ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ក្លាយជា​ក្រុម Top Favorite ក្នុង​ការ​ឈ្នះ​ជើងឯក World Cup នារី​ឆ្នាំ​នេះ

8 ខែ មុន

នូ​វែ​ល​ហ្សេ​ឡង់​-​អូស្ត្រាលី ៖ ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup នារី​ឆ្នាំ ២០២៣ បាន​ឈាន​ដល់​វគ្គ​៨​

នូ​វែ​ល​ហ្សេ​ឡង់​-​អូស្ត្រាលី ៖ ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup នារី​ឆ្នាំ ២០២៣ បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ដោយ​៦​ក្រុម​ក្នុង​ចំណោម​៨​ក្រុម​ចុង​ក្រោយ​រួម​មាន ជប៉ុន ស៊ុ​យ​អែ​ត អង់គ្លេស បារាំង អូស្ត្រាលី និង​ហូ​ឡង់ ដែល​សុទ្ធតែ​ធ្លាប់​បាន​ឈាន​ដល់​វគ្គ​នេះ កាលពី​ព្រឹត្តិការណ៍​មុន​ៗ លើកលែងតែ អេ​ស្ប៉ា​ញ និង​កូ​ឡុំ​ប៊ី ប៉ុណ្ណោះ ដែល​ឈាន​ដល់​វគ្គ​នេះ​ជា​លើក​ដំបូង​។ ប៉ុន្តែ​ទោះ​យ៉ាងណា នៅ​ក្នុង​ចំណោម​៦​ក្រុម​ខាងលើ មាន​តែ​ជប៉ុន​មួយ​គត់ ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ម្តង កាលពី​ឆ្នាំ ២០១១ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​។

រហូត​មក​ទល់​ពេល​នេះ ជប៉ុន គឺជា​ក្រុម Top Favorite ដែល​អ្នកវិភាគ និង​អតីត​កីឡាការិនី​បាល់ទាត់​ជា​ច្រើន​នាក់ បាន​ព្យាករណ៍​ថា មាន​ភាគរយ​ខ្ពស់​ជាងគេ​ក្នុង​ការ​ឈ្នះ​តំណែង​ជើងឯក​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ក្រុម​ចំនួន​៤​ក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​៨​របស់​ពិភពលោក គ្មាន​វត្ត​មាននៅ​វគ្គ​នេះ​ទេ​។

អា​ល្លឺ​ម៉​ង់ ក្រុម​លេខ​២ កា​ណា​ដា ក្រុម​លេខ​៧ និង​ប្រេ​ស៊ី​ល ក្រុម​លេខ​៨ សុទ្ធតែ​ហាលអាវ​ត្រឹម​វគ្គ​ចែក​ពូ​ល ខណៈ​ដែល​ក្រុម​ការពារ​តំណែង​ជើងឯក សហរដ្ឋអាមេរិក ដែល​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​១​ពិភពលោក ហាលអាវ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់​ស៊ុ​យ​អែ​ត ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​។

ក្រុម​នារី​ជប៉ុន ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១១​ពិភពលោក ត្រូវ​បាន​គេ​ចាត់ទុកជា​ក្រុម​មាន​បច្ចេកទេស​ខ្ពស់​បំផុត នៅ​ក្នុង​ការ​ប្រកួត​នេះ ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាងគេ​ចំនួន​១៤​គ្រាប់ របូត​តែ​១​គ្រាប់​ប៉ុណ្ណោះ នៅ​ក្នុង​៤​ប្រកួត ដែល​ពួក​គេ​ឈ្នះ​ទាំងអស់​កន្លង​មក ។ រហូត​មក​ទល់​ពេល​នេះ កីឡាការិនី​ជប៉ុន Hinata Miyazawa កំពុង​ឈរ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ គិត​ត្រឹម​បញ្ចប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយ​រកបាន​៥​គ្រាប់​។

ជប៉ុន បាន​ទម្លាក់​ន័​រ​វែ​ស នៅ​វគ្គ​១៦​ក្រុម ក្រោយ​យកឈ្នះ​លទ្ធផល ៣-១ ដើម្បី​បន្ត​ឡើង​មក​ប៉ះ​ស៊ុ​យ​អែ​ត នៅ​វគ្គ​៨​ក្រុម បន្ទាប់​ពី​បាន​ផ្តួល​សហរដ្ឋអាមេរិក ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៥-៤ ក្រោយ​បញ្ចប់​១២០​នាទី គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា​។

៤​ប្រកួត​ឈ្នះ​ទាំងអស់​កន្លង​មក​របស់​ក្រុម​នារី​ជប៉ុន រួម​មាន ៖
-២២/០៧/២០២៣ ហ្សាំ​ប៊ី ០-៥ ជប៉ុន (​វគ្គ​ចែក​ពូ​ល​)
-២៦/០៧/២០២៣ ជប៉ុន ២-០ កូ​ស្តា​រី​កា (​វគ្គ​ចែក​ពូ​ល​)
-៣១/០៧/២០២៣ ជប៉ុន ៤-០ អេ​ស្ប៉ា​ញ (​វគ្គ​ចែក​ពូ​ល​)
-០៥/០៨/២០២៣ ជប៉ុន ៣-១ ន័​រ​វែ​ស (​វគ្គ​១៦​ក្រុម​)

កាលវិភាគ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ ៖
-១១/០៨/២០២៣ អេ​ស្ប៉ា​ញ ប៉ះ ហូ​ឡង់ ម៉ោង ០៨:០០​នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​)
-១១/០៨/២០២៣ ជប៉ុន ប៉ះ ស៊ុ​យ​អែ​ត ម៉ោង ០២:៣០​នាទី​រសៀល
-១២/០៨/២០២៣ ម្ចាស់ផ្ទះ​អូស្ត្រាលី ប៉ះ បារាំង ម៉ោង ០២:០០​នាទី​រសៀល
-១២/០៨/២០២៣ អង់គ្លេស ប៉ះ កូ​ឡុំ​ប៊ី ម៉ោង ០៥:៣០​នាទី​រសៀល​៕ (​ប្រភព​ពី LA Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ