ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អប្សរា កំពុង​បន្តការងារ​ជួសជុល​តួ​ប៉ម​ខាងជើង នៃ​ប្រាសាទត្រពាំង​ល្ពៅ

1 ឆ្នាំ មុន
  • សៀមរាប

មន្ត្រី​ជំនាញ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា កំពុងធ្វើការ​ជួសជុល​តួ​ប៉ម​ខាងជើង នៃ​ប្រាសាទត្រពាំង​ល្ពៅ បន្ទាប់​ពី​បាន​ធ្វើ​ការងារ​ជួសជុល​តួ​ប៉ម​ផ្នែក​ខាងត្បូង

ខេត្តសៀមរាប ៖ មន្ត្រី​ជំនាញ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា កំពុងធ្វើការ​ជួសជុល​តួ​ប៉ម​ខាងជើង នៃ​ប្រាសាទត្រពាំង​ល្ពៅ បន្ទាប់​ពី​បាន​ធ្វើ​ការងារ​ជួសជុល​តួ​ប៉ម​ផ្នែក​ខាងត្បូង កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ និង​បញ្ចប់​ការ​ជួសជុល​ក្នុង​ខែមីនា ឆ្នាំ​២០២៣ កន្លង​ទៅ​។

បើ​តាម​លោកស្រី ឈុ​ន រតនា មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ប្រាសាទត្រពាំង​ល្ពៅ មាន​តួ​ប៉ម​ចំនួន​៣ ដែល​នៅ​ឈរ​មាន​រូបរាង ដូច្នេះ​ក្រុម​អ្នកជំនាញ​បាន​ចំណាយ​ពេលវេលា​ប្រមាណ​៥​ខែ ដើម្បី​ជួសជុល តួ​ប៉ម ផ្នែក​ខាងត្បូង​រួចរាល់​។ បន្ទាប់​មក​ក្នុង​ខែមេសា ឆ្នាំ​២០២៣ ក៏​បន្តការងារ​ជួសជុល​តួ​ប៉ម​ផ្នែក​ខាងជើង​វិញ​ម្តង ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​ប្រាសាទ​ឱ្យ​រឹង​មាំ​ឡើង​វិញ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា រចនាសម្ព័ន្ធ​នៃ​ប្រាសាទ​បាន​បែកបាក់ ហែក​ចេញពី​គ្នា ស្ទើរតែ​មិន​សល់​រូបរាង​ដើម ដោយសារ​កត្តា​ជា​ច្រើន​។

ក្នុង​ដំណើរការ​ជួសជុល​ប្រាសាទ​ឥដ្ឋ​មួយ​នេះ អ្នកជំនាញ​បាន​ចាប់ផ្តើម​ធ្វើការ​សិក្សា​សម្រង់​ប្លង់​នៃ​ប្រាសាទ និង​ធ្វើការ​ពង្រឹង​ខឿន​ជញ្ជាំង ឱ្យ​មាន​លំនឹង ទប់ស្កាត់​ការ​រលុះ​ធ្លាក់ ធ្វើ​ឱ្យ​បាត់បង់​រូបរាង​ដើម​របស់​ប្រាសាទ​។ បន្ទាប់​មក ធ្វើការ​សម្អាត បិទ​បាយអ ភ្ជាប់​តាម​ស្រទាប់​រហែក ដើម្បី​ការពារ​ជ្រាប​ទឹក ធ្វើ​យ៉ាងណា​ឱ្យ​តួ​ប៉ម​នៃ​ប្រាសាទ​នេះ មាន​ភាពរឹងមាំ​ឡើង​វិញ​។

លោកស្រី ឈុ​ន រតនា អ្នកជំនាញ​ជួសជុល​ប្រាសាទត្រពាំង​ល្ពៅ បញ្ជាក់​ទៀត​ថា មក​ដល់​ដើមខែ​សីហា ឆ្នាំ​២០២៣​នេះ ដំណើរការ​ជួសជុល​សម្រេច​បាន​លទ្ធផល​ប្រមាណ​៧០​ភាគរយ​ហើយ​។ ដោយ​គ្រោង​នឹង​បញ្ចប់​គម្រោង​ជួសជុល​នា​ចុងឆ្នាំ​២០២៣ ខាង​មុខ​នេះ​។ បន្ទាប់​មក​នឹង​ចាប់ផ្តើម​ការងារ​ជួសជុល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ ត្រពាំង​ល្ពៅ​នេះ​ជា​បន្ត​ទៀត​។

ក្រោយ​ការងារ​ជួសជុល​រួចរាល់ អ្នកជំនាញ​រំពឹង​ថា តួ​ប៉ម នៃ​ប្រាសាទត្រពាំង​ល្ពៅ នឹង​ឈរ​រឹង​មាំ​យូរអង្វែង​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត ដើម្បី​ជា​កេរ្តិ៍​ដំណែល​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​សិក្សា​ស្វែង​យល់​។

សូម​ជម្រាប​ថា ប្រាសាទត្រពាំង​ល្ពៅ (​ឯកសារ​មុន​ៗ​ហៅ​ថា ប្រាសាទត្រពាំងរ​ពៅ​) គឺជា​ប្រាសាទ​ឥដ្ឋ​មួយ មាន​ប្រាង្គ​ចំនួន​៣ បែរ​ទៅ​ទិស​ខាងកើត ហើយ​នៅ​ទិសអាគ្នេយ៍ មាន​ស្នាម​ឥដ្ឋ​រៀប​ជា​បន្ទប់ ដែល​ប្រហែលជា​ត្រូវ​នឹង​គេ​សព្វថ្ងៃ​ហៅ​ថា «​ហោត្រៃ​» ត្រូវ​បាន​កសាង​ឡើង​ប្រហែល​ឆ្នាំ​៩៤៤-៩៦៨ ក្នុង​សតវត្ស​ទី​១០ ក្នុង​រាជ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ