ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថិត​ក្នុង​វ័យ​៣៩​ឆ្នាំ​! Iniesta សម្រេច​បន្ត​អាជីព​នៅ​លី​គ​កំពូល​អេ​មី​រ៉ាត​អា​រ៉ាប់​រួម

8 ខែ មុន

អេ​មី​រ៉ាត​អា​រ៉ាប់​រួម ៖ ខ្សែបម្រើ Andres Iniesta បាន​ចុះហត្ថលេខា​ចូលរួម​ជាមួយនឹង​ក្លិប Emirates

អេ​មី​រ៉ាត​អា​រ៉ាប់​រួម ៖ ខ្សែបម្រើ Andres Iniesta បាន​ចុះហត្ថលេខា​ចូលរួម​ជាមួយនឹង​ក្លិប Emirates Club នៃ​លី​គ​កំពូល​របស់​អេ​មី​រ៉ាត​អា​រ៉ាប់​រួម UAE Pro League បន្ទាប់​ពី​សម្រេចចិត្ត​ចាក​ចេញពី​អាជីព​នៅ​លី​គ​កំពូល​ជប៉ុន J1 League ដែល​ខ្លួន​បាន​ចំណាយពេល​៥​ឆ្នាំ នៅ​ទីនោះ​។

អតីត​កំពូល​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ និង​ក្រុម​អ្នកមាន​បុណ្យ Barcelona វ័យ​៣៩​ឆ្នាំ​រូប​នេះ បាន​ចាក​ចេញពី​ក្លិប Vissel Kobe នៅ​ពាក់កណ្តាល​រដូវ​កាល នៃ​លី​គ​កំពូល​ជប៉ុន កាលពី​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ខ្សែបម្រើ​ពោរពេញ​ដោយ​បទ​ពិសោធន៍​រូប​នេះ បាន​បង្ហាញខ្លួន​សរុប ១៣៤​ប្រកួត និង​ស៊ុត​បញ្ចូល​ទី ២៦​គ្រាប់​គ្រប់​កម្មវិធី​ទាំងអស់ ចាប់​តាំង​ផ្លាស់​ពី​ក្លិប Barcelona មក​ចូលរួម​ជាមួយនឹង Vissel Kobe កាលពី​ឆ្នាំ ២០១៨ ដោយ​បាន​ឈ្នះ​ពានរង្វាន់​ក្នុងស្រុក Emperor’s Cup ក្នុង​ឆ្នាំ ២០១៩ និង Japanese Super Cup ក្នុង​ឆ្នាំ ២០២០​។

ក្រុម Emirates Club ដែល​ទើបតែ​ឡើង​មក​ពី​លី​គ​លំដាប់​ទី​២ មក​កាន់​លី​គ​កំពូល​របស់​អេ​មី​រ៉ាត​អា​រ៉ាប់​រួម កាលពី​រដូវ​កាល​មុន បាន​បង្ហោះ​សារ​ស្វាគមន៍ Andres Iniesta នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្លូវការ​របស់​ខ្លួន​។ ខ្សែបម្រើ Iniesta ដែល​បាន​ចុះ​កុងត្រា​រយៈពេល​១​ឆ្នាំ និង​ពាក់អាវ​លេខ ៨ ជាមួយនឹង​ក្លិប​ថ្មី​របស់​ខ្លួន ខណៈ​ដែល​ការ​ប្រកួត​លី​គ​កំពូល​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​រដូវ​កាល ២០២៣-២៤ នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាប់ពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៣ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៣​។

គួរ​រំលឹក​ថា សករាជ​មាស​របស់​ខ្សែបម្រើ Andres Iniesta គឺ​នៅ​ពេល​កីឡាករ​រូប​នេះ ប្រកប​អាជីព​ជាមួយនឹង​ក្រុម​អ្នកមាន​បុណ្យ Barcelona អំឡុង​ឆ្នាំ ២០០៣ ដល់ ឆ្នាំ​២០១៨ ដោយ​បាន​បង្ហាញខ្លួន​សរុប ៦៧៤​ប្រកួត និង​ស៊ុ​ង​បញ្ចូល​ទី​៥៧​គ្រាប់ ដោយ​បាន​ឈ្នះ​ពានរង្វាន់​យ៉ាងច្រើន​ពោល​រួម​មាន ៖ La Liga ៩​ដង Copa del Rey ៦​ដង Spanish Super Cup ៦​ដង UEFA Champions League ៤​ដង UEFA Super Cup ២​ដង និង FIFA Club World Cup ៣​ដង​។

ដោយឡែក​ជាមួយ​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ Iniesta ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ឈុត​ធំ នៅ​ឆ្នាំ ២០០៦ ដោយ​បង្ហាញខ្លួន​សរុប ១៣១ និង​ស៊ុត​បញ្ចូល​ទី ១៣​គ្រាប់ ដោយ​បាន​ឈ្នះ​ពានរង្វាន់ FIFA World Cup នៅ​ឆ្នាំ ២០១០ និង Euro នៅ​ឆ្នាំ ២០០៨ និង ២០១២ មុន​ពេល​ចូល​និវត្តន៍​ពី​ជម្រើសជាតិ នៅ​ក្នុង​ឆ្នាំ ២០១៨៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ