កូនត្រីមេពូជ១២ប្រភេទ និងត្រីផ្សេងៗ៧ម៉ឺនក្បាលលែងចូលអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ កូនត្រីមេពូជចំនួន១២ប្រភេទ និងកូនត្រីផ្សេងៗទៀតចំនួន៧ម៉ឺនក្បាល ត្រូវបានមន្ត្រីថ្នាក់ជាតិនៃរដ្ឋបាលជលផល សហការជាមួយមន្ទីរកសិកម្មខេត្តស្ទឹងត្រែង រួមនឹងអាជ្ញាធរស្រុកសេសាន, ខណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ បានលែងចូលទៅក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីឱ្យបរិមាណត្រីវាសម្បូរឡើងវិញ។

កម្មវិធីខាងលើនេះ បានប្រព្រឹត្តឡើងនៅអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលលោក ទូច ប៊ុនថង ក៏បានអញ្ជើញចូលរួម ព្រមទាំងតំណាងក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ផងដែរ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានលើកឡើងក្នុងពិធីនោះទៅកាន់ប្រជាពលរដ្ឋថា ត្រីជាច្រើនប្រភេទ រួមទាំងកូនត្រីមេពូជ តែងតែលែងនៅក្នុងអាងស្តុបទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ជារៀងរាល់ឆ្នាំ ដើម្បីបង្កើនបរិមាណត្រីធម្មជាតិឱ្យកាន់តែសម្បូរច្រើនឡើង។ លោកបន្តទៀតថា នៅពេលត្រីកាន់តែសម្បូរ ប្រជាពលរដ្ឋនៅក្នុងដ្ឋានមូលផ្ទាល់ គឺជាអ្នកទទួលផលបំពេញតម្រូវការម្ហូបអាហារប្រចាំថ្ងៃ នេសាទបាននៅក្រៅតំបន់ហាមឃាត់។

នាយខណ្ឌរដ្ឋបាលជលផលស្ទឹង ត្រែងលោក ស្រី សមវិចិត្រ បាននិយាយថា ដើម្បីរក្សាបាន នូវបរិមាណត្រីឱ្យវាសម្បូរឡើងវិញនោះ យើងត្រូវរួមគ្នាចាំបាច់បំផុត ថែរក្សាចូលរួមសហការការពារពូជត្រីទឹកសាបធម្មជាតិឱ្យបានល្អ។ ចូលរួមទប់ស្កាត់រាល់បទល្មើសកុំឱ្យកើតមានឡើងនិងសហការជាមួយឆ្មាំការពារ នៅក្នុងតំបន់អភិរក្ស មិនត្រូវប្រព្រឹត្តបទល្មើស ដោយប្រើឧបករណ៍ខុសច្បាប់តទៅទៀតទេ។

សូមបញ្ជាក់ថា កូនត្រីមេពូជទាំង១២ប្រភេទ ដែលលែងចូលក្នុងទឹកធម្មជាតិ រួមមាន ៖ ត្រីមេពូជ១០០គីឡូក្រាម (មានត្រីឆ្ពិន ត្រីក្រុះ ត្រីច្រកែង ត្រីកាហែ ត្រីក្រឡង់ ត្រីក្អែក ត្រីព្រួល ត្រីកំពូលបាយ ត្រីរៀល ត្រីឆ្លាំង ត្រីពោ និងត្រីព្រលូង) ក្រៅពីនោះ មានកូនត្រីឆ្ពិន ៣៥០០០ ក្បាល និងកូនត្រីប្រា ៣៥០០០ក្បាល សរុប៧ម៉ឺនក្បាល។

ឆ្លៀតឱកាសនោះដែរ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម, លោកស្រី សម វិចិត្រនាយខណ្ឌរដ្ឋបាលជលផល បានចុះសួរសុខទុក្ខដល់ក្រុមអភិរក្សនៅតំបន់អាងទឹកវារីអគ្គិសនីសេសានក្រោម២ និងបានលើកទឹកចិត្តដល់ក្រុមការងារ ដោយផ្ដល់ជាថវិកា គ្រឿងឧបភោគ បរិភោគរួមមាន ៖ មីចំនួន៥កេស, ទឹកក្រូច៤កេស, ស្ករ, អំបិល, ប៊ីចេង, អាវពោងចំនួន៦ និងសាំង៦០លីត្រផងដែរ៕





























ចែករំលែកព័តមាននេះ