រាជធានីភ្នំពេញ ៖ ចាងហ្វាងកាសែតសំឡេងអតីតយុទ្ធជនបានស្លាប់ភ្លាមនៅកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូម៉ាកសាន់យ៉ាន់ នៅកែងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ១១០ (ភ្លើងស្តុបបេកាសេ) ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ឧសភា ឆ្នាំ២០១១ ។
សាក្សីនិយាយថា បុរសរងគ្រោះជិះម៉ូតូម៉ាកសាន់យ៉ាន់ពណ៌ស្លាទុំ តាមមហាវិថីសហព័ន្ធរុស្ស៊ី ពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ។ ពេលដល់ចំណុចភ្លើងស្តុបបេកាសេ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈភ្លើងស្តុបឲ្យសញ្ញាពណ៌លឿងបុរសនោះបត់ឆ្វេង ហើយពេលដល់កែងផ្លូវលេខ១១០ ស្រាប់តែរថយន្តម៉ាកត្រាយតុន ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2H-4898 ដែលបើកឆ្ពោះទៅទិសខាងលិចបុក បណ្ដាលឲ្យប៉ើង ហើយធ្លាក់មកលើថ្នល់ និងមានឈាមហូរតាមមាត់និងត្រចៀកដេកស្ដូកស្តឹង។ ភ្លាមៗនោះឃើញអ្នកបើករថយន្តបើកទ្វារចេញមកខាងក្រៅ ហើយជួយដើរកន្លងជនរងគ្រោះ និងមាននគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកនៅទីនោះដែរ ប៉ុន្តែបុរសរងគ្រោះស្លាប់បាត់ទៅហើយ។
នគរបាលឲ្យដឹងថា ជនរងគ្រោះឈ្មោះប៉ាក ទិត្យ អាយុ៣៩ឆ្នាំ ជាចាងហ្វាងកាសែតសំឡេងអតីតយុទ្ធជន រីឯអ្នកបើករថយន្តឈ្មោះស៊ិន វ៉ៃឌ្យា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨៧ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានវាស់វែងនិងបញ្ជូនរថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ដោយឡែកសាកសពត្រូវបានយកទៅតំកល់នៅវត្តទឹកថ្លា ខណ្ឌសែនសុខ។ ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍នេះ គ្មានមន្រ្តីជំនាញណាមួយអះអាងថា ភាគីខាងណាខុស ឬត្រូវទេ៕
ចែករំលែកព័តមាននេះ