ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា មានវ័យត្រឹមអាយុ ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា។ ការលើកឡើងដូច្នេះ ដើម្បីកុំឲ្យស្ថាប័នព្រឹទ្ធសភារបស់យើង សំបូរទៅដោយមនុស្សចាស់។
ក្នុងពិធីសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាល អាណត្តិចាស់ និងរាជរដ្ឋាភិបាល អាណត្តិថ្មី នាល្ងាចថ្ងៃទី១០ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សម្តេចផ្ទាល់ អាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ព្រោះសម្តេច មានវ័យកាន់តែចាស់ហើយ ហើយដើម្បីទុកឱកាសឲ្យយុវជនបន្តវេនរបស់យើង ដឹកនាំបន្ត ពីយើង។
សម្ដេចតេជោ មានប្រសាសន៍បន្តថា បើនិយាយពីការកាន់អំណាច និងដឹកនាំប្រទេសកម្ពុជា រូបសម្តេចផ្ទាល់ បានដឹកនាំ និងគ្រប់គ្រងរយៈពេលជាង ៣៨ឆ្នាំរួចមកហើយ។ ពេលនេះ គឺជាពេលវេលាមួយ ដែលរូបសម្តេច ត្រូវតែលះបង់អំណាចជាងគេ ដើម្បីផ្ដល់ឲ្យយុវជនរបស់យើងដែលជាអ្នកបន្តវេន គឺជាអ្នកដឹកនាំជោគវាសនាអនាគតប្រទេសជាតិ បន្តពីមនុស្សជំនាន់មុន។
សម្តេចតេជោ បន្តថា សម្តេច អាចកាន់អំណាចមួយអាណត្តិ ទៅពីរអាណត្តិទៀតបាន។ ប៉ុន្តែពេលនេះ សម្តេចសូមសម្រេចចិត្ត មិនបន្តកាន់អំណាចតទៅទៀតនោះទេ ដើម្បីផ្តល់ជូនយុវជនរបស់យើង ជាអ្នកដឹកនាំអំណាចបន្តពីសម្តេច។
ដោយចំណាយពេលប្រមាណជិត ១ម៉ោង ដើម្បីថ្លែងសំណេះសំណាលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ ចង់ឃើញគណៈរដ្ឋមន្ត្រីថ្មី ដែលជាយុវជនវ័យក្មេងចេញដំណើរដោយស្វាហាប់ អង់អាចក្លាហាន មានឆន្ទៈពិតប្រាកដ ក្នុងការបម្រើប្រទេសជាតិ បម្រើប្រជាជន និងដឹកនាំសេដ្ឋកិច្ចដ៏រឹងមាំ។
សម្ដេចតេជោ មានប្រសាសន៍បន្តថា យើងនឹងវាស់ស្ទង់មើលលើការចេញដំណើររបស់គណៈរដ្ឋមន្ត្រីថ្មី ដែលជាយុវជនវ័យក្មេង ក្នុងរយៈពេល ១០០ថ្ងៃដំបូង បន្ទាប់ពីការបង្កើតឡើងនូវរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថាតើយុវជនរបស់យើង បានធ្វើសកម្មភាពអ្វីខ្លះ? ដោះស្រាយនូវរាល់បញ្ហាប្រឈមអ្វីខ្លះ? ដែលជាបញ្ហារបស់ប្រទេសជាតិ និងអន្តរជាតិ។
សម្តេចតេជោ បន្តថា នៅពេលដ៏ខ្លីខាងមុខ យើងនឹងរៀបចំនូវព្រឹត្តិការណ៍ជាតិជាច្រើន ដូចជាបុណ្យអ៊ុំទូក បុណ្យឯករាជ្យជាតិ។ ប្រសិនបើយុវជនបន្តវេនរបស់យើង ដឹកនាំ និងដោះស្រាយបានជោគជ័យនោះ ក៏ជាការបង្កនូវភាពជឿជាក់របស់ប្រជាជាតិយើងទាំងមូល។
សម្តេចតេជោ បានស្នើដល់គណៈរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងនាពេលខាងមុខ ត្រូវចុះទៅតាមមូលដ្ឋាន ជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដោះស្រាយការងារជូនប្រជាពលរដ្ឋ ដែលជួបការលំបាក ពិសេសចុះជួបកម្មករកម្មការិនី តាមរោងចក្រសហគ្រាស តាមអ្វីដែលសម្តេចផ្ទាល់ បានសន្យាជាមួយកម្មករ កម្មការិនី នៅមុនពេលបោះឆ្នោតកន្លងទៅ។
សម្តេចតេជោ ក៏បានស្នើដល់រាជរដ្ឋាភិបាលថ្មី ដែលត្រូវតែងតាំង នៅពេលខាង មុខ ត្រូវចូលរួមបង្ក្រាបឲ្យខានតែបាននូវការជួញដូរគ្រឿងញៀន បំផ្លាញដល់ឬសគល់នៃឧក្រិដ្ឋកម្មគ្រឿងញៀន។ ក្នុងនោះ សម្តេចបានស្នើឲ្យមានការធ្វើកែទម្រង់ដល់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឲ្យសង្គមកម្ពុជា គ្មានគ្រឿងញៀន។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើដល់គណៈរដ្ឋមន្ត្រីថ្មី បន្តការយកចិត្តទុកដាក់ចំពោះមន្ត្រីចាស់ៗ តាមរយៈការផ្ដល់ជាទីប្រឹក្សា នៅតាមក្រសួងស្ថាប័នរបស់ខ្លួន។
សម្តេចតេជោ ក៏បានស្នើដល់រាជរដ្ឋាភិបាលថ្មី បន្តយកចិត្តទុកដាក់ដល់ការដោះស្រាយលើរបបសន្តិសុខសង្គម ចំពោះជនងាយរងគ្រោះ ដូចអ្វីដែលរាជរដ្ឋាភិបាលចាស់ បានដោះស្រាយ នាពេលកន្លងមក។
សម្តេចតេជោ មានប្រសាសន៍ថា នៅថ្ងៃទី៩ ទី១០ ខែធ្នូ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដើម្បីបោះឆ្នោតជ្រើសរើសបន្ថែមទៀត នូវសមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងនោះ រួមមានឥស្សរជន ដែលជាយុវជន ក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់យើងផងដែរ៕








ចែករំលែកព័តមាននេះ