ខេត្តកណ្តាល ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ ក្រោយពេលជិះម៉ូតូតាមដងផ្លូវ ហើយត្រូវរថយន្តដឹកអ្នកដំណើរភ្នំពេញ-វៀតណាម បើកវ៉ាជែងគ្មានប្រណីលើផ្លូវជាតិលេខ១ រួចក៏ទៅបុ.កជាមួយម៉ូតូរបស់បុរសរងគ្រោះខ្ទេច បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង៥០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ២០-២១ ស្ថិតនៅចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត១គ្រឿង ម៉ាក HYUNDAI UNIVERSE ពណ៌ស-ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E-7579 ជាប្រភេទរថយន្តដឹកអ្នកដំណើរភ្នំពេញ-វៀតណាម បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដោយធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង ក្នុងទិសដៅពីលិចទៅកើត តាមផ្លូវជាតិលេខ១ ។ លុះពេលបើកមកដល់កន្លែងកើតហេតុ រថយន្តនេះក៏បើកជែងរថយន្តមួយគ្រឿងទៀត រួចក៏ជ្រុលទៅបុ.កជាមួយម៉ូតូម៉ាក HONDA DEREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LF-6540 បើកបរដោយឈ្មោះ ជា កុសល ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់មកក៏បញ្ជូនបន្តទៅមន្ទីរពេទ្យភ្នំពេញ ដោយសាររងរបួសធ្ងន់ធ្ងរពេក។ ចំណែកអ្នកបើកបររថយន្តវិញ បានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចមកដល់កន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានចុះមកធ្វើការវាស់វែង រួចយករថយន្តទៅទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ខណៈសមត្ថកិច្ច បញ្ជាក់ថា ករណីខាងលើនេះ អ្នកបើកបររថយន្ត គឺបើកបរធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងរំលោ.ភចូលចំណែកផ្លូវនៃយានយន្ត ដែលបើកមកពីទិសដៅផ្ទុយគ្នា ៕
ចែករំលែកព័តមាននេះ