ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

តើ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ទើបត្រូវ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី ដោយ​ព្រះមហាក្សត្រ​នោះ នឹង​ក្លាយជា​បុរស​ខ្លាំង​ដូច​ឪពុក​របស់​លោក​ដែរ​ឬទេ? នេះ​ជា​សំណួរ​មួយ​ទាក់ទាញ​ការ​ចាប់អារម្មណ៍ ខណៈ​ពេល​ដែល​កម្ពុជា សម្រេច​ផ្តល់​ឱកាស​អោយ​មនុស្ស​ជំនាន់​ថ្មី ឬ

តើ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ទើបត្រូវ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី ដោយ​ព្រះមហាក្សត្រ​នោះ នឹង​ក្លាយជា​បុរស​ខ្លាំង​ដូច​ឪពុក​របស់​លោក​ដែរ​ឬទេ? នេះ​ជា​សំណួរ​មួយ​ទាក់ទាញ​ការ​ចាប់អារម្មណ៍ ខណៈ​ពេល​ដែល​កម្ពុជា សម្រេច​ផ្តល់​ឱកាស​អោយ​មនុស្ស​ជំនាន់​ថ្មី ឬ​ឈា​.​ម​ស្រស់​ចូល​ដឹកនាំ​ប្រទេស​។

តាម​ការ​រំពឹង​ទុក លោក​នឹង​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ថ្មី ចាប់ពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ ខាង មុខ​នេះ​តទៅ បន្ទាប់​ពី​សភា​ដែល​មាន​១២៥ អាសនៈ បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​។

ប្រទេស​កម្ពុជា នឹង​មិន​ត្រឹមតែ​មាន​នាយក​រដ្ឋមន្ត្រី​វ័យក្មេង​ទេ ប៉ុន្តែ​ក៏​មាន​រដ្ឋមន្ត្រី​ភាគច្រើន ជា​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ​។ ដូច្នេះ ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​គណៈរដ្ឋមន្ត្រី​វ័យក្មេង​របស់​លោក ទាក់ទាញ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង បន្ទាប់​ពី​ឪពុករ​ស់លោក គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លាលែង​ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​កាន់​តួនាទី​នេះ​អស់​រយៈពេល​ជិន​បួន​ទស្សវត្សរ៍។

សម្តេច​តេ​ជោ ដែល​ជា​និមិត្តរូប​នៃ​សន្តិភាព ការ​បង្រួប​បង្រួប​ជាតិ និង​ការ​អភិវឌ្ឍន៍ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បុរស​ខ្លាំង​របស់​កម្ពុជា​។

ដូច្នេះ​ចាប់ពី​ពេល​ចុងខែ​សីហា​ទៅ ក្រសែភ្នែក​ជាតិ និង​អន្តរជាតិ​នឹង​តាមដាន​យ៉ាង​យកចិត្តទុក​ដាក់​ចំពោះ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ដើម្បី​ដឹង​ថា តើ​លោក​នឹង​ខ្លាំង​ដូច​ជា​ឪពុក​របស់​លោក​ដែរ​ឬទេ?

លោក ហ៊ុន ម៉ា​ណែ​ត បាន​ប្តេជ្ញា​ថា លោក​នឹង​ធ្វើ​អោយ​កម្ពុជា​បន្ត​មាន​សន្តិភាព មាន​ស្ថេ​រ​ភាព​សង្គម មានការ​រីក​ចម្រើន​សេដ្ឋកិច្ច ហើយ​ប្រជាជន​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា តាម​ព្រះរាជ​ក្រិ​ត្យ​មួយ​ដែល​ឡាយ​ព្រ​ហស្ត​លេខា ដោយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ។ ភ្លាម​ៗ បន្ទាប់​នោះ លោក​ក៏​បាន​ធ្វើ​លិខិត​មួយ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សម្តែង​ការ​ដឹក​គុណ និង​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​អោយ​មាន​សន្តិភាព ស្ថិរភាព និង​ការ​រីក​ចម្រើន​ទៅ​មុខ​ទៀត​។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែសីហា ថ្វាយ​ព្រះមហាក្សត្រ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​កូនប្រុស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​និយាយ​ថា «​ទូលព្រះបង្គំជាខ្ញុំ រួម​ជាមួយ​ឥស្សរជន​ទាំងអស់​ក្នុង​រាជរដ្ឋា​ភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា សូម​ប្តេជ្ញា​ខិតខំ​បំពេញបេសកកម្ម​ជាតិ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ ប្រកបដោយ​វីរភាព​, សេចក្តី​ស្មោះត្រង់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា ពិសេស​ការ​បន្ត​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​, ការ​ធានា​ការពារ​ជា​ដាច់ខាត់​នូវ​រាជបល្ល័ង្ក និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​, ការ​បន្ត​ធានា​ការពារ​ឱ្យ​បាន​ដាច់ខាត​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម​ជាតិ​, ការ​បន្ត​ជំរុញ ការ​អភិ​វឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​ជឿនលឿន និង​ការ​បន្ត​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ការ​បន្ត​លើក​ស្ទួយ​កិត្យានុភាព ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​»​។

ដោយ​ផ្អែក​លើ​ខ្លឹមសារ​នៃ​លិខិត​នេះ លោក ហ៊ុន ម៉ា​ណែ​ត ផ្តល់​ក្តី​សង្ឃឹម​មួយ​ដល់​ប្រជាជន​កម្ពុជា ថា លោក​នឹង​ក្លាយជា​មេដឹកនាំ​ដ៏​ល្អ​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា​។ លោក​ប្តេជ្ញា​ការពារ​សន្តិភាព ធ្វើការ​អភិ​ឌ្ឍ​ប្រទេស និង​ពិសេស​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​នឹង​កាន់តែ​មាន​ជីវភាព​ខ្ពង់ខ្ពស់ ដូច​បណ្តា​ប្រទេស​ជឿនលឿន​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អោយ​កាន់តែ​រីក​ចម្រើន នៅ​ក្នុង ដំណាក់កាល​នេះ នឹង​ក្លាយជា​ការ​លំបាក​សម្រាប់​រូប​លោក និង​គណៈរដ្ឋមន្ត្រី​របស់​លោក ដោយ​ទាមទារ​អោយ​មាន​កិច្ច​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា និង​ប្រាកដប្រជា​ពី​គណៈរដ្ឋមន្ត្រី​ទាំងមូល​របស់​លោក​។

បញ្ហា​កូ​វី​ដ​១៩ និង​សង្គ្រាម រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ព្រមទាំង​ការ​ប្រកួតប្រជែង​គ្នា ដណ្តើម​ឧត្តមភាព​រវាង​អា​មេ​រិ​ក​និង​ចិន បាន​ធ្វើ​អោយ​សេដ្ឋកិច្ច​ពិភពលោក​ដាំ​ក្បាល​ចុះ និង​ប្រឈម​មុខ​នឹង​អនាគត​ដ៏​មិន​ប្រាកដប្រជា​មួយ​។ សេដ្ឋកិច្ច​កម្ពុជា ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​ដូច​ប្រទេស​ភាគច្រើន​នៅ​ក្នុង​ពិភពលោក​ដែរ ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា ចាប់ផ្តើម​មាន​សន្ទុះ​ឡើង​វិញ​ចាប់ពី​ឆ្នាំ​២០២២​ក្តី​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ កម្ពុជា​បាន​ក្រោក​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស កាលពី​ឆ្នាំ​២០២២ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជា​៥,២​ភាគរយ​។ នេះ​បើ​តាម​ធនាគារពិភពលោក​។

ធនាគារពិភពលោក ថែម​ទាំង​និយាយ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​កំណើន​ប្រមាណ​ជា​៥,៥​ភាគរយ នៅ​ឆ្នាំ​២០២៣​។ ប៉ុន្តែ​ធនាគារពិភពលោក​បាន​ទាក់ទាញ​ការ​យកចិត្តទុកដាក់​ថា ដើម្បី​អោយ​កម្ពុជា​បន្ត ស្ថិត​លើ​ផ្លូវ​នៃ​ការ​រីក​ចម្រើន​ឡើង​វិញ ចេញពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក នោះ កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើការ​ពង្រីក​វិស័យ​ទេសចរណ៍​របស់​ខ្លួន ហើយ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​តាម​រយៈ​ការ​លើកកម្ពស់ ភាព​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​។

ជាមួយ​គ្នា​នោះ កម្ពុជា​ក៏​ត្រូវ​ពង្រឹង​ផង​ដែរ វិស័យ​កសិកម្ម វិស័យ​សំណង់ និង​វិស័យ​សុខាភិបាល ព្រមទាំង​វិស័យ​មួយ​ចំនួន​ទៀត​ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​។

តាម​រយៈ​ការ​សិក្សា​ដ៏​ជ្រៅ​ជ្រៅ​របស់​លោក និង​ការងារ​ដ៏​មត់​ចត់​របស់​លោក គួប​ផ្សំ​ការ​យល់​ដឹង​ពី​ភាព​​ជា​អ្នកដឹកនាំ​ពី​ឪពុក​របស់​លោក យើង​រំពឹង​ថា លោក ហ៊ុន ម៉ា​ណែ​ត នឹង​ពុះពារ​រាល់​ការ​លំបាក ដើម្បី​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា កាន់តែ​រីក​ចម្រើន ហើយ​ប្រជាជន​កាន់តែ​មាន​ជីវភាព​ធូរធា​។

ចំណែក​ប្រជាជន​កម្ពុជា​ទាំងអស់ ក៏​ត្រូវ​តែ​ផ្តល់​ការ​ទុកចិត្ត និង​គាំទ្រ​លោក និង​រដ្ឋាភិបាល​របស់​លោក ដែល​នឹង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែសីហា ដើម្បី​អោយ​លោក និង​សហការី​របស់​លោក​អាច​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា ឆ្លងកាត់​ការ​លំបាក​ទាំងឡាយ ហើយ​កម្ពុជា​កាន់តែ​រីក​លូតលាស់ និង​មានកេរ្ដិ៍ឈ្មោះ​ល្បី​រន្ទឺ​ទាំង​ក្នុង​ប្រទេស និង​ពិភពលោក​។

លោក ហ៊ុន ម៉ា​ណែ​ត​ធ្វើ​ដំណើរ​មក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី ដោយ​របៀប​ណា?

នៅ​ក្នុង​នាម​ជា​បញ្ញវ័ន្ត​វ័យក្មេង លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចាប់ផ្តើម​បម្រើ​ការងារ​ជា​កងទ័ព តាំងពី​ឆ្នាំ​១៩៩៥ ហើយ​ក៏​បាន​បន្ត​ការ​សិក្សា​លើ​ជំនាញ​យោធា​ពីសា​លា​យោធា ដ៏​ល្បី​របស់​ពិភពលោក​នៅ​សហរដ្ឋអាមេរិក គឺ​សាលា «West Point» រហូត​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​១៩៩៩​។ លោក​បណ្ឌិត ក៏​បាន​បន្ត​ការ​សិក្សា​អនុ​បណ្ឌិត ផ្នែក​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ​ញូ​វ​យ៉​ក នា​ឆ្នាំ​២០០២ ហើយ​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ «​ប្រ៊ី​ស្តូ​ល​» នៅ​ចក្រភព​អង់គ្លេស នា​ឆ្នាំ​២០០៨​។

ពាក់ព័ន្ធ​នឹង​ជីវិត​ឯកជន​វិញ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដែល​បាន​បញ្ចប់​សញ្ញាប័ត្រ​បណ្ឌិត​សុខភាព​សាធារណៈ​ពី​ចក្រភព​អង់គ្លេស ដោយ​ទទួល​បាន​បុត្រី​២​រូប និង​បុត្រា​មួយ​រូប​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​លេចធ្លោ​បំផុត​នៅ​ក្នុង​អំឡុង សង្គ្រាម​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០-២០២២​។ សម្រាប់​ការងារ​នយោបាយ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ការ​គាំទ្រ​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បន្តវេន ក្រោយ​ពេល​ដែល​លោក​បាន​ត្រូវ តែងតាំង​ជា​សមាជិក​គណៈ​អចិ​ន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស និង​ជា​ប្រធាន​យុវជន​គណបក្ស នោះ​មិន​រាប់​បញ្ចូល​ស្នាដៃ​នៅ​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​កងទ័ព​នៅ​ក្នុង​តំណែង ដែល​លោក​ទទួលខុស​ត្រូវជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ នោះ​ឡើយ​។

ផ្អែក​តាម​បទ​ពិសោធន៍​ការងារ ការ​អប់រំ ការ​គ្រប់គ្រង​គ្រួសារ និង​ការងារ​ទទួលខុសត្រូវ ចំពោះ កាតព្វ​កិច្ច និង​ភារៈកិច្ច​របស់​ប្រទេស​ជាតិ លោក​បណ្ឌិត នឹង​ជ្រើសរើស​សមាសភាព គណៈ រដ្ឋមន្ត្រី​ថ្មី ដែល​ពោរពេញ​ទៅ​ដោយ​បុគ្គល និង​ឥស្សរជន​វ័យក្មេង និង​មានបទពិសោធន៍​ការងារ ព្រមទាំង​ការ​អប់រំ​ខ្ពស់ ដើម្បី​ធ្វើ​យ៉ាងណា ជួយ​ចូក ជួយ​ចែវ ជួយ​ជម្រុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។

សរុប​មក​វិញ នៅ​ក្នុង​នាម​ជា​បញ្ញវ័ន្ត ដែល​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ក្រៅប្រទេស ហើយ​សុទ្ធតែ​ប្រទេស​​មហាអំណាច​ប​ច្ចឹ​ម​ប្រទេស និង​ទទួល​បាន​បទ​ពិសោធន៍ ក៏​ដូច​ជា​មេរៀន​ជា​ច្រើន​ដែល​ផ្ទេរ​តាម​ដំណើរ​នៃ​សង្គម​នី​យ​កម្ម​របស់​គ្រួសារ ដែល​មាន​ឪពុក​ជា​អ្នក​ដែល​ដឹកនាំ ប្រទេស​រហូត​ដល់​៣៨​ឆ្នាំ ៧​ខែ និង​៨​ថ្ងៃ ។ លោក​បណ្ឌិត​អាច​នឹង​សំយោគ​ចេញ​នូវ​ទស្សនៈ វិស័យ​នយោបាយ និង​ម​គ្គុ​ទេស​ភាព​ថ្មី​មួយ ដែល​សម​ស្រប​នឹង​បរិយាកាស និង​សង្គម ជីវភាព​នៅ​កម្ពុជា ក៏​ដូច​ជា​ចរន្ត​នៃ​សាកល​ភាវូបនីយកម្ម ។

លោក ហ៊ុន ម៉ា​ណែ​ត មេដឹកនាំ​ថ្មី​របស់​កម្ពុជា នឹង​ក្លាយជា​ក្តី​សង្ឃឹម​ថ្មី​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា​៕ ដោយ ៖ ប្រេ​វី​ន និង ហេង ចេស្តា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ