតិ​ដែល​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​បាន​កត់ត្រា និង​ប្រកាស​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា យានយន្ត​ដែល​ល្មើស​ហើយ​សមត្ថកិច្ច​បាន​បង្ក្រាប ហើយ​តម្រូវ​ឲ្យ​បង់​ពិន័យ​មិន​ចេះ​តិច​ឡើយ ។

លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា យានយន្ត​ចូល​គោលដៅ​ត្រួតពិនិត្យ​មាន​ចំនួន​សរុប​១១.០២៤​គ្រឿង​នៅ​ក្នុង​នោះ​រថយន្ត​ធំ​៩៤​គ្រឿង​, រថយន្ត​តូច ៤.៤១០​គ្រឿង និង​ម៉ូតូ​៦.៥២០​គ្រឿង ។ ផ្អែក​តាម​ប្រភព​ដដែល​សមត្ថកិច្ច​បាន​រក​ឃើញ​ថា យានយន្ត​ល្មើស​សរុប​ចំនួន ៨.២៦៣​គ្រឿង ដោយ​រថយន្ត​ធំ​មាន​ចំនួន​៦៤​គ្រឿង​, រថយន្ត​តូច​ចំនួន ៣.៣៦៩​គ្រឿង និង​ម៉ូតូ ៤.៨៣០​គ្រឿង​ត្រូវ​បាន​ផាកពិន័យ ។

របាយការណ៍​ដដែល បាន​វាយតម្លៃ​ថា ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ទទួល​បានការ​គាំទ្រ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ ។ ស្ថានភាព​នៃ​ការ​ផាកពិន័យ​ឃើញ​ថា ល្អ​ប្រសើរ​មែន ប៉ុន្តែ​បើ​និយាយ​អំពី​ស្ថានភាព​ចរាចរណ៍ គឺ​មិនល្អ​ប្រសើរ​ឡើយ ។ ស្ថានភាព​បែប​នេះ គឺ​នៅ​តែ​ជា​សញ្ញា​អវិជ្ជមាន​នៅឡើយ ពីព្រោះ​តាម​ការ​គណនា​អត្រា​ភាគរយ​នៃ​យានយន្ត ដែល​នៅ​ខុសច្បាប់ ហើយ​ធ្វើ​ចរាចរណ៍​នៅ​តាម​ផ្លូវ​សាធារណៈ គឺ​នៅ​មាន​ខ្ពស់​ដែល​យើង​គួរតែ​យកចិត្តទុកដាក់ ។

ជាមួយ និង​ស្ថិតិ​ខាងលើ​នេះ យើង​បាន​គណនា​ទៅ​ឃើញ​ថា យានយន្ត​សរុប​ដែល​បាន​រង​នូវ​ការ​ផាកពិន័យ គឺ​មាន​ភាគរយ​ខ្ពស់​ពោល គឺ​រហូត​ដល់​ទៅ​ជិត ៧៥​ភាគរយ​ទៅ​ហើយ ។ ដោយឡែក រថយន្ត​ធំ​វិញ គឺ​មាន​ជាង​៦៨ ភាគរយ ហើយ​រថយន្ត​តូច​ក៏​មិនធម្មតា​ដែរ គឺ​ល្មើស​ត្រូវ​ផាកពិន័យ​ដល់​ទៅ​ជាង​៧៦ ភាគរយ ហើយ​ម៉ូតូ​ដែល​យើង​ដឹង​ថា ជា​មធ្យោបាយ​ដ៏​ពេញ​និយម​បំផុត ហើយ​ប្រើប្រាស់​ទូលំទូលាយ​នោះ គឺ​មាន​រហូត​ដល់​ទៅ​ជាង​៧៤​ភាគរយ ។

តើ​អ្នក​ណា​ជា​អ្នក​ល្មើស ? យើង​ទាំងអស់ ជា​អ្នក​ប្រើប្រាស់​យានយន្ត​គួរ​សួរ​ខ្លួនឯង​ពីព្រោះ​តែ​យើង​ទាំងអស់​គ្នា ដែល​រង​ការ​ផាកពិន័យ​នេះ​ហើយ ដែល​ជា​អ្នក​ល្មើស ។ ដូច្នេះ​ដើម្បី​កុំអោយ​សមត្ថកិច្ច​ឃាត់ ហើយ​ចាប់​ផាកពិន័យ គួរតែ​កែសម្រួល ហើយ​ត្រួតពិនិត្យ យានយន្ត​របស់​យើង​តើ​នៅ​ខ្វះខាត​អ្វី​? ហើយ​ពេល​ដែល​បើកបរ​យើង​បើក​យ៉ាងម៉េច បានជា​ត្រូវ​សមត្ថកិច្ច​ផាកពិន័យ?

ប្រសិនបើ​យើង​មិន​ល្មើស សមត្ថកិច្ច​ក៏​មិន​ផាកពិន័យ​យើង​ដែរ ពីព្រោះ​តាម​ស្ថិតិ​ឃើញ​ហើយ គឺ​មាន​យានយន្ត​ដែល​គោរព ទោះបីជា​ត្រូវ​សមត្ថកិច្ច​ហៅ​ចូល​ទីតាំង​ត្រួតពិនិត្យ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​បញ្ជាក់​ភាព​ត្រឹមត្រូវ គឺ​គេ​អាច​បន្តដំណើរ​ទៅ​មុខ​បានជា​ធម្មតា ។

សរុប​ទៅ ដើម្បី​យើង​ទាំងអស់​គ្នា​រួបរួម​គ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ យើង​ទាំងអស់​គ្នា គួរតែ​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​របស់​យើង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​តាម​ច្បាប់​ចរាចរណ៍ ហើយ​មិនតែប៉ុណ្ណោះ​នៅ​ពេល​ដែល​បើកបរ​ក៏​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ដែរ ។ នៅ​ក្នុង​ករណី​ដែល​យើង​ទាំងអស់​គ្នា​ចេះ​គោរព​ច្បាប់​ចរាចរណ៍​យានយន្ត​របស់​យើង​មាន​ភាព​ត្រឹមត្រូវ តាម​ច្បាប់​អស់ហើយ នោះ​គ្រោះថ្នាក់​ចរាចរណ៍​អាច​នឹង​បន្ត​កាត់​បន្ថយ​បន្ថែម​ទៀត នៅ​ពេល​ខាង​មុខ ។ សុវត្ថិភាព​ចរាចរណ៍ គឺ​នៅ​លើ​ដៃ និង​យានយន្ត​ដែល​យើង​ទាំងអស់​គ្នា​បាន​កំពុង​តែ​ប្រើប្រាស់​ផ្លូវ​សាធារណៈ​នៅ​ពេល​បច្ចុប្បន្ន​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ