រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឡោមព័ន្ធចាប់ខ្លួនលោកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន«ពិភពដីមាស» និងកងអង្គរក្ស ចំនួន១៣នាក់ សរុប១៤នាក់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាតុលាការ ក្រោយមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរងគ្រោះ ជិត៥០០គ្រួសារ ។
ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ បានអោយដឹងថា សមត្ថកិច្ចបានចាប់ខ្លួនលោកឧកញ៉ា ហ៊ី គឹមហុង និងក្រុមអង្គរក្សចំនួន១៣នាក់ទៀត ដោយសារតែអង្គរក្សទាំងនេះ ប្រឆាំង និងរារាំងពេលសមត្ថកិច្ចចុះអនុវត្តដីការតុលាការ និងបានប្រើហិង្សាទៅលើសមត្ថកិច្ច រងរបួសជើង ទៀតផង ។ ទោះជាយ៉ាងណា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច មិនបាននាំខ្លួនភរិយារបស់លោកឧកញ៉ា មកស្នងការ នោះទេ ។
គួរបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា៨ព្រឹកថ្ងៃចន្ទនេះ មានប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាជួបប្រមូលផ្តុំ នៅមុខក្រុមហ៊ុន ដើម្បីទាមទារប្រាក់ថ្លៃការទិញដី។ បន្ទាប់មក នៅវេលាម៉ោងប្រមាណជា២រសៀលថ្ងៃដដែលនោះ ប្រជាពលរដ្ឋក៏នាំគ្នាតវ៉ា ដុតកង់ឡាន ហើយត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ។ នៅពេលនោះ កម្លាំងសមត្ថកិច្ច ក៏បានប៉ះទង្កិចគ្នាជាមួយក្រុមអង្គរក្សរបស់ម្ចាស់ក្រុមហ៊ុនពិភពដីមាស រហូតកម្លាំងសមត្ថកិច្ច បង្ខំចិត្តផ្ទុះអាវុធ ដើម្បី គ្រប់គ្រងស្ថានការណ៍ រួចហើយទើបឃាត់ខ្លួនទាំងក្រុមអង្គរក្ស ទាំងនោះ នាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមរម្លឹកឡើងវិញថា ឧត្តមសេនីយ៍ទោម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ធ្លាប់បានចេញលិខិតកោះហៅលោកឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ចេង សង្ហាក់ ដែលឧកញ៉ាទាំង២រូបនេះ គឺជាអគ្គនាយកក្រុមហ៊ុនពិភពដីមាស ត្រូវចូលខ្លួនមកជួបជជែកដោះស្រាយគ្នា ជាមួយប្រជាពលរដ្ឋចំនួន ៤៨៤គ្រួសារ ក្នុងនោះមកពីស្រុកឈូក, ស្រុកដងទង, ស្រុកទឹកឈូ និងស្រុកបន្ទាយមាស នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ប៉ុន្តែលោកឧកញ៉ាទាំង២នាក់ មិនបានចូលខ្លួនមកបំភ្លឺនោះទេ បែរជាចាត់តំណាងម្នាក់ មកជួបប្រជាពលរដ្ឋរងគ្រោះ ទៅវិញ ទាំងដែល មិនអាចដោះស្រាយអ្វីបានទាំងអស់ ។
ប្រជាពលរដ្ឋ ដែលបានចាញ់បោកក្រុមហ៊ុនពិភពដីមាស ម្នាក់ៗអស់រាប់ម៉ឺនដុល្លារ សុទ្ធតែបាននិយាយទាមទារថា ខ្លួនមិនទទួលបានប្រាក់ការពីក្រុមហ៊ុនទេ និងសុំអោយក្រុមហ៊ុនសងប្រាក់ដើមឲ្យគ្រប់ចំនួន មកវិញ ៕
«សមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនឧកញ៉ា អគ្គនាយក្រុមហ៊ុនពិភពដីមាស និងកងអង្គរក្ស»



















ចែករំលែកព័តមាននេះ