ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ធ្វើ​កសិកម្មជា​សហគមន៍ អាច​មាន​សង្ឃឹមលក់​ផលិតផលទៅ​កាន់​ទីផ្សារ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ កសិករ​ធ្វើ​កសិកម្ម ជា​សហគមន៍ អាច​មាន​សង្ឃឹម ក្នុង​ការ​លក់​ផលិតផល​កសិកម្ម ដែល​ខ្លួន​ប្រមូល​ផល​បាន ទៅ​កាន់​ទីផ្សារ​ក្រោយ​ពី​ក្រសួង​ពិភាក្សា​ពី​សហគមន៍​កសិកម្ម​ទំនើប ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ ៖ កសិករ​ធ្វើ​កសិកម្ម ជា​សហគមន៍ អាច​មាន​សង្ឃឹម ក្នុង​ការ​លក់​ផលិតផល​កសិកម្ម ដែល​ខ្លួន​ប្រមូល​ផល​បាន ទៅ​កាន់​ទីផ្សារ​ក្រោយ​ពី​ក្រសួង​ពិភាក្សា​ពី​សហគមន៍​កសិកម្ម​ទំនើប ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កិច្ចប្រជុំ សហគមន៍​កសិកម្ម​ទំនើប នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ក្នុង​កិច្ចប្រជុំ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា សហគមន៍​កសិកម្ម​ទំនើប គឺ​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​មានការ​ធ្វើ​ផលិតកម្ម​ធំ​រួម ដាក់​ដី និង​ទុន​រួម​គ្នា ដើម្បី​ទទួល​បាន​ផល​ចំណេញ​ទាំងអស់​គ្នា ដោយ​មិន​ប្រកួតប្រជែង​គ្នា​ឡើយ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មានការ​កែ​លម្អ សហគមន៍ នូវ​ចំណុច​ខ្វះខាត​ឱ្យ​មាន​ភាពល្អ​រឹង​មាំ និង​បន្ត​អ្វី ដែល​ជា​ភាព​ខ្លាំង​របស់​ពួក​គាត់ លើ​គ្រប់​អនុ​វិស័យ​ទាំងអស់ ទាំង​កសិកម្ម ព្រៃឈើ ជលផល សត្វ និង​កៅស៊ូ ដែល​អាច​ជួយ​ឱ្យ​សហគមន៍​ប្រែក្លាយ​រូបរាង​ទៅ​ជា​លក្ខណៈ​ក្រុមហ៊ុន​មួយ​ពេញ​លក្ខណៈ ដោយ​ផ្តោត​សំខាន់​លើ​គុណភាព មាន​ទីផ្សារ មាន​តម្លៃបន្ថែម​ខ្ពស់ មាន​ខ្សែ​ច្រវាក់​តម្លៃ​ល្អ ផ្តល់​ផល​ចំណេញ និង​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ពិតប្រាកដ ។

បើ​តាម ឯកឧត្តម​រដ្ឋមន្ត្រី ក្នុង​នាម​ថ្នាក់ដឹកនាំ ត្រូវ​យល់​ឱ្យ​បាន​ច្បាស់​អំពី​គោលនយោបាយ​អាទិភាព​វិស័យ​កសិកម្ម ទើប​អាច​ពន្យល់​ដល់​សហគមន៍​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​។ លើស​ពី​នេះ​ទៀត ក្រុមការងារ ត្រូវ​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ស៊ីជម្រៅ ធ្វើ​យ៉ាងណា​ឱ្យ​កសិករ​ចេះ​ធ្វើការ​រួម​គ្នា សហការ​គ្នា​ល្អ ដើម្បី​ជួយ​ឱ្យ​មានការ​វិនិយោគ​ពិត​រីក​ចម្រើន​ទាំងអស់​គ្នា និង​មិន​មានការ​យល់​ខុស​បន្ត​ទៀត​លើ​រដ្ឋាភិបាល ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា ៖ ” យើង​មិន​លុប​បំបាត់​សហគមន៍​ចាស់​ទេ តែ​យើង​ធ្វើ​លើ​អ្វី​ដែល​មាន​ស្រាប់ ហើយ​ប្រែក្លាយ​មក​ជា​សហគមន៍​កសិកម្ម​ទំនើប ដូច្នេះ​ត្រូវ​ពិនិត្យ និង​ជំរុញ​ឱ្យ​ចេញ​ជា​រូបរាង ដោយ​គិត​ផល​សេដ្ឋកិច្ច​ជា​ធំ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ