ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ឆ្លង​ដែន កំពុង​បំផ្លាញ​ផ្លូវ​ធ្វើ​ឱ្យ​ក្រហេងក្រហូង លិច​ទឹក​ពិបាកធ្វើ​ដំណើរ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ស្វាយរៀង

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា បាន​នាំ​គ្នា​ត្អូញត្អែរ​រឿង​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ កំពុង​តែ​បំផ្លាញ​ផ្លូវ​នា​រដូវវស្សា​នេះ​។ ហើយ​ការ​ត្អូញត្អែរ​នេះ​ដែរ

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា បាន​នាំ​គ្នា​ត្អូញត្អែរ​រឿង​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ កំពុង​តែ​បំផ្លាញ​ផ្លូវ​នា​រដូវវស្សា​នេះ​។ ហើយ​ការ​ត្អូញត្អែរ​នេះ​ដែរ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា​។

បើ​ប្រភព​ពី​សមត្ថកិច្ច​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ករណី​ឈ្មួញ​ដឹក​ទំនិញ​តាម​រថយន្ត​ធុន​ធំ ប្រភេទ​វ៉េ​អង បង្ក​ឲ្យ​ស្រុត​ខូច​ផ្លូវ​នេះ បាន​កើតឡើង​រយៈពេល​ជិត​១​ខែ​មក​ហើយ គឺ​ចាប់ពី​ចុងខែ​កក្កដា ឆ្នាំ​២០២៣ រហូត​មក​ដល់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៣​នេះ គឺ​ឈ្មួញ​សម្រុក​ដឹក​ទំនិញ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​គោក​តែ​ក ស្ថិត​ក្នុងភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា​។

ប្រភព​ដដែល​បន្ត​ថា ហើយ​រថយន្ត​ដឹក​ទំនិញ​ធ្វើ​ចរាចរណ៍​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ ចាប់ពី​៧​គ្រឿង​ទៅ​១០​គ្រឿង និង​ដឹក​ទំនិញ​ភាគច្រើន​រួម​មាន ស្ករ​.​ស និង​គ្រឿង​អេ​ឡិ​ក​ត្រូ​និក​ជាដើម​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រុម​ឈ្មួញ​បាន​ដឹក​ទំនិញ​ទាំង​អស់នោះ​ទៅ​ដាក់​នៅ​ជិត​ប៉ុស្តិ៍​ច្រករបៀង​គោ​តែ​ក រួច​ផ្ទេរ​បន្ត​ដាក់​ក្នុង​ទូក​តឹក​យ៉ាង ដើម្បី​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ដូច​គេ​ហែ​កឋិន​អ៊ីចឹង ដោយ​មិនដឹង​ថា តើ​ទំនិញ​ទាំងនោះ គឺជា​ទំនិញគេចពន្ធ ឬ​បាន​បង់ពន្ធ​ចូល​រដ្ឋ​ដែរ​នោះ​ទេ?​។ ហើយ​សមត្ថកិច្ច​ប្រចាំការ​ច្រករបៀង​គោក​តែ​ក ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​យើង​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ យ៉​ន សុផល នាយ​នគ​បាល​វរៈ​ការពារ​ព្រះ​ដែន​លេខ​៦០៩ បាន​ឆ្លើយ​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៨ ខែសីហា នេះ​ថា សូម​ទំនាក់ទំនង​ទៅ​លោកស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង ទើប​អាច​បំភ្លឺ​ជូន​បាន​។

ចំ​ណែ​ល​លោកស្នងការ​រង អូ​ម សំ​អោ ទទួល​ផែន​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង ក៏​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៨ ខែសីហា នេះ​ថា លោក​មិន​បានដឹង​ទេ ក៏​ប៉ុន្តែ​កន្លង​មក គឺ​មាន​ឈ្មួញ​ដឹក​ទំនិញ​ស្ករ​.​ស និង​គ្រឿង​អេ​ឡិ​ក​ត្រូ​និ​ច​គ្រឿង​ជជុះ ដូច​ជា​អេ​ត​ចាយ​ម្តងម្កាល មិន​រាល់ថ្ងៃ​ទេ​។ ហើយ​ទំនិញ​គ្រឿង​អេ​ឡិច​ត្តូ​និ​ច​ជជុះ​ទាំងនោះ គឺ​ខាង​មន្ត្រី​គយ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដែរ ក៏​ប៉ុន្តែ​ពុំ​ឃើញ​បង់ពន្ធ​ទេ ទំនងជា​ទំនិញ​គ្រឿង​ជជុះ អេ​ត​ចាយ ហើយ​វៀតណាម​គេ​មិន​ទិញ ទើប​ឈ្មួញ​ទម្លាក់​ពីលើ​រថយន្ត​គរ​ទុក​ចោល​នៅ​ជិត​ប៉ុស្តិ៍ ហើយ​បើករថយន្ត​ចេញ​មក​វិញ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ មហាជន​បាន​លើក​ឡើង​ថា រថយន្ត​ទម្លាក់​ទំនិញ​នៅ​ជិត​ប៉ុស្តិ៍​នគរ​បាល​វរៈ​ការពារ​ព្រំដែន​ច្រករបៀង​គោក​តែ​ក​នោះ ហើយ​ពេល​យប់​ទើប​លើក​ទំនិញ​ដាក់​លើ​ទូក​វៀត​ណាម រួច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​។

បើ​ប្រជាពលរដ្ឋ​វិញ ក៏​បាន​លើក​ឡើង​ដែរ​ថា ពួក​គាត់​មិន​ខ្វល់​រឿង​ឈ្មួញ​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​អី​នោះ​ទេ ពួក​គាត់​សូម​អំពាវនាវ​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​មក​ពិនិត្យ​ដោះស្រាយ​រឿង​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស ដែល​កំពុង​តែ​បំផ្លាញ​ផ្លូវ ធ្វើ​ឱ្យ​ស្រុត​ខូច​ក្រហេងក្រហូង លិច​ទឹក​ពិបាកធ្វើ​ដំណើរ សូម​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ