ក្រោយហេតុការណ៍ធ្វើឃាតបេក្ខជនប្រធានាធិបតីម្នាក់នៅប្រទេសអេក្វាឌ័រ, សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៦នាក់។ ពួកគេជាជនជាតិកូឡុំប៊ី និងជាក្រុមអ្នកលេង។ សមត្ថកិច្ចធ្វើការយ៉ាងក្ដៅគគុកតបតាមការទាមទារពីអតីតអនុប្រធានាធិបតីម្នាក់របស់ប្រទេសនេះដែលសង្កេតឃើញថាអំពើហិង្សាហាក់ដូចជាផ្ទុះឡើងកាន់តែខ្លាំង។
លោកវីយ៉ាវីសឹនស្យូ (Villavicencio) ដែលត្រូវគេធ្វើឃាតនោះ ជាមនុស្សដែលប្រឆាំងនឹងអំពើពុករលួយ និងជាសមាជិកសភាដែលនិយាយវាយប្រហារដោយឥតសំចៃមាត់ចំពោះករណីហិង្សាបង្កឡើងដោយការជួញដូរគ្រឿងញៀននៅប្រទេសអេក្វាឌ័រ។ លោកត្រូវគេបាញ់សម្លាប់នៅពេលកំពុងចុះបើកយុទ្ធនាការឃោសនានៅរដ្ឋធានីគីតូ (Quito)កាលពីថ្ងៃពុធ។
អំពើឃាតកម្មទៅលើអ្នកនយោបាយវ័យ៥៩ឆ្នាំរូបនេះកើតឡើងត្រឹមតែដប់ថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីជុំទី១។ នៅអំឡុងពេលឃោសនាបោះឆ្នោត, លោកសន្យាបង្ក្រាបបទល្មើស និងអំពើពុករលួយ។ ជនដៃដល់នៅក្នុងអំពើបាញ់ប្រហារនេះបានស្លាប់ហើយនៅពេលគាត់បាញ់តដៃគ្នាជាមួយភ្នាក់ងារសន្តិសុខ។ នេះបើយោងតាមការបញ្ជាក់ពីការិយាល័យអគ្គរដ្ឋអាជ្ញា។ នៅសល់ជនសង្ស័យ៦នាក់ទៀតដែលជាអ្នកសមគំនិតនៅក្នុងរឿងនេះកំពុងជាប់ឃុំ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថាជនទាំង៦នាក់នេះជាសមាជិកក្រុមបងធំ។ ពួកគេសុទ្ធតែជាជនជាតិកូឡុំប៊ី។ ប៉ុន្តែលោកមិនទាន់ដឹងថាជនដៃដល់មានសញ្ជាតិអ្វីពិតប្រាកដទេ។ នៅពេលវាយឆ្មក់ចូលទីតាំងរបស់ពួកគេ, សមត្ថកិច្ចរកឃើញកាំភ្លើងវែង១ដើម, កាំភ្លើងយន្ត១ដើម, កាំភ្លើងខ្លី៤ដើម, គ្រាប់បែក៣គ្រាប់, បង់កាំភ្លើងចំនួន២, ហិបដាក់គ្រាប់កាំភ្លើង៤ហិប, ម៉ូតូ២គ្រឿង និងយានជំនិះ១គ្រឿងដែលពួកគេលួចពីអ្នកដទៃទុកប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរ។
សំណុំរឿងធ្វើឃាតនេះធ្វើឱ្យប្រធានាធិបតីអេក្វាឌ័រស្នើសុំជំនួយពីភ្នាក់ងារអែហ្វប៊ីអាយ (FBI) ដើម្បីបើកការស៊ើបអង្កេត។ ពួកគេនឹងទៅដល់ប្រទេសអេក្វាឌ័រឆាប់ៗនេះ។ លោកបានប្រកាសដាក់ប្រទេសជាតិនៅក្នុងគ្រាអាសន្នរយៈពេល៦០ថ្ងៃ ដើម្បីចល័តកងទ័ពទូទាំងប្រទេស និងកាន់មរណទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃ។ សំណុំរឿងធ្វើឃាតនេះទទួលរងការថ្កោលទោសពីគ្រប់ទិសទី។ ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ, អាមេរិក និងសហភាពអឺរ៉ុបក៏ថ្កោលទោសផងដែរ។
ប្អូនស្រីរបស់ជនរងគ្រោះថ្លែងថាក្រុមគ្រួសាររបស់ខ្លួនកំពុងពិគ្រោះគ្នាដើម្បីសម្រេចថាត្រូវតម្កល់សពរបស់គាត់នៅក្នុងទីធ្លាដែលធំទូលាយជាងនេះ ឬយ៉ាងណា ដើម្បីងាយស្រួលឱ្យអ្នកស្គាល់គ្នា និងអ្នកគាំទ្រអាចចូលទៅគោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ។ បច្ចុប្បន្ននេះ សពជនរងគ្រោះកំពុងតម្កល់នៅឈាបនដ្ឋានមួយកន្លែងនៃទីក្រុងគីតូ។ ប្អូនស្រីរបស់ជនរងគ្រោះទាមទារឱ្យសមត្ថកិច្ចរកយុត្តិធម៌ឱ្យសាច់ញាតិរបស់ខ្លួនផង។ សំណុំរឿងធ្វើឃាតនេះមិនអាចបណ្ដោយឱ្យរួចខ្លួនបានឡើយ៕
ប្រភព៖ CNN
https://edition.cnn.com/2023/08/11/americas/ecuador-villavicencio-assassination-suspects-colombian-intl-hnk/index.html
ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso
ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso
ទិដ្ឋភាពនៅកន្លែងកើតហេតុ
ទិដ្ឋភាពនៅកន្លែងកើតហេតុ


លោកវីយ៉ាវីសឹនស្យូ (Villavicencio) ដែលត្រូវគេធ្វើឃាត
លោកវីយ៉ាវីសឹនស្យូ (Villavicencio) ដែលត្រូវគេធ្វើឃាត
លោកវីយ៉ាវីសឹនស្យូ (Villavicencio) ដែលត្រូវគេធ្វើឃាត
អ្នកស្រី Patricia Villavicencio ប្អូនស្រីរបស់ជនរងគ្រោះដែលត្រូវគេធ្វើឃាត
ចែករំលែកព័តមាននេះ