ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កើប​ផល​ចំណេញ​យ៉ាង​ក្រាស់ក្រែល​ពី​ការ​ហាមឃាត់​ការ​នាំ​ចេញ​អង្ករ​របស់​ឥណ្ឌា

8 ខែ មុន

ប្រទេស​ថៃ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ នេះ បាន​អះអាង​ថា

ប្រទេស​ថៃ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ នេះ បាន​អះអាង​ថា ប្រទេស​ថៃ​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ហាមឃាត់​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ឥណ្ឌា ហើយ​រដ្ឋាភិបាល​ថៃ គ្មាន​ហេតុផល​ណាមួយ ដើម្បី​បញ្ឈប់​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​នោះ​ទេ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា រដ្ឋាភិបាល​ថៃ នឹង​ធានា​បាន​នូវ​ទិន្នផល​ស្រូវ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​ក្នុងស្រុក និង​ការ​នាំ​ចេញ ហើយ​ក៏​ត្រូវ​ប្រាកដ​ថា តម្លៃ​ក្នុងស្រុក​មិន​ខ្ពស់​ពេក​។ លោក​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​រយៈពេល​៧​ខែ​ដំបូង នៃ​ឆ្នាំ​នេះ ប្រទេស​ថៃ​បាន​នាំ​ចេញ​អង្ករ​ចំនួន ៤.៨​លាន​តោន ដោយ​បន្ថែម​ការ​នាំ​ចេញ​ប្រចាំខែ​មាន​ចំនួន ៧០ ទៅ ៨០​ម៉ឺន​តោន​។

ដោយឡែក លោក Charoen Laothamatas ប្រធាន​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ បាន​លើក​ឡើង​ថា ប្រទេស​ថៃ ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​ទី​២ របស់​ពិភពលោក បន្ទាប់​ពី​ប្រទេស​ឥណ្ឌា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំ​ចេញ​អង្ករ​បាន​ជាង​៨​លាន​តោន នៅ​ឆ្នាំ​នេះ ពោល​គឺ​កើនឡើង​ពី ៧.៧១​លាន​តោន បើ​ធៀប​កាលពី​ឆ្នាំ​មុន​។

ប្រភព​ពាណិជ្ជកម្ម​ចំនួន​២​កាលពី​ស​ប្តា​ហ៍​មុន បាន​ធ្វើការ​ចេញផ្សាយ​ថា ក្រុមហ៊ុននាំចេញ​អង្ករ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ និង​វៀតណាម កំពុង​ចរចា​តម្លៃ​ឡើង​វិញ​លើ​កិច្ចសន្យាលក់​ប្រហែល​កន្លះ​លាន​តោន សម្រាប់​ការ​នាំ​ចេញ​នៅ​ខែសីហា បន្ទាប់​ពី​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ឱ្យ​ទីផ្សារ​ពិភពលោក​ភ្ញាក់ផ្អើល ជាមួយនឹង​ការ​ហាមឃាត់​ការ​នាំ​ចេញ​អង្ក​រស​មិនមែន​បា​ម៉ា​ទី ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​តម្លៃ​ក្នុងស្រុក​។

គិត​រហូត​មក​ទល់​ពេល​នេះ ឥណ្ឌា គឺជា​ប្រទេស​នាំ​ចេញ​អង្ករ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដែល​ស្មើនឹង ៤០% នៃ​ពាណិជ្ជកម្ម​អង្ករ​ពិភពលោក ខណៈ​ដែល​ប្រទេស​ថៃ មាន​ចំណែក​ទីផ្សារ ១៥% និង​វៀតណាម​មាន ១៤% ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក​បាន​ចេញផ្សាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ