ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ថៃ​តែង​តាំង​រដ្ឋ​មន្ត្រី​ការ​បរទេស​ស្ដីទី​ជំនួស​លោក​ផានព្រី

2 អាទិត្យ មុន

ទី​ក្រុង​បាងកក៖ ​ថ្ងៃ​​នេះ នាយក​រដ្ឋ​មន្ត្រី​ថៃ លោ​កសេដ្ឋា​ ថាក់​វិស៊ីន ​ប្រកាស​តែង​តាំង​ដោយ​ឥត​បង្អង់​​យូរ​ត​ទៅ​ទៀត​ទេ​នូវ​តំណែង​រដ្ឋ​មន្ត្រី​ការ​បរទេស​ស្ដី​ទី​​ជំនួស​​លោក​ផាន​ព្រី​ដែល​បាន​ដាក់​ពាក្យ​លា​ឈប់​​​យ៉ាង​តក់​ក្រហល់​ និង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​​។ ការ​លា​លែង​នេះ​ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​រូប​នេះ​ដឹង​ច្បាស់​ថា​នៅ​ក្នុង​សមាស​​ភាព​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ដែល​ទើប​តែ​រុះ​រើ​កាល​ពី​ពេល​ថ្មី​ៗ​នោះ​ រូប​លោក​លែង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ត​ទៅ​ទៀត​ហើយ​។​ ជា​ជំហាន​ដំបូង…

ទី​ក្រុង​បាងកក៖ ​ថ្ងៃ​​នេះ នាយក​រដ្ឋ​មន្ត្រី​ថៃ លោ​កសេដ្ឋា​ ថាក់​វិស៊ីន ​ប្រកាស​តែង​តាំង​ដោយ​ឥត​បង្អង់​​យូរ​ត​ទៅ​ទៀត​ទេ​នូវ​តំណែង​រដ្ឋ​មន្ត្រី​ការ​បរទេស​ស្ដី​ទី​​ជំនួស​​លោក​ផាន​ព្រី​ដែល​បាន​ដាក់​ពាក្យ​លា​ឈប់​​​យ៉ាង​តក់​ក្រហល់​ និង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​​។ ការ​លា​លែង​នេះ​ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​រូប​នេះ​ដឹង​ច្បាស់​ថា​នៅ​ក្នុង​សមាស​​ភាព​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ដែល​ទើប​តែ​រុះ​រើ​កាល​ពី​ពេល​ថ្មី​ៗ​នោះ​ រូប​លោក​លែង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ត​ទៅ​ទៀត​ហើយ​។​

ជា​ជំហាន​ដំបូង លោក​សេដ្ឋា​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ផាន​ព្រី​ដែល​ខិត​ខំ​បំពេញ​ការ​ងារ​កាល​ពី​ពេល​កន្លង​មក​ និង​ដែល​​មាន​ទំនាក់​ទំនង​ល្អ​នៅក្នុង​​រដ្ឋាភិបាល​ចម្រុះ​ចាប់​តាំង​ពីខែ​សីហា ឆ្នាំ​២០២៣​។ លោក​ប្រកាស​តែង​តាំង​​លោក​ភុំ​ថាម វិឆា​យ៉ាឆៃ​ជា​រដ្ឋ​មន្ត្រី​ស្ដី​ទី​នៅ​ក្នុង​សម័យ​អន្តរ​កាល​ មុន​ពេល​ជ្រើស​រើស​រដ្ឋ​មន្ត្រី​ពេញ​សិទ្ធិ​ដើម្បី​បំពេញ​មុខ​តំណែង​នេះ​។

​លោ​កសេដ្ឋា​សោក​ស្ដាយ​ដែល​លោ​កផាន​ព្រី​សម្រេច​ចិត្ត​បោះ​បង់​ចោល​មុខ​តំណែង​ដ៏​សំខាន់​នេះ​ និង​ក៏​អរ​គុណ​លោក​ផង​ដែរ​ដែល​បាន​ចូ​លរួម​ចំណែក​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​កាល​ពី​ពេល​កន្លង​មក​។ លោក​ថ្លែង​ថា​លោក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​ជិត​ស្និទ្ធ​​រយៈ​ពេល​ដប់​ឆ្នាំ​មក​ហើយ​។ ​លោក​ភុំថាម​សព្វ​ថ្ងៃ​នេះ​ក្នុង​នាម​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​​នឹង​កាន់​តំណែង​នេះ​ជា​បណ្ដោះ​អាសន្ន​រហូត​ដល់​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ជ្រើស​រើស​បាន​អ្នក​ជំនួស​តំណែង​លោក​ផាន​ព្រី​។

លោក​សេដ្ឋា​មិន​បាន​ប្រកាស​ថា​តើ​បេក្ខ​ជន​រូប​ណា​​​នឹង​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​ទេ​។ លោក​​​ថា​មាន​តែ​បេក្ខ​ជន​ដែល​មាន​បទ​ពិសោធ​​​ការ​ទូត, នយោបាយ​ និង​ជា​​អ្នក​​ដង្ហែ​តាម​មាគ៌ា​នយោបាយ​របស់​គណ​បក្ស​ភឿ​ថៃ​​ទើប​អាច​​​កាន់​មុខ​តំណែង​នេះបាន​​។ ​សូម​រំលឹក​ថា​លោ​កផាន​ព្រី​នៅ​សុខ​ៗ​ស្រាប់​តែ​ប្រកាស​លាលែង​ពី​​មុខ​តំណែង​ ​និង​ផ្ទេរ​​ភារកិច្ច​​​គ្រប់​យ៉ាង​ដែល​ថ្នាក់​លើ​ប្រគល់​ជូន​លោក​ត្រឡប់​ទៅ​វិញ​​បន្ទាប់​ពី​ដឹង​ថា​តំណែង​ឧប​នាយក​រដ្ឋ​មន្ត្រី​បាន​របូត​ចេញ​ពី​ដៃ​របស់​លោក​បាត់​ទៅ​ហើយ​​​។​

​លោក​​ធ្លាប់​ជា​​រដ្ឋ​មន្ត្រី​ការ​បរទេស​ផង, ​​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ផង និង​ជា​​ប្រធាន​គណៈ​កម្ម​ការ​ពិសេស​របស់​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ខាង​ដោះ​ស្រាយ​បញ្ហា​​​ភូមា​។ លោ​ក​យល់​ថា​ការ​​ដែល​គេ​ដក​ហូត​តំណែង​​​ឧប​នាយក​រដ្ឋ​មន្ត្រីនោះ​មិន​មែន​ដោយ​សារ​លោក​អសមត្ថ​ភាព​ទេ។ ​លោក​បាន​​​លះ​បង់​ច្រើន​ណាស់​នៅ​ក្នុង​​នយោបាយ​ការ​ទូត​ និង​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​។

លោក​បាន​រៀប​រាប់​​សមិទ្ធ​ផល​ដែល​​​សម្រេច​បាន​​​​​កន្លង​មកដូច​ជា​​​​ទី១-ការ​​ទាក់​ទាញ​​វិនិយោគិន​បរទេស​ទៅ​បណ្ដាក់​ទុន​នៅ​ប្រទេស​ថៃ​, ទី២-​​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​ចំពោះ​ជន​ជាតិ​ថៃ​នៅ​បរទេស​, ទី​៣​-​ការ​​ចរ​ចា​ដោយ​ផ្ទាល់​​​ជា​មួយ​ក្រុម​ហាម៉ាស់​ដើម្បី​​ដោះ​លែង​ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​២៣​នាក់​, ទី​៤-​​លោក​ខិត​ខំ​​ជម្លៀស​​ជន​ជាតិ​ថៃ​៨ពាន់​នាក់​ចេញ​ពី​​​អ៊ីស្រាអែល​ និង​ទី​៥-​​​លោក​ខិត​ខំ​ជម្លៀស​ជន​ជាតិ​ថៃ​១​ពាន់​នាក់​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ភូមា​។ នេះ​គ្រាន់​តែ​ជា​សមិទ្ធ​ផល​ត្រួស​ៗ​តែ​ប៉ុណ្ណោះ​។

ក្រៅ​ពីនេះ លោក​​បាន​ចូល​រួម​​​រៀប​ចំ​គោល​នយោបាយ​លើក​លែង​ទិដ្ឋា​ការ​ជា​មួយ​រដ្ឋ​បរទេស​មួយ​ចំនួន​ដើម្បី​ទាក់​ទាញ​អ្នក​ទេស​ចរ​។ លោក​ក៏​ជួយ​ធ្វើ​ឱ្យ​​​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​​ជា​មួយ​​​សមាជិក​អាស៊ាន​, សហ​ភាព​អឺរ៉ុប, ឥណ្ឌា, អាមេរិក និង​ចិន​។​ គេ​មិន​ទាន់​ដឹង​ថា​តើ​ការ​លា​លែង​ពី​តំណែង​នេះ​ដោយ​សារ​គេ​ដក​គាត់​ចេញ​ពី​តំណែង ឬ​ដោយ​សារ​គាត់​អាក់​អន់​ស្រពន់​ចិត្ត​ដែល​មិន​បាន​តំណែង​ឧប​នាយក​រដ្ឋ​មន្ត្រី​? ជា​ទូទៅ​ កាល​ណា​នាយក​រដ្ឋ​មន្ត្រី ឬ​ប្រធានា​ធិបតី​ និង​រដ្ឋ​មន្ត្រី​ដែល​ជា​អ្នក​ក្រោម​ឱវាទ​​ចាប់​ផ្ដើម​ខ្វែង​គំនិត​គ្នា​, ធ្វើ​ការ​មិន​ត្រូវ​គ្នា ឬ​មាន​គោល​នយោបាយ​មិន​ស៊ី​សង្វាក់​គ្នា​ អ្នក​ដែល​ត្រូវ​ដើរ​ចេញ​គឺ​រដ្ឋ​មន្ត្រី​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ