ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Spurs ច្រានចោល​សំណើ​ជាង​១០០​លាន​ដុល្លារ​ពី Bayern សម្រាប់​កំពូលខ្សែ​​ប្រយុទ្ធ Harry Kane

8 ខែ មុន

អង់គ្លេស ៖ ក្លិប​បាល់ទាត់ Tottenham Hotspur បាន​ច្រាន​ចោលការ​ដេញថ្លៃ​ចុង​ក្រោយ​របស់​ក្លិប

អង់គ្លេស ៖ ក្លិប​បាល់ទាត់ Tottenham Hotspur បាន​ច្រាន​ចោលការ​ដេញថ្លៃ​ចុង​ក្រោយ​របស់​ក្លិប Bayern Munich សម្រាប់​កំពូល​ខ្សែប្រយុទ្ធ Harry Kane ដោយ​ការ​បដិសេធ​នេះ ទុក​ឱ្យ​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់​មួយ​នេះ សម្រេចចិត្ត​ថា តើ​ត្រូវ​បន្ត​ការ​ដេញថ្លៃ​ម្តងទៀត ឬ​ស្វែងរក​គោលដៅ​ខ្សែប្រយុទ្ធ​ថ្មី?

យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Guardian របស់​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ថា សំណើ​លើក​ទី​៣ របស់​ក្រុម Bayern សម្រាប់​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ មាន​តម្លៃ ៨៦​លាន​ផោន ដែល​ស្មើនឹង ១១០​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​តែ​មិន​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចុះបញ្ចូល​លោក Daniel Levy ដែល​ជា​ប្រធាន​ក្លិប Spurs សម្រាប់ Kane ដែល​មាន​កិច្ចសន្យា​នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ក្រោយ​។

លោក Thomas Tuchel គ្រូបង្វឹក​ក្រុម Bayern ចង់​ចុះហត្ថលេខា​លើ​កំពូល​ខ្សែប្រយុទ្ធ​អង់គ្លេស​រូប​នេះ ដើម្បី​ជួស​តំណែង​របស់​ខ្សែប្រយុទ្ធ Robert Lewandowski ដែល​បាន​ចូលរួម​ជាមួយ Barcelona កាលពី​រដូវក្តៅ​មុន​។ Bayern បាន​ចង្អុលបង្ហាញ​ថា សំណើ​លើក​ទី​៣ សម្រាប់ Kane គឺជា​សំណើ​ចុង​ក្រោយ​របស់​ខ្លួន ប៉ុន្តែ​ពួក​គេ​នឹង​ធ្វើការ​ពិភាក្សា​ផ្ទៃក្នុង​ថា តើ​ត្រូវ​ព្យាយាម​ដេញថ្លៃ​ម្តងទៀត ឬ​ក៏​អត់?

យ៉ាងណាមិញ Spurs នៅ​តែ​សង្ឃឹមថា Kane នឹង​បន្ត​ស្នាក់​អង់គ្លេស ហើយនឹង​ផ្តល់​ឱ្យ​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លិប​រូប​នេះ នូវ​កិច្ចព្រមព្រៀង​ដែល​ទទួល​បាន​ថ្លៃ​នឿយហត់​ខ្ពស់​ប្រចាំ​លី​គ​កំពូល​អង់គ្លេស​។ ប៉ុន្តែ​ទោះ​យ៉ាងណា មិន​ទាន់​មានការ​បង្ហាញ​ណាមួយ​ដែល​ថា ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ ចង់​បន្ត​កុងត្រា​ថ្មី​នៅឡើយ​នោះ​ទេ ហើយ Spurs ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​របូត​កីឡាករ​រូប​នេះ នៅ​ក្នុង​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន នៅ​រដូវក្តៅ​ក្រោយ​។

ការ​មិន​ចង់​បន្ត​កុងត្រា​ថ្មី​របស់ Harry Kane ជាមួយ Spurs គឺ​ដោយសារ​តែ​កីឡាករ​រូប​នេះ ចង់​លេង​នៅ​ក្នុង​ក្រុម​កំពូល ដែល​មាន​កៅអី​ក្រប​ខណ្ឌ UEFA Champions League រដូវ​កាល​ថ្មី​នេះ ហើយ​ក៏​ដូច​ជា​ស្វែង​ការ​ប្រកួតប្រជែង ដើម្បី​មានឱកាស​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League រដូវ​កាល ២០២៣-២៤ នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤៕ (​ប្រភព​ពី The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ